ដោយៈ រ៉ាណេត
ភ្នំពេញៈ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានបង្កើតកម្មវិធីបណ្តុះបណ្តាលជំនាញ និងចែករំលែកបទពិសោធន៍ជាក់ស្ដែង ទៅដល់ថ្នាក់ដឹកនាំ ក៏ដូចជាភ្នាក់ងារ ដែលជាសមាជិករបស់សមាគម តាមរយៈកម្មវិធីReal Estate Business Support Program។

-->
កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ម្សិលមិញនេះ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា CVEA បានធ្វើការបណ្តុះបណ្តាលជំនាញ ចំណេះដឹង និងចែករំលែកបទពិសោធន៍ជាក់ស្ដែង នៅក្នុងវិស័យអចលនទ្រព្យទៅដល់បណ្តាក្រុមហ៊ុន និងភ្នាក់ងារដែលជាសមាជិករបស់សមាគម ក្នុងគោលបំណងជំរុញភាពរីកចម្រើន និងជោគជ័យនៅក្នុងមុខជំនួញក្នុងវិស័យនេះរួមគ្នា។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះថា តាមរយៈកម្មវិធី Real Estate Business Support Program មួយនេះបានចូលរួមផ្តល់នូវប្រយោជន៍យ៉ាងច្រើនអ្នកចូលរួមស្ដាប់ និងសិក្សាស្វែងយល់។
លោកបានបន្តថា “នេះជាលើកទី៩ហើយ ដែលសមាគមបានអនុវត្តនូវកម្មវិធីមួយនេះជាបណ្តាសមាជិករបស់សមាគមក”។ លោកបន្តថា “វាជាកម្មវិធីបណ្តុះបណ្តាលជំនាញ ចំណេះដឹងទូទៅពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ ជាពិសេសការចែករំលែកនូវបទពិសោធន៍ជាក់ស្ដែងដែលផ្តល់ដោយថ្នាក់ដឹកនាំ និងអ្នកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យជំនាន់មុន និងធ្លាប់ទទួលបានជោគជ័យ”។
លោកបានមានប្រសាសន៍បន្តទៀតថា “យើងចង់ចែករំលែកពីបទពិសោធន៍ជាក់ស្ដែងទៅដល់ពួកគាត់ ដែលវាមិនមែនត្រឹមតែជាមេរៀន ដូចរៀននៅសាលាត្រឹមតែជាទ្រឹស្ដីនោះទេ ប៉ុន្តែពួកគាត់បានដឹងពីអ្វី ដែលជាបញ្ហានៃការរាំងស្ទះ អ្វីដែលជាឧបសគ្គពិតប្រាកដនៅក្នុងមុខជំនួញ នោះពួកគាត់អាចសិក្សាពីដំណោះស្រាយ ដើម្បីត្រៀមទុកជាមុន ដែលវាប្រសើរជាងការធ្វើជំនួញ ឬដឹកនាំក្រុមហ៊ុន និងគ្រប់គ្រងភ្នាក់ងារដោយភាពប្រថុយប្រថាននោះទេ”។
កម្មវិធីនៅក្នុងវគ្គបណ្តុះបណ្តាលជំនាញ និងចែករំលែកបទពិសោធន៍ Real Estate Business Support Program រួមមានការធ្វើបទបង្ហាញដូចជា ១. ការរៀបចំធ្វើផែនការយុទ្ធសាស្រ្តសម្រាប់ក្រុមហ៊ុន។ ២. ការគ្រប់គ្រងភា្នក់ងារអចលនវត្ថុ។ ៣. ការរៀបចំធ្វើការងារប្រចាំថ្ងៃ និង៤ ការប្រឹក្សាយោបល់នានា ដើម្បីជួយគាំទ្រដល់ដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនសមាជិក ទាំងអស់ឲ្យកាន់តែប្រសើរឡើង ។
នាយិកាក្រុមហ៊ុន AMATAK Property Service និងជាអនុប្រធាន CVEA លោកស្រីតាំង ហួរ បានមានប្រសាសន៍ថា “យើងយកចិត្តដាក់ និងជួយជ្រោមជ្រែងដល់បណ្តាក្រុមហ៊ុន និងភ្នាក់ងារដែលជាសមាជិកថ្មីៗទើបតែបង្កើត និងចូលប្រឡូកនៅក្នុងវិស័យអចល នទ្រព្យ។

លោកស្រីបានបញ្ជាក់ថា នៅក្នុងកម្មវិធីនេះ គឺមានការចែករំលែងបទពិសោធន៍ផ្សេងៗគ្នាជាច្រើន រួមមានការគ្រប់គ្រងក្រុមហ៊ុន ការដឹកនាំភ្នាក់ងារ វិធីសាស្ត្រនៃការលក់អចលនទ្រព្យ ខុនដូ អាផាតមិន ការលក់ដីធ្លី លក់ផ្ទះ ក៏ដូចជាការវាយតម្លៃទៅលើអចលនវត្ថុជាដើម។
លោកស្រីបានបញ្ជាក់ថា “សម្រាប់ដែលមានឱកាសចូលសិក្សា និងស្វែងយល់នៅក្នុងកម្មវិធីនេះ គឺផ្តល់អាទិភាពចំពោះក្រុមហ៊ុន និងភ្នាក់ងារដែលមានអជ្ញាបណ្ណស្របច្បាប់ ជាពិសេសជាសមាជិករបស់សមាគម CVEA តែប៉ុណ្ណោះ”៕