ដោយ វុត្ថា
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីទី៦នេះ ដែលបន្តដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី គឺមានយុទ្ធសាស្រ្តខ្ពស់បំផុត ក្នុងការអនុវត្តប្រកដោយជោគជ័យនូវ “យុទ្ធសាស្ត្រចតុកោណ” ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ក្នុងការកសាងមូលដ្ឋាន ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
សម្រាប់ការដឹកនាំកសាងប្រទេសជាតិ ឲ្យកាន់តែមានភាពរីកចម្រើន អភិវឌ្ឍប្រទេសជាតិឆ្ពោះទៅមុខបន្តទៀត រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តន៍ប្រកបដោយភាពជោគជ័យនូវយុទ្ធសាស្រ្តចតុកាណ ដើម្បី កំណើន ការងារ សមធម៌ និងប្រសិទ្ធភាព នៅកម្ពុជា។ ៣ដំណាក់កាលកន្លងមកហើយ ដែលបានឲ្យប្រទេសកម្ពុជា សម្រេចបាននូវការផ្លាស់ប្តូរមុខមាត់ថ្មីគួរជាទីមោទនៈបំផុត។
បើយើងប្រៀបធៀបកាលពីជាង២០ឆ្នាំមុន ប្រទេសកម្ពុជា បានប្រែក្លាយពីប្រទេសទទួលយកទាហ៊ានមួកខៀវរបស់អង្គការសហប្រជាតិ ដើម្បីមកធ្វើប្រតិបត្តិការរក្សាសន្តិភាព មកជាប្រទេសដែលបញ្ជូនកងកម្លាំងរបស់ខ្លួន ឲ្យពាក់មួកខៀវទៅចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាតិ ក្នុងប្រទេសមួយចំនួន ដែលជាចំណុចក្តៅនៅលើពិភពលោក។
កាលពីអតីកាលប្រទេសកម្ពុជា ល្បីល្បាញជាវាលពិឃាត តំបន់អសន្តិសុខ ជាចំការមីន ដែលគេភ័យខ្លាចគ្រប់គ្នា ប៉ុន្តែពេលនេះបានក្លាយទៅជាប្រទេសមានសុខសន្តិភាពពេញលេញ និងជាតំបន់ទេសចរណ៍ប្រកបដោយភាពទាក់ទាញ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងលើពិភពលោកទទួលបានភ្ញៀវទេសចររាប់លាននាក់ក្នុងមួយឆ្នាំៗ។
ក្នុងការអនុវត្តប្រកបដោយភាពជោគជ័យ នូវយុទ្ធសាស្រ្តចតុកោណទាំង៣ដំណាក់កាលកន្លងមក បានបំពេញតួនាទីយ៉ាងល្អប្រសើរ ជារបៀបវារៈអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ ដោយឆ្លងកាត់យុទ្ធសាស្រ្តចតុកោណទាំង៣ ដំណាក់កាលជាបន្តបន្ទាប់ បានធ្វើឲ្យកម្ពុជាប្រែមុខមាត់ថ្មី បានផ្លាស់ប្តូរយ៉ាងស៊ីជម្រៅនូវរចនាសម្ព័ន្ធសេដ្ឋកិច្ច និងលើកម្ពស់ជីវភាពប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង ទាំងខាងសម្ភារ និងស្មារតី តាមរយៈកំណើនសេដ្ឋកិច្ចប្រកដោយចីរភាព ការបង្កើតការងារជូនប្រជាពលរដ្ឋ ការអធានាសមធម៌សង្គម និងការពង្រឹងប្រសិទ្ធភាពនៃអភិបាលកិច្ចរបស់ស្ថាប័នរដ្ឋ។
កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភាជាតិ និង“យុទ្ធសាស្រ្តចតុកោណ–ដំណាក់កាលទី៤” នឹងរួមគ្នាបំពេញតួនាទីជាឯកសារក្រមខណ្ឌគោលនយោបាយគ្រប់ជ្រុងជ្រោយ សម្រាប់រៀបចំ “ផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិឆ្នាំ២០១៩–២០២៣” ដែលបានកំណត់សូចនាករលទ្ធផល និងពេលវេលាច្បាស់លាស់សម្រាប់ការអនុវត្ត និងត្រូវមានសង្គតិភាព ជាមួយនឹងឯកសារគោលនយោបាយ តាមវិស័យដទៃទៀត របស់រាជរដ្ឋាភិបាល។
ដោយឡែក “យុទ្ធសាស្រ្តចតុកោណ-ដំណាក់កាលពី៤” នឹងក្លាយជាមគ្គទេសដ៏ច្បាស់លាស់ សម្រាប់តម្រង់ទិសសកម្មភាព គ្រប់តូរអង្គអភិវឌ្ឍទាំងអស់ឲ្យស្ថិតនៅក្នុង “ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ”៕