ដោយ ប៊ី
ភ្នំពេញៈ អ្នកជំនាញមកពីក្រុមហ៊ុន Standard Chartered ដែលមូលដ្ឋាននៅប្រទេសចិនបានថ្លែងថា កិច្ចព្រមព្រៀងសេដ្ឋកិច្ច និងពាណិជ្ជកម្មដំណាក់កាលទី១ រវាងអាមេរិក និងចិនផ្តល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចពិភពលោក។
លោក Ding Shuang ប្រធានសេដ្ឋវិទូនៃធនាគារ Greater China and North Asia បានមានប្រសាសន៍ នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយកាសែតស៊ីនហួរថា “ជាមួយនឹងកិច្ចព្រមព្រៀងមួយដំណាក់កាលនេះ នឹងកាត់បន្ថយហានិភ័យដែលប្រឈមមុខនឹងសេដ្ឋកិច្ចពិភពលោក”។ លោកបន្តថា “យើងគិតថាឆ្នាំ២០២០ គឺជាឆ្នាំដែលមានកំណើនទន់ខ្សោយ ប៉ុន្តែមានស្ថេរភាពសម្រាប់សេដ្ឋកិច្ចពិភពលោក”។
លោកបន្ថែមថា ការព្យាករណ៍របស់ធនាគារ សម្រាប់កំណើនសកលនៅឆ្នាំក្រោយមានចំនួន៣,៣ភាគរយ ខ្ពស់ជាងការព្យាករណ៍ត្រឹមកំនើន៣,១ភាគរយ របស់ធនាគារសម្រាប់ឆ្នាំ២០១៩។
ចិន និងអាមេរិកបានឯកភាពលើលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ច និងពាណិជ្ជកម្មដំណាក់កាលទី១ ដោយផ្អែកលើគោលការណ៍សមភាព និងការគោរពគ្នាទៅវិញទៅមកកាលពីដើមខែនេះ ដែលជាវឌ្ឍនភាពចុងក្រោយ សម្រាប់ភាគីទាំងពីរក្នុងការដោះស្រាយជម្លោះពាណិជ្ជកម្មរយៈពេលពីរឆ្នាំរបស់ពួកគេ។
ដោយចង្អុលបង្ហាញ ពីការអូសទាញទម្លាក់រយៈពេលវែងចំនួន៣ សម្រាប់សេដ្ឋកិច្ចពិភពលោក ដូចជា បំណុល ប្រជាសាស្ត្រ និងសេដ្ឋកិច្ចពិភពលោក លោក Ding បាននិយាយថា “កិច្ចព្រមព្រៀងសេដ្ឋកិច្ចនិងពាណិជ្ជកម្មដំណាក់កាលទី១ នឹងជួយជំរុញវិនិយោគិននៅក្នុងទីផ្សារហិរញ្ញវត្ថុពិភពលោក”។
តម្លៃប្រេងបានហក់ឡើងដល់កម្រិតខ្ពស់រយៈពេលបីខែ គិតត្រឹមសប្តាហ៍មុន គឺជាផ្នែកមួយនៃការរំពឹងទុកប្រសើរ ចំពោះការបញ្ឈប់ពាណិជ្ជកម្មរវាងអាមេរិកនិងចិន។
ភាគហ៊ុនអាមេរិក បានកើនឡើងគួរឱ្យកត់សម្គាល់ កាលពីសប្តាហ៍មុនចំពេលបង្ហាញភាពវិជ្ជមានពីក្រុមហ៊ុនផ្សារអាមេរិក ដោយភាគហ៊ុនក្រុមហ៊ុន Dow បានបន្ថែម១,១៣ ភាគរយ ក្រុមហ៊ុន S&P 500 កើន១,៦៥ភាគរយ និងក្រុមហ៊ុនNasdaq កើនឡើង២,១៨ ភាគរយ។
លោក Ding បានមានប្រសាសន៍ថា “ប្រតិកម្មទីផ្សារវិជ្ជមានបង្ហាញថា វា (កិច្ចព្រមព្រៀង) មានប្រយោជន៍ក្នុងការពង្រឹងទំនុកចិត្តអាជីវកម្ម”។
អ្នកជំនាញការរូបនេះបាននិយាយថា កិច្ចព្រមព្រៀងនេះ ក៏ផ្តល់អត្ថប្រយោជន៍ដល់ទាំងអាមេរិក និងចិនផងដែរ៕






