ដោយ វុត្ថា
ភ្នំពេញៈ អ្នកជំនាញបានព្យាករណ៍ថា ផ្សារទំនើបនៅក្នុងប្រទេសកម្ពុជាកើនដល់ជាង ៤០ ក្នុងរយៈត្រឹមតែ២ ទៅ៣ឆ្ នាំខាងមុខនេះ ខណៈផ្សារទំនើបដែលកំពុងដំណើរការនាពេលបច្ចុប្បន្ននេះមានចំនួនជាង២០ផ្សាររួចទៅហើយ។
មន្ត្រីស្រាវជ្រាវផ្នែកអចលនទ្រព្យជាន់ខ្ពស់ ប្រចាំនៅក្រុមហ៊ុនអន្តរជាតិ CBRE Cambodia កញ្ញា គឹម គិនកេសា បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៩ នេះឱ្យដឹងថា នេះគឺចំណុចល្អសម្រាប់ប្រទេសកម្ពុជា ដែលមានផ្សារទំនើបច្រើនបែបនេះ យ៉ាងណាក៏ដោយផ្សារទំនើបមួយចំនួន មានលក្ខណៈទ្រង់ទ្រាយតូចៗ ដែលគេហៅថាផ្សារសហគមន៍ (Community Malls) ដែលមានទីតាំងផ្សេងៗពីគ្នា។
កញ្ញាបន្តថា “អ្នកអភិវឌ្ឍន៍ដែលមានការការសងសង់ផ្សារទំនើប ដែលមានទីតាំងផ្សេងៗបែបនេះ វានឹងកាន់តែជួយសម្រួលដល់អ្នកប្រើប្រាស់ និងឆ្លើយតបទៅនឹងតម្រូវការផលិតផលម៉ាកល្បីៗ ចូលមកកាន់ប្រទេសកម្ពុជាមានការកើនឡើងជាបន្តបន្ទាប់”។
កញ្ញាបន្ថែមថា សម្រាប់គម្រោងផ្សារទំនើប ដែលរាជរដ្ឋាភិបាលទើបតែអនុម័តកាលពីពេលថ្មីៗនេះ គឺ គម្រោងអេអនម៉ល៣ និងផ្សារទំនើប Chip Mong គឺជាចំណុចល្អសម្រាប់ប្រទេសកម្ពុជា ដែលអាចទទួលការចាប់អារម្មណ៍ពីក្រុមហ៊ុនម៉ាកល្បីៗ នៅលើពិភពលោកមកធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា។
កញ្ញាគឹម គិនកេសាបានបន្ថែមថា កាលណាមានផ្សារទំនើបកាន់តែច្រើន នៅក្នុងប្រទេសកម្ពុជា វានឹងបង្ហាញជំនឿចិត្តទៅកាន់វិនិយោគិនតែខ្លាំងផងដែរ ទាក់ទៅទៅនឹងវិស័យសេដ្ឋកិច្ច និងផ្សាររបស់ប្រទេសកម្ពុជា។
កញ្ញាបញ្ជាក់ទៀតថា ម្យ៉ាងទៀត កាលណាមានផ្សារទំនើបកាន់តែច្រើន នឹងផុ្តល់ឱ្យមានការប្រកួតប្រជែង លើការជួលកាន់តែមានតម្លៃសមរម្យ សម្រាប់អ្នវិនិយោគិនដែលចង់ជួលហាង ឬ តូចសម្រាប់រកស៊ី។
លោក ង៉ែ ជូ អ្នកវិភាគសេដ្ឋកិច្ចកម្ពុជាបានឱ្យដឹងដែរថា ក្នុងយៈពេលប៉ុន្មានកន្លងមកនេះ ផ្សារទំនើបនៅក្នុងប្រទេសក្នុងប្រទេសកម្ពុជា មានការកើនឡើងនឹងបន្តកើនឡើងច្រើនទៅមុខទៀត តែអំណាចនៃការដើរទិញទំនិញ របសប្រជាពលរដ្ឋខ្មែរហាក់នៅមានកម្រិតនៅឡើយ ។
លោកបន្តថា “បើទោះបីអំណាចនៃការទិញរបស់ប្រជាពលរដ្ឋ នៅមានកម្រិតក៏ដោយ ប៉ុន្តែផ្សារទំនើបទាំងនោះអាចបន្តឈរជើងនឹងបាន”។ លោកបន្តថា “យ៉ាងណាចំពោះចក្ខុវិស័យរបស់អ្នកអភិវឌ្ឍន៍ គឺគេសំឡឹងមើលទៅមុខ ពោលគឺមិនសំដៅនាពេលបច្ចុប្បន្ននេះទេ ហើយការវិនិយោគលើផ្សារទំនើបនេះថែទៀត គឺស្ថិតនៅគ្រប់ជាយនៃទីក្រុងភ្នំពេញ”។
លោករំពឹងថា នាពេលអនាគត នៅពេលដែលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានការរីកចម្រើនកាន់តែខ្លាំង និងប្រាក់ ចំណូលរបស់ប្រជាពលរដ្ឋ កាន់តែបានច្រើននោះ នឹងធ្វើឱ្យមានការដើរទំនិញ នៅក្នុងផ្សារទើបកាន់តែមានភាពទាក់ទាញ ហើយការវិយោគកាន់លើផ្សារទំនើបកាន់តែមានច្រើថែមទៀត។
រាជរដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីពេលថ្មីៗនេះ បានអនុម័តគម្រោងអភិវឌ្ឍន៍ផ្សារទំនើបអេអន៣ និងផ្សារទំនើបជីបម៉ុងថ្មីបន្ថែមទៀត ក្នុងទឹកប្រាក់រាប់រយលានដុល្លារអាមេរិក ដែលធ្វើឱ្យកម្ពុជាកាន់តែមានការទាក់ទាញ និងជំនឿទុកចិត្តពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិកាន់តែច្រើនថែមទៀត៕






