ដោយ វុត្ថា
ភ្នំពេញៈ លោក W.Patric Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដែលទើបតែងតាំងថ្មីប្រចាំកម្ពុជា បានសិក្សាស្វែងយល់ពីគោលនយោបាយអភិវឌ្ឍន៌ វិស័យឧស្សា ហកម្មរបស់កម្ពុជា វិស័យសហគ្រាសធុនតូចនិងមធ្យម និងនីតិវិធីពាក់ព័ន្ធនិងការធ្វើពាណិជ្ជកម្មយានយន្តរបស់សហរដ្ឋអាមេរិក នៅកម្ពុជា តាមរយៈការទទួលយកស្តង់ដារយានយន្តសហរដ្ឋអាមេរិកលើទីផ្សារកម្ពុជា។

លោក Patric Murphy នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ លោកចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មកាលពីពេលថ្មីៗនេះ បានសម្តែងនូវទឹកចិត្តរីករាយ ចំពោះការបំពេញបេសកកម្មទូតនៅកម្ពុជា ដើម្បីបន្តសកម្មភាព និងកិច្ចសហប្រតិបត្តិការ ជាមួយដៃគូកម្ពុជា ក្នុងនាមជាប្រទេសធ្លាប់មានទំនា ក់ទំនងកិច្ចសហប្រតិបត្តិការជាមួយគ្នា ជាយូរលង់មកហើយ ។
លោក ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធបានមានប្រសាសន៍ឲ្យដឹងថា ក្នុងបេសកកម្មការទូតរបស់ឯកឧត្តមទំនាក់ទំនង នៃប្រទេសទាំងពីរនឹងត្រូវពង្រឹងបន្ថែមទៀត ក្នុងកំរិតផលប្រយោជន៌រួម និងកិច្ចសហប្រតិបត្តិការទូលំទូលាយ។
ទាក់ទងនិងវិស័យឧស្សាហកម្ម លោកចម ប្រសិទ្ធ បានលើកឡើងពីភាពរីកចម្រើនលើវិស័យនេះ បន្ទាប់ពីកម្ពុជាបានធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួន ក្នុងប្រព័ន្ធពិភពលោក និងមានកិច្ចព្រមព្រៀងទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក ក៏ដូចជាជាមួយប្រទេសនានាជាដៃគូលើពិភពលោក ។
លោកបន្តថា គោលនយោបាយអភិវឌ្ឍន៌វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ បានផ្តោតជាសំខាន់ទៅលើការអភិវឌ្ឍន៌បដិវត្តឧស្សាហកម្ម៤.0 ជាឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់មួយ ហើយយកខេត្តព្រះសីហនុទាំងមូលជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ។
មួយវិញទៀត ភាពរីកចម្រើនលើវិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងវាយនភ័ណ្ឌ ក៏ដូចជាស្បែកជើង រហូតដល់បច្ចុប្បន្ននេះ ដោយសារកម្ពុជាអនុវត្តនូវរូបមន្តជាគំរូ ក្នុងចំណោមប្រទេសអភិវឌ្ឍន៌តិចតួចលើពិភពលោក គឺ“ការធ្វើពាណិជ្ជកម្មផ្សារភ្ជាប់ និងស្តង់ដារការងារ” (Link Trade with Labour Standard) ជាមួយនិងកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) ស្ថិតក្រោមយន្តការត្រួតពិនិត្យរបស់អង្គការអន្តរជាតិផ្នែកការងារ (ILO) ដែលជាលក្ខ័ណ្ឌចាំបាច់មួយ ក្នុងការជម្រុញឲ្យមានការការគោរពសិទ្ធិកម្មករ និងច្បាប់ការងារជាធរមាននៅកម្ពុជា។

ទាក់ទងវិស័យសហគ្រាសធុនតូចនិងមធ្យម (SME) លោកចមប្រ សិទ្ធ ថាវិស័យនេះនៅកម្ពុជា មានចំនួនជាង៥សែនមូលដ្ឋាន សម្រាប់គាំទ្រដល់កំនើនសេដ្ឋកិច្ចជាតិ ។ ប៉ុន្តែការចុះបញ្ជីទទួលស្គាល់តាមផ្លូវច្បាប់បានត្រឹម៥% ប៉ុណ្ណោះ ដែលយើងកំពុងខិតខំជុំរុញបន្ថែមទៀតលើការងារនេះ ។
ដោយឡែកចំពោះ នីតិវិធីពាក់ព័ន្ធនិងការជុំរុញការធ្វើពាណិជ្ជកម្មយានយន្តរបស់សហរដ្ឋអាមេរិកនៅកម្ពុជា លោកចម ប្រសិទ្ធបញ្ជាក់ថា ជារួមភាគីកម្ពុជាបានឯកភាពទទួលស្គាល់ស្តង់ដារសុវត្ថិភាព យានយន្តរបស់សហរដ្ឋអាមេរិក សម្រាប់ទីផ្សារកម្ពុជា ហើយក៏បានឯកភាពគ្នា ឲ្យក្រុមការងារបច្ចេកទេសនៃប្រទេសទាំងពីរ រៀបចំឯកសារគតិយុត្តិ ដើម្បីត្រៀមចុះហត្ថលេខាជាមួយគ្នានាពេលខាងមុខ ៕






