ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ នៅក្នុងឆ្នាំ២០២០ ដែលនឹងឈានចូលមកដល់ក្នុងបន្តិចទៀតខាងមុខនេះត្រូវបានអ្នកជំនាញក្នុងវិស័យអចលនទ្រព្យបង្ហាញពីស្ថានភាពប្រែប្រួលទៅលើផ្នែកមួយចំនួនដែលនឹងបន្តភាពល្អប្រសើរ ហើយផ្នែកមួយចំនួនទៀតអាចជួបឱនភាព និងអាស្រ័យទៅតាមតំបន់។

សម្រាប់ការសម្លឹងមើលពីស្ថានភាពទីផ្សារអចលនទ្រព្យនៅក្នុងឆ្នាំ២០២០ខាងមុខនេះ អ្នកជំនាញបានធ្វើការព្យាករណ៍ផ្សេងៗពីគ្នាទៅលើស្ថានភាពនៃការកើនឡើងនៃតម្រូវការ រួមជាមួយនឹងការធ្លាក់លើផ្នែកមួយចំនួន។
-->
ប្រធានសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍តាមទូរស័ព្ទកាលពីចុងសប្ដាហ៍កន្លងទៅនេះថា ឆ្នាំ២០២០ វិស័យអចលនទ្រព្យនឹងនៅតែបន្តរក្សាភាពល្អប្រសើរដដែល ហើយវាមិនទាន់មានសញ្ញាណាមួយដែលបង្ហាញថាជាចំណុចអវិជ្ជមាននៅឡើយនោះទេ។
លោកបានបញ្ជាក់ថា “ចំពោះគម្រោងសាងសង់សំណង់អគារនឹងនៅតែបន្តសកម្មភាព ខណៈដែលផ្នែកមួយនេះនៅមានជាច្រើនដែលបន្សល់ពីឆ្នាំចាស់ ដែលក្នុងនោះរាប់ទាំងសំណង់ពាណិជ្ជកម្ម សំណង់លំនៅដ្ឋានសហកម្មសិទ្ធិ ក៏ដូចជាគម្រោងលំនៅដ្ឋានលក្ខណៈបែបបុរី និងគម្រោងបុរី”។ ដោយឡែកពាក់ព័ន្ធទៅនឹងតម្រូវការដីធ្លីវិញ ត្រូវបានលោកអះអាងថា បើជាទោះមិនមានភាពពុះកញ្ជ្រោលដូចចុងឆ្នាំ២០១៨ និងដើមឆ្នាំ២០១៩ ប៉ុន្តែតម្លៃមិនមានការធ្លាក់ចុះនោះទេ ។
នាយិកាប្រចាំប្រទេសក្រុមហ៊ុន CBRE Cambodia លោកស្រី អាន សុធីតា បានបង្ហាញពីការព្យាករណ៍របស់ខ្លួនថា នៅក្នុងឆ្នាំ២០២០ សម្រាប់វិស័យអចលនទ្រព្យ នឹងមានផ្នែកមួយចំនួនជួបសភាពទ្រឹង ឬអាចឱនភាព ដែលវាអាស្រ័យទៅតាមតំបន់ផ្សេងគ្នា។ លោកស្រីបានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទថា “ផ្អែកតាមស្ថានភាព និងការមើលឃើញជាក់ស្ដែងនៅក្នុងឆ្នាំ២០១៩ បានធ្វើឱ្យអ្នកវិនិយោគមួយចំនួនមានការប្រុងប្រយ័ត្នមុនពេលបណ្តាក់ទុន ដោយសារតែកត្តាសំខាន់ៗមួយចំនួនដូចជាបញ្ហានៃសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចដែលនៅមិនទាន់មានដំណោះស្រាយល្អ និងស្ថានភាពសេដ្ឋកិច្ច នយោបាយនៅក្នុងតំបន់”។
លោកស្រី អាន សុធីតា បានមានប្រសាសន៍បន្តទៀតថា “ឆ្នាំ២០២០ មានផ្នែកមួយចំនួននៅតែរក្សាភាពល្អប្រសើរ ដូចជា វិស័យលំនៅដ្ឋាន វិស័យសំណង់ (បន្សល់ពីឆ្នាំចាស់) និងតម្រូវការទីតាំងជួលសម្រាប់ការិយាល័យដែលនឹងមានតម្រូវការខ្ពស់។ ផ្ទុយទៅវិញ ដូចជាផ្នែកផ្សារទំនើប អាចនឹងជួបឱនភាព ដោយសារតែការផ្គត់ផ្គង់មានចំនួនច្រើន និងមានភាពប្រកួតប្រជែងខ្លាំង ធ្វើឱ្យតម្លៃជួលធ្លាក់ចុះ។ ដោយឡែកសម្រាប់ វិស័យដីធ្លីនៅតំបន់មួយចំនួនជួបសភាពទ្រឹង ឬធ្លាក់ចុះតម្លៃបន្តិចបន្តួច ដែលអាស្រ័យទៅតាមតំបន់”៕