មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ
ដោយ វុត្ថា
ភ្នំពេញៈ គំរោងវិនិយោគធំៗចំនួន៥បាននិងកំពុងត្រៀមផ្លាស់ប្តូរមុខមាត់ ខេត្តត្បូងឃ្មុំ ដែលជាខេត្តកូនពៅគេនៅកម្ពុជា ក្នុងចំណោមរាជធានី ខេត្តចំនួន២៥។
ខេត្តត្បូងឃ្មុំ ដែលជាខេត្តកូនពៅរបស់ប្រទេសកម្ពុជា ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យ នស/រកត/១២១៣/១៤៤៥ ដែលធ្វើនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ហើយត្រូវបានចេញប្រកាសនៅដើមខែមករា ឆ្នាំ២០១៤។
-->
ខេត្តថ្មីមួយនេះ បាននឹងកំពុងតែទាក់ទាញប្រជាពលរដ្ឋ និងអ្នកវិនិយោគិនថ្មីៗជាច្រើន ចាប់អារម្មណ៍មករស់នៅ និងវិនិយោគលើវិស័យសំខាន់ៗជាច្រើន។
ខេត្តនេះជាតំបន់អភិវឌ្ឍថ្មី ដែលទាមទារឲ្យមានការវិនិយោគសំណង់ អគារ ផ្សារទំនើប លំនៅឋាន ដើម្បីឆ្លើយតបកំណើនប្រជាពលរដ្ឋចេះតែកើនឡើង និងតម្រូវការវិនិយោគជាក់ស្តែង ដោយក្នុងនោះមានគម្រោងវិនិយោគធំៗចំនួន៥ បានកំពុងដំណើរការសាងសង់ និងដាក់ឱ្យប្រើប្រាស់ដែលធ្វើឱ្យខេត្តមួយនេះ កាន់តែមានភាពទាក់ទាញ និងប្រែមុខមាត់ថ្មី។
១.មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ
គម្រោងសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ មានតម្លៃប្រមាណ៥០លានដុល្លារ ស្ថិតនៅតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ ចាប់ផ្តើមសាង់សង់នៅថ្ងៃទី១ មីនា ២០១៩ គ្រោងនឹងបញ្ចប់ក្នុងរយៈពេល៣២ខែ។ គម្រោងនេះ សាងសង់លើផ្ទៃដី៥៥.៨១៥ ម៉ែត្រការ៉េ និងបញ្ចប់នៅឆ្នាំ២០២១ មានរយៈពេល៤០ខែ។
មន្ទីរពេទ្យនេះ នឹងក្លាយជាមន្ទីរពេទ្យប្រចាំតំបន់ ដែលអាចបំរើដល់ប្រជាជនក្នុងខេត្តក្រចេះ រតនគិរី ស្ទឹងត្រែង និងមណ្ឌលគិរី។
២.ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ និងផ្លូវតភ្ជាប់ពីគល់ស្ពានមកទីរួមខេត្តត្បូងឃ្មុំ
ស្ពានស្ទឹងត្រង់ ក្រូចឆ្មារ ប្រវែង១១៣១ម៉ែត្រ ទទឺង១៣,៥ ម៉ែត្រ ចាប់ផ្តើមសាងនៅខែវិច្ឆិកា២០១៧ គ្រោងបញ្ចប់ ខែឧសភា២០២០ ។ស្ពានតភ្ជាប់ពី ស្រុកស្ទឹងត្រង់ (ខេត្តកំពង់ចាម) ទៅស្រុកក្រូចឆ្មារ (ខេត្តត្បួងឃ្មុំ) ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ហើយគិតមកដល់ពេលបច្ចុប្បន្ន ការសាងសង់សម្រេចបាន ប្រមាណ៧៥,៧% ហើយ។

ស្ពាននេះ គ្រោងចំណាយថវិកាសរុបជិត៥៧លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់និងបោសសម្អាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។
៣.គំរោងផ្សារធំតំបន់ពាណិជ្ជកម្ម ខេត្តត្បូងឃ្មុំ (ផ្នែកឯកជន)
ចាប់ផ្តើមសាងសង់នៅខែឧសភា ២០១៩ មានរយៈពេល ២៤ ខែ ។វាជាកត្តាជុំរុញ និងទាក់ទាញដល់អ្នកវិនិយោគក្នុងតំបន់ និងអន្តរជាតិ ឲ្យចូលមកធ្វើការបោះទុនវិនិយោគ សាងសង់ជារោងចក្រ សហគ្រាស ក្រុមហ៊ុន ដើម្បីផលិត និងនាំចេញទៅលើទីផ្សារ និងការរំពឹងទុក ការរីកចំរើនកាន់តែច្រើនឡើងថែមទៀតនៅពេលអនាគត៕
៤.គម្រោងផ្សារចំការថ្ម (ផ្នែកឯកជន)
ចាប់ផ្តើមសាងសង់ខែវិច្ឆិកា ឆ្នាំ២០១៨ មានរយៈពេល១៨ខែ ។ ផ្សារមួយនេះ នឹងកាន់តែជួយសម្រួលដល់ប្រជាពលរដ្ឋ នៅក្នុងខេត្ត ក៏ដូចជាបណ្តាលខេត្តនានា ក្នុងការដោះដូរទំនិញ ដើម្បីលើកស្ទួយជីវភាពកាន់តែប្រសើរឡើងមួយកម្រិតទៀត។

៥.គម្រោងផ្សារគំរូព្រំដែន ផ្សារដា (វិនិយោគរបស់រដ្ឋ)

គម្រោងផ្សារដារ ស្ថិតនៅច្រកព្រំដែនដារ ស្រុកមេមត់ ជាផ្សារផ្លាស់ប្តូរកសិផល ផលិតផលមានតម្លៃ២លានដុល្លារអាមេរិក។ ផ្សារគំរូព្រំដែននេះ បានបើកឱ្យដំណើរកាលពីពេលថ្មីៗនេះ នឹងជួយបង្កើនទំហំពាណិជ្ជកម្មនៅតាមព្រំដែន និងលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា-វៀតណាម៕