ដោយ ប៊ី
ភ្នំពេញៈ លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយកាលពីថ្ងៃអង្គារកន្លងមកថា អាមេរិក និងចិននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំ និងទូលំទូលាយមួយ នៅឯសេតវិមាននៅថ្ងៃទី១៥ ខែ មករានេះ ទោះបីជាព័ត៌មានលម្អិតជាក់លាក់នៃកិច្ចព្រមព្រៀងមិនត្រូវបានចេញផ្សាយក៏ដោយ។

ការចុះហត្ថលេខានឹងពង្រឹងដំណាក់កាលទី១ នៃកិច្ចព្រមព្រៀងដែលចំណាយពេលជិត២ឆ្នាំ ដើម្បីចរចាហើយនឹងធ្វើឱ្យមានការបញ្ចប់សង្គ្រាមពាណិជ្ជកម្ម ជាផ្លូវការរវាងសេដ្ឋកិច្ចធំបំផុតទាំង២របស់ពិភពលោក។
ប្រធានាធិបតីអាមរិកប្រកាសពីកាលបរិច្ឆេទនៃពិធីចុះហត្ថលេខា នៅលើបណ្តាញសង្គមធ្វីតទ័របាននិយាយថា “អ្នកតំណាងជាន់ខ្ពស់របស់ចិន នឹងចូលរួមក្នុងពិធីចុះហត្ថលេខា” ហើយលោកគ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសចិននៅថ្ងៃក្រោយ ដើម្បីចាប់ផ្តើមពិភាក្សានៅដំណាក់កាលទី២នៃកិច្ចព្រមព្រៀង”។
លោក Donald J. Trump មិនបាននិយាយថា តើលោកស៊ី ជីនពីងដែលជាមេដឹកនាំចិននឹងចូលរួម ឬដាក់ឈ្មោះតំណាងណាមួយមកពីប្រទេសចិន ដែលអាចចូលរួមក្នុងពិធីនោះទេ។
ខ្លឹមសារនៃកិច្ចព្រមព្រៀង ដែលបានឈានដល់ពាក់កណ្តាលកាលពីខែធ្នូ មិនត្រូវបានផ្សព្វផ្សាយជាសាធារណៈទេ ហើយខ្លឹមសារជាក់លាក់របស់វា មិនទាន់ត្រូវបានត្រួតពិនិត្យដោយអ្នកជំនាញ ឬអាជីវកម្មជាច្រើន ដែលទទួលរងពីការប្រយុទ្ធប្រឆាំងនឹងពាណិជ្ជកម្មជាមួយប្រទេសចិន។
កិច្ចព្រមព្រៀងនេះ នឹងកាត់បន្ថយត្រឹមតែមួយចំណែកតូចនៃពន្ធគយ ដែលលោក Trump បានដាក់លើទំនិញចិនដែលមានតម្លៃ៣៦០ពាន់លានដុល្លារ ដោយទុកឱ្យពន្ធជាច្រើននៅដដែល។
មន្ត្រីមកពីប្រទេសទាំងពីរបាននិយាយថា កិច្ចព្រមព្រៀងនេះ រួមមានការប្តេជ្ញាចិត្តពីប្រទេសចិន ក្នុងការបង្កើនការទិញផលិតផលកសិកម្ម និងថាមពលរបស់អាមេរិក ការដាក់កម្រិតលើសមត្ថភាពរបស់ក្រុងប៉េកាំង ក្នុងការធ្វើឱ្យរូបិយប័ណ្ណរបស់ខ្លួនចុះខ្សោយ និងផ្តល់ការការពារដល់ក្រុមហ៊ុនអាមេរិក ដែលធ្វើជំនួញនៅក្នុងប្រទេសចិន។
កិច្ចព្រមព្រៀងនេះ ក៏នឹងកាត់បន្ថយពន្ធគយលើទំនិញ ប្រមាណ១២០ពាន់លានដុល្លារផងដែរ ហើយបានលុបចោលពន្ធគយថ្មី ដែលត្រូវបានគ្រោងធ្វើនៅថ្ងៃទី១៥ ខែធ្នូ។
នៅក្នុងការប្រកាសអំពីកិច្ចព្រមព្រៀងនេះ អាមេរិកបាននិយាយថា ការទិញកសិផលរបស់ប្រទេសចិនត្រូវបានរំពឹងថា នឹងកើនឡើងដល់យ៉ាងហោចណាស់៤០ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ក្នុងរយៈពេលពីរឆ្នាំហើយការនាំចេញស្បៀងអាហារ ថាមពល ផលិតទំនិញ និងសេវាកម្មទៅកាន់ប្រទេសចិន នឹងកើនឡើងសរុប២០០ពាន់លានដុល្លារ៕ (New York Times)






