ដោយ វុត្ថា
ភ្នំពេញ: ខេត្តមណ្ឌលគីរីបានប្រែក្លាយពីសមរភូមិប្រយុទ្ធ មកជាតំបន់អភិវឌ្ឍន៍លើគ្រប់វិស័យ ដោយបានធ្វើឲ្យប្រជាពលរដ្ឋកាន់តែមានជីវភាពស៊ីវីល័យ។

អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី លោកស្វាយ សំអ៊ាង បានមានប្រសាសន៍ឱ្យដឹងកាលពីពេលថ្មីៗនេះថា ក្រោមមហាជ័យជំនះ៧មករា ១៩៧៩ ខេត្តមណ្ឌលគិរី ក៏ដូចជាបណ្តារាជធានីខេត្តដ៏ទៃទៀត បានក្លាយជាតំបន់អភិវឌ្ឍន៍គួរជាទីមោទនៈរបស់កម្ពុជា ដែលមានការអភិវឌ្ឈលើហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជា ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យជាពិសេសបាន អភិវឌ្ឍន៍វិស័យធំៗបីមានដូចជា វិស័យកសិកម្ម វិស័យទេសចរណ៍ និងវិស័យរ៉ែដែលកំពុងដើរតួយ៉ាងសំខាន់ សម្រាប់ជួយលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ និងជួយបង្កើនជីវភាពប្រជាពលរដ្ឋផងដែរ។
លោកបញ្ជាក់ថា “ការរក្សាបានសុខសន្តិភាព ដែលបានមកពីការខិតខំប្រឹងប្រែង របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា គឺបានផ្តល់ឱកាសដល់រាជរដ្ឋាភិបាលក្នុងកសាងជាតិ ហើយប្រជាពលរដ្ឋរស់នៅ ដោយភាពសម្បូរសប្បាយនៅទូទំាង ប្រទេស”។
លោកអភិបាលខេត្តបានបន្តថា មណ្ឌលគិរីមានការអភិវឌ្ឍ ដោយកសាងបាននូវហេដ្ឋារចនាសម្ព័ន្ធតាំងពីឆ្នាំ២០០០ រហូតមកដល់បច្ចុប្បន្ននេះ មានផ្លូវទៅព្រំដែនមានស្ពាន មានទំនប់ មានប្រឡាយ ជាពិសេសពាក់ព័ន្ធនឹងផ្លូវលំតភ្ជាប់ទៅបណ្ដាស្រុក និងបណ្ដាឃុំនានា បានធ្វើការកសាងអភិវឌ្ឍន៍បានរយៈពេលជាង២០ឆ្នាំ ក្រោយយើងមានសុខភាពសុខសន្តិភាពពេញលេញក្នុងប្រទេស។
លោកបន្តថា “នេះគឺជាសមិទ្ធផលមួយដែលរាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែងហើយប្រជាពលរដ្ឋ មានការរីករាយនឹងទទួលយកនូវសមិទ្ធផលនេះ”។

ក្រោយពេលដែលខេត្តមណ្ឌលគីរី ប្រែក្លាយពីសមរភូមិប្រយុទ្ធមកជាតំបន់អភិវឌ្ឍន៍លើគ្រប់វិស័យនេះ បានធ្វើអោយខេត្តនេះ ក្លាយជាតំបន់គោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញបំផុតក្នុងតំបន់ភូមិភាគឦសាន្ត ដោយមានទេសភាពធម្មជាតិយ៉ាងស្រស់ ស្អាត ជាមួយនឹងផ្លូវគមនាគមន៍ដ៏ល្អឆ្ពោះទៅដល់ខេត្តនេះ។
ខេត្តមណ្ឌលគិរី មានព្រំប្រទល់ខាងជើងជាប់នឹងខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ខាងកើតនិងខាងត្បូង ជាប់នឹងសាធារណរដ្ឋសង្គមនិយមវៀតណាម និងខាងលិចជាប់នឹងខេត្តក្រចេះ។
ខេត្តមណ្ឌលគិរី មានចម្ងាយ ៣៨០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៦, ៨ និង៧ កាត់ខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ។
ខេត្តមណ្ឌលគិរី មានផ្ទៃដី១៤.២៨៨គីឡូម៉ែត្រការេ ជាប់លំដាប់ទីមួយបណ្តាផ្ទៃដីនៃរាជធានីខេត្តទាំង២៥។ មណ្ឌលគិរី មានក្រុងសែនមនោរម្យ និងស្រុកចំនួនបួន។

ខេត្តមណ្ឌលគិរី ជាតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់ត្រកាលមួយ។ ខេត្តនេះ ល្បីខាងរសជាតិឆ្ងាញ់ នៃផ្លែអាវូកាដូ និងកាហ្វេ។
មនុស្សម្នា និងទេសចរជាច្រើន ពិតជាចាប់ចិត្តក្រៃលែងនឹងមរតកធម្មជាតិដ៏បវរ សមដូចពាក្យពេចន៍ចុងចួននៃចម្រៀងដ៏ល្បីដូចជា «ទឹកជ្រោះប៊ូស្រា» ដែលបកស្រាយដោយលោក តូច តេង និងអ្នកស្រី ម៉ៅ សារ៉េត, «ជ្រោះពេជ្រចិន្តា” សំនៀងបុប្ផាព្រៃភ្នំ និងសម្ផស្សបុប្ផាព្រៃភ្នំ» ដែលបកស្រាយដោយអ្នកស្រី រស់ សិរីសុទ្ធា និង «បុប្ផាកោះញែក» ដែលបកស្រាយដោយលោក តូច តេង៕






