ដោយរតនៈ
ភ្នំពេញៈ ការប្រកួតដ៏ស្វិតស្វាញរបស់ក្រុមបាល់ទាត់២ក្រុម ដែលជាជើងឯកនោះ គឺក្រុមព្រះខ័នរាជស្វាយរៀង ដែលជាជើងឯកក្នុងលីគកម្ពុជា និងក្រុមMUST CPK ដែលជាជើងឯកក្នុងលីគLige de Elite បានប្រព្រឹត្តទៅនៅទីលានបាល់ទាត់Urban Village កាលពីថ្ងៃទី ២៨ និង២៩ ខែធ្នូ ឆ្នាំ២០១៩ ។
ការប្រកួតបាល់ទាត់ដ៏អស្ចារ្យនេះ គឺបានធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្ររាប់ពាន់អ្នកដែលបានមកទស្សនាផ្ទាល់ ពិតជាមានអារម្មណ៍រំភើប រីករាយយ៉ាងខ្លាំង នៅក្នុងព្រឹត្តិការណ៍មួយនេះ។ មុនពេលការប្រកួតចាប់ផ្តើម យើងក៏មានសកម្មភាពសប្បាយៗជាច្រើន និងការសម្តែងផ្ទាល់ផងដែរ ដែលមានការចូលរួមពីវត្តមានរបស់តារាចម្រៀង ដ៏មានប្រជាប្រិយភាពក្នុងប្រទេសកម្ពុជា មានដូចជា កញ្ញាសន្យា លោកនីកូ (Nico) និង លោក ជី ដេវីត (G Devith)។ នៅក្នុងការប្រគំតន្រ្តីផ្ទាល់នេះដែរ គឺពិតជាបានធ្វើឲ្យឆាកតន្រ្តីពិតជាកក្រើកតែម្តង ជាមួយនឹងសម្លេងហោរកញ្ជ្រោពីអ្នកគាំទ្រ និងអ្នកទស្សនាជាច្រើនរយនាក់។
ទន្ទឹមនឹងនេះផងដែរ យើងក៏ឃើញមានការធ្វើសន្និសីទកាសែតមុនការប្រកួតបាល់ទាត់រវាងក្រុមទាំងពីរ គឺបានបង្ហាញ និងទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រក្រុមបាល់ទាត់ទាំងពីរយ៉ាងខ្លាំងផងដែរ។ គួរឲ្យកត់សម្គាល់ផងដែរ នៅពេលដែលមានការសួរសំនួរ និងចម្លើយទៅកាន់ក្រុមទាំងពីរ គឺសំនួរភាគច្រើនចេញពីអ្នករៀបចំការព្រឹតិ្តការណ៍ លោកBen Li និង អ្នកស្រី Catherine Chan ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនUrban Village និងលោកបណ្ឌិត Raymond Choi ជាប្រធានក្រុមហ៊ុន Prestige Homes Cambodia និង គណៈគ្រប់គ្រងថ្នាក់ដឹកនាំដទៃទៀត ដែលបានធ្វើឲ្យសន្និសីទកាសែត មុនការប្រកួតនេះកាន់តែមានភាពរំភើបខ្លាំងថែមទៀត។
ក្នុងអំឡុងពេលប្រកួតបាល់ទាត់ ពិតជារំភើប និងអស្ចារ្យយ៉ាងខ្លាំងនៅពេលដែលកីឡាករបាល់ទាត់ ប្រាក់ មុន្នីឧត្តម បានប្រើបច្ចេកទេសដ៏ពិសេសរបស់គាត់បានស៊ុតបាល់ទំលុះខ្សែការពាររបស់ក្រុមម៉ាកាវ MUST CPK និងបានរកគ្រាប់បាល់ជូនក្រុមកម្ពុជាព្រះខ័នរាជស្វាយរៀង នៅក្នុងការប្រកួតដំបូងនាយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ដែលក្រុមបាល់ទាត់ MUST CPK បានអះអាងថា ពួកគេមិនងាយនឹងចាញ់ក្នុងប្រកួត ដោយសារតែការស៊ុតទំលុះអ្នកចាំទីរបស់គេនោះទេ។
សម្រាប់ការប្រកួតលើកទី២ នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៩វិញ កីឡាករបាល់ទាត់ដែលពាក់អាវលេខ៩ ឈ្មោះថា ណុប តុលា បានស៊ុតបាល់ប៉េណង់ទីចម្ងាយ១១ម៉ែត្របានយ៉ាងល្អ ទៅលើក្រុមMUST CPK ដែលធ្វើឲ្យក្រុមកម្ពុជាអាចតាមស្មើបាន ដោយលទ្ធផល១–១។ ពេលនោះទស្សនិកជន និងភ្ញៀវកិត្តិយសពិតជាមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលអ្នកខ្លះបានស្រែកលោត អបអរសារទរនឹងលទ្ធផលដ៏ល្អមួយនេះ។
នៅថ្ងៃបញ្ចប់នៃការប្រកួតដែលមានរយៈពេល២ថ្ងៃនេះ គឺក្រុមព្រះខ័នរាជស្វាយរៀងបានយកឈ្នះ ក្រុម MUST CPK ដោយលទ្ធផលសរុប៥–២ ។ អ្នកគាំទ្រជាច្រើន បានសម្តែងការអបអរសាទរ និងទះដៃអបអរសាទរយ៉ាងខ្លាំង ចំពោះការប្រកួតដ៏អស្ចារ្យរបស់ក្រុមទាំងពីរនេះ។
សម្រាប់ការប្រកួតដ៏សំខាន់នេះ គ្រូបង្វឹករបស់ក្រុមព្រះខ័នរាជស្វាយរៀងគ្រូបង្វឹក លោកConor Nestor បានមានប្រសាសន៍ថា“ ដោយសារតែភាពជឿជាក់ការខិតខំប្រឹងប្រែងនិងការប្តេជ្ញាចិត្តខ្ពស់បំផុតនៅក្នុងការប្រកួតនេះ យើងបានក្លាយជាម្ចាស់ជើងឯកនៃការប្រកួតមិត្តភាពនេះ។ មិនត្រឹមតែប៉ុណ្ណោះយើងមានអ្នកគាំទ្រ និងអ្នកគាំទ្រដ៏ស្មោះត្រង់ជាច្រើន ដែលបានលើកទឹកចិត្តយើងឈានដល់គោលដៅដែលរីកចំរើននេះ។
លោក Deigo Patriota បានបន្ថែមទៀតថា“ ទោះបីជាយើងចាញ់នៅក្នុងហ្គេមនេះក៏ដោយ ក៏វាមិនមានន័យថាយើងបានបាត់បង់អ្វីៗទាំងអស់ដែរ។ ការប្រកួតនេះ គឺពិតជាបានផ្តល់នូវការប្រកួតដ៏អស្ចារ្យ និងលើកទឹកចិត្តឱ្យយើងខិតខំ ក្នុងការប្រកួតឲ្យកាន់តែប្រសើរឡើងថែមទៀត ក៏ដូចជា បច្ចេកទេសក្នុងការប្រកួត ដើម្បីឱ្យយើងត្រៀមខ្លួនសម្រាប់ការប្រកួតនៅថ្ងៃខាងមុខទៀត។
លោក Ben Li និងលោកបណ្ឌិត Raymond Choi ក៏បានធ្វើការអបអរសាទរ និងលើកទឹកចិត្តដល់ក្រុម MUST CPK ផងដែរ។ “ទោះបីនេះជាលើកទី ១ របស់អ្នកក្នុងការប្រកួតនៅប្រទេសកម្ពុជាក៏ដោយ ក៏ក្រុមរបស់អ្នកបានបង្ហាញទម្រង់លេងយ៉ាងល្អ ជាមួយនឹងការទាត់បាល់បានយ៉ាងល្អ។” បើតាមសម្តីរបស់លោក Ben Li បានលើកឡើង។
ការប្រកួតមិត្តភាពអន្តរជាតិនេះ គឺអាចប្រព្រឹតិ្តទៅបាន ក៏ដោយសារមានការខិតខំប្រឹងប្រែងពីអ្នករៀបចំកម្មវិធីទាំងមូលគឺ ក្រុមហ៊ុន Urban Village និង ក្រុមហ៊ុន Prestige Homes Cambodia និងមានការគាំទ្រពីម្ចាស់ឧបត្ថម្ភធំពីក្រុមហ៊ុន ដូចជា ក្រុមហ៊ុន Cambodian Derivatives Exchage (CDX), Goldwell Capital និង Golden FX Link Capital។ព្រឹត្តិការណ៍ដ៏ពិសេសនេះ ត្រូវបានគេចាត់ទុកវាជាព្រឹត្តិការណ៍ដ៏ល្អមួយ និងជាការចាប់ផ្តើមសកម្មភាពជាច្រើន ដែលទាក់ទងនឹងវិធីធ្វើឲ្យមនុស្សមានសុខភាពល្អ និងសប្បាយរីករាយ ដូចជាការប្រកួតកីឡា ការប្រគុំតន្រ្តី ការសម្តែង កំប្លែងជាដើម ក៏ដូចជាការបង្កើតបរិយាកាសដ៏ល្អមួយ និងរបៀបរស់នៅបែបទំនើបនៅក្នុងប្រទេសកម្ពុជា៕







