ដោយហ្សូលី
ភ្នំពេញៈ សមាគមពាណិជ្ជកម្មកម្ពុជា ចិនខេត្តព្រះសីហនុបានជួបប្រជុំគ្នាស្វែងរកដំណោះស្រាយការងារដល់ប្រជាពលរដ្ឋខ្មែរ ដែលធ្វើការនៅខេត្តព្រះសីហនុ ដោយសារការបិទហ្គេមអនឡាញ។
ដោយសារតែការបិទល្បែងភ្នាល់ តាមប្រព័ន្ធអ៊ីនធឺណិតនៅខេត្តព្រះសីហនុ នាពេលថ្មីៗនេះ ដែលកម្មករកម្ពុជាជាង ៨,០០០នាក់ បានបាត់បង់ការងារ ហើយដើម្បីជួយឱ្យមានការងារធ្វើឡើងវិញ សមាគមសភាពាណិជ្ជកម្មកម្ពុជា–ចិន នៅខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំស្តីពីការឆ្លើយតប ទៅនឹងសេចក្តីអំពាវនាវរបស់សាលាខេត្តព្រះសីហនុ និងការដោះស្រាយបញ្ហាការងាររបស់ប្រជាពលរដ្ឋកម្ពុជា ដែលគ្មានការងារធ្វើ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
អគ្គលេខាធិការនៃសមាគមសភាពាណិជ្ជកម្មកម្ពុជា–ចិននៅខេត្តព្រះសីហនុ លោក JIANG KEXING បានមានប្រសាសន៍ឲ្យដឹងក្នុងកិច្ចប្រជុំកាលពីដើមសប្តាហ៍នេះ ថា ក្រុមហ៊ុនមកពីប្រទេសចិន បានសាងសង់រោងចក្រនិងរកស៊ីនៅប្រទេសកម្ពុជា ត្រូវបំពេញកាតព្វកិច្ចសង្គមដោយសកម្ម និងជួយដល់ប្រជាពលរដ្ឋ ក្នុងតំបន់តាមសមត្ថភាពនាពេលដែលទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន។លោកបានបន្តថា “នេះមិនគ្រាន់តែអាចបំពេញ តម្រូវការធនធានមនុស្សរបស់ក្រុមហ៊ុនខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងចូលរួមចំណែកក្នុងស្ថិរភាពសង្គម និងសុភមង្គលរបស់ប្រជាជននៅក្រុងព្រះសីហនុ និងបង្កើតនូវគំរូល្អរបស់វិនិយោគិនចិនទៀតផងដែរ”។
លោកក៏បានជំរុញឱ្យរោងចក្រចិនទាំងអស់ គួរតែបំពេញទំនួលខុសត្រូវសង្គមរបស់ខ្លួនយ៉ាងសកម្ម ប្រើប្រាស់កម្មករដែលលាឈប់ពីរោងចក្រនៅពេលមុនឡើងវិញ និងទទួលយកបុគ្គលិកថ្មី ដែលចង់ធ្វើការនៅរោងចក្រក្នុងតំបន់ ដើម្បីកែលម្អជីវភាពរស់នៅប្រជាពលរដ្ឋក្នុងតំបន់ ព្រមទាំងធានាភាពសុខដុមរមនាក្នុងសង្គម តាមរយៈការផ្ដល់ឱកាសការងារជាក់ស្តែង។
លោកបានអះអាងថា “ចំពោះសហគ្រាសដែលចូលរួមក្នុងកិច្ចប្រជុំនេះ បានឆ្លើយតបដោយសកម្ម ហើយក៏បានស្វាគមន៍និយោជិតកម្ពុជាទាំងអស់ មកធ្វើការនៅក្នុងរោងចក្រផងដែរ”។
តែទោះបីយ៉ាងណាក៏ដោយ ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឱ្យបិទល្បែងភ្នាល់តាមប្រព័ន្ធអ៊ីនធឺណិត កន្លងមកនេះ នៅក្រុងព្រះសីហនុ កាស៊ីណូជាច្រើនត្រូវបានបិទ ជនជាតិចិនដែលធ្វើការនៅន្លែងកាស៊ីណូខុសច្បាប់ ត្រូវចាកចេញទាំងក្រុមៗត្រឡប់ទៅប្រទេសចិនវិញជាបន្តបន្ទាប់ ធ្វើឱ្យបុគ្គលិកកម្ពុជាមួយចំនួនធំបានបាត់បង់ការងារធ្វើ។ ជាមួយគ្នានេះ សមាគមសភាពាណិជ្ជកម្មកម្ពុជា–ចិន នៅខេត្តព្រះសីហនុ បានប្រមូលផ្តុំសហគ្រាសចិន នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មកជួបគ្នា ដើម្បីដោះស្រាយបញ្ហាខាងលើនេះ ឱ្យទាន់ពេលវេលា ដើម្បីសម្តែងនូវការដើរតួនាទីជាស្ពានរវាងសហគ្រាស និងប្រជាជនរបស់សមាគម។
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានចម្ងាយ១៧ គីឡូម៉ែត្រពីក្រុងព្រះសីហនុ ដែលប្រកាន់ខ្ជាប់នូវការអភិវឌ្ឍឧស្សាហកម្មជាក់ស្តែង។ រហូតមកដល់ពេលនេះ គឺមានក្រុមហ៊ុនចំនួន១៧៤ដែលមកពីប្រទេសចិន អឺរ៉ុប សហរដ្ឋអាមេរិក អាស៊ីអាគ្នេយ៍និងបណ្តាប្រទេសដទៃទៀត បានមកធ្វើការវិនិយោគនៅទីនេះ ហើយបានស្រូបយកកម្លាំងពលកម្មជិត៣០,០០០នាក់ ក្នុងចំណោមនេះ គ្រួសារ៧០ភាគរយ នៃស្រុកព្រៃនប់ក្នុងខេត្ដព្រះសីហនុ គឺមានសមាជិកធ្វើការនៅរោងចក្រក្នុងតំបន់នេះ៕






