អ្នកជំនាញជំរុញឱ្យមានការវិនិយោគលើវិស័យអចលនទ្រព្យនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង

0

ដោយ​វុត្ថា​

ភ្នំ​ពេញៈ​ អ្នកជំនាញ​បាន​ជំរុញ​ឱ្យ​មានការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នៅ​តាម​បណ្តោយ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​នានា​ ខណៈ​គម្រោង​រោងចក្រ​ សហគ្រាស​ បុរី​ បណ្តុំ​លំនៅឋាន​បែប​លក្ខណៈ​បុរី​ និង​ផ្សារ​ទំនើប​ជាដើម​បាន​ និង​កំពុង​បាញ់​ឆ្ពោះទៅ​តាម​ក្រ​វ៉ាត់​ក្រុង​ និង​ ជាយក្រុង​ភ្នំពេញ​។

អ្នកស្រី​តាំង​ ហួរ​នាយិកា​រក្រុ​មហ៊ុន​ Amatak​ property​ service​ បាន​ប្រាប់​គេហទំព័រ​ propertyarea.asia​ នៅ​ថ្ងៃទី៣​ ខែធ្នូ​ឆ្នាំ​ ២០១៩​ នេះ​ថា​ វិស័យ​អចលនទ្រព្យ​នៅ​តាម​បណ្តោ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​នានា​ របស់​ទីក្រុង​ភ្នំពេញ​បាន​ និង​កំពុង​មានការ​រីក​ចំរើន​ តែ​កន្លែង​ខ្លះ​មានការ​រីក​ចំរើន​លឿន​ ដែល​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​មានផល​ចំណេញ​ច្រើន​ ។

លោកស្រី​បន្ត​ថា​ “មិន​តែប៉ុណ្ណោះ​នៅ​តាម​បណ្តោយ​ក្រ​វ៉ាត់​ក្រុង​ នៅក្នុង​តំបន់​ខ្លះ​មាន​គម្រោង​វិនិយោគ​ជាច្រើន​ ទាំង​រោងចក្រ​ សហគ្រាស​ និង​ផ្សា​រំនើប​ ដូចជា​ អេ​អន​ជាដើម​ ដែល​ធ្វើ​ឱ្យ​តម្លៃ​ដីធ្លី​នៅក្នុង​តំបន់​នោះ​ កាន់តែ​មាន​ភាពល្អ​ប្រសើរ​ចាប់ពី​ឆ្នាំ​ ២០២០នេះ​តទៅ​”។

លោកស្រី​តាំង​ ហួរ​បាន​បន្ត​ថា​ បើ​ចង់​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ឆាប់​បាន​ចំណេញ​ខ្ពស់​គួរ​វិនិយោគ​នៅ​តាម​បណ្តោយ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ ដែល​នៅ​គៀក​នឹង​រាជ​ភ្នំពេញ​ដូចជា​ផ្លូវ​ទំនប់​កប់​ស្រូវ​ ជាដើម​ដែល​នៅ​ក្បែរ​រាជធានី​ភ្នំពេញ​ នឹង​កំពុង​មានសន្ទុះ​នៃ​ការ​រីក​ចំរើន​ខ្លាំង​ បើ​ទៅ​ទិញ​វិយោគ​នៅ​តាម​នៅ​កន្លែង​ឆ្ងាយ​ៗនឹង​ត្រូវ​ប្រើ​ពេល​យូរ​ ​បើ​ទិញ​ត្រូវ​ទិញ​កន្លែង​ដែល​មានការ​អភិវឌ្ឍន៍​ខ្លាំង​។

លោក​ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ បានឱ្យ​ដឹង​ដែរ​ថា​ បើ​និយាយ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​គឺ​មាន​លក្ខណៈ​ធំ​ទូលាយ​ណាស់​ មាន​ទី១ទី​ ២ ទី​ ៣ និង​ទី៤ជាដើម​ តែ​សម្រាប់​តំបន់​ខ្លះ​នៅ​តាមផ្លូវ​ក្រ​វ៉ាត់​ក្រុង​ មានការ​រីកចម្រើន​យ៉ាង​ខ្លាំង​ដោយសារ​មាន​គម្រោង​វិនិយោគ​ធំ​ និង​តំបន់​ខ្លះទៀត​ បាន​នឹង​កំពុង​មាន​សន្ទុះ​បណ្តើរ​ៗ។

លោក​បន្ត​ថា​ សម្រាប់​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ចាប់ពី​ផ្លូវជាតិ​លេខ៤​ ទៅកាន់​ផ្លូវជាតិ​លេខ​ ៣ មិនទាន់​ពុះ​កញ្ជ្រោ​លនោះទេ​ ព្រោះ​ការអភិវឌ្ឍន៍​នៅ​មានកម្រិត​នៅឡើយ​ តែ​នៅ​តាមផ្លូវ​ក្រ​វ៉ាត់​ចាប់ពី​ផ្លូវជាតិ​លេខ៦​គឺ​មានសន្ទុះ​រីក​ចំរើន​ខ្លាំង​ ព្រោះ​មាន​គម្រោង​ជាច្រើន​បាន​រីក​ដុះដាល​ច្រើន​។ សម្រាប់​អ្នក​ដែល​មាន​ដើមទុន​អាច​ទិញ​ដី​ សម្រាប់​ធ្វើការ​វិនិយោគ​ ក្នុង​ម៉ែត្រការ៉េ​ តម្លៃ២០០​ ទៅ៣០០ដុល្លារ​ ឬច្រើនជាង​នេះ​ គួរតែ​វិនិយោគ​នៅ​តាម​ជាយក្រុង​ដែល​មានការ​អភិវឌ្ឍន៍​។

លោក​ហ៊ឹម​ សីហា​ នាយក​ស្រាវជ្រាវ​ក្រុមហ៊ុន​ VTrust​ Appraisal​ បានឱ្យ​ដឹង​ថា​ មាន​គម្រោង​លំនៅឋាន​ជាច្រើន​ បាន​និង​កំពុង​រីក​ចំរើន​នៅ​តាម​បណ្តោយ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ ដែល​មាន​ទាំង​បុរី​ ​និង​សំណង់​បែប​លំនៅឋាន​បែប​បុរី​ ព្រមទាំង​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​។

លោក​បន្ត​ថា​ “នេះ​ជា​សញ្ញា​ល្អ​ ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​រស់នៅ​តំបន់​ក្រ​វ៉ាត់​ក្រុង​ និង​ ធ្វើ​ឱ្យ​អោយ​មានការ​រីក​ចំរើន​លើ​វិស័យ​អចលនទ្រព្យ​”។ លោក​បញ្ជាក់​ថា​ “ក្នុង​មួយ​ឆ្នាំ​ៗ កម្ពុជា​ត្រូវការ​លំនៅឋាន​ប្រមាណ​ជិត​រាប់​ម៉ឺន​ខ្នង​”។

ជាមួយគ្នា​នេះ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ កាលពី​ខែកុម្ភៈ​ ឆ្នាំ​ ២០១៩​ កន្លង​កនេះ​ ក៏បាន​ចេញ​សេចក្តី​ជូនដំណឹង​ស្តី​ពី​ ផែនការ​រៀបចំ​ផ្លាស់​ប្តូរ​ទីតាំង​រោងចក្រ​ សហគ្រាស​ ឃ្លាំង​ស្តុក​ទំនិញ​ និង​យានដ្ឋាន​ជួសជុល​ រថ​យន្ត​ធំៗ​ ពី​តំបន់​ទីប្រជុំជន​ទៅ​តំបន់​ជាយក្រុង​ ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​ក្រវាត់ក្រុង​ ក្នុង​ភូមិ​សាស្រ្ត​រាជធានី​ភ្នំពេញ​។

ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ បាន​កំពុង​ស្ថាបនា​ផ្លូវ​ឆ្លងកាត់​រាជ​ធា​នី​ភ្នំ​ពេ​ញ និង​ខេត្តកណ្តាល​ ចាប់ពី​ស្ពាន​ព្រែកព្នៅ​ មហា​វិ​ថី​ឈ្នះ​ៗ (ផ្លូវ​កប់​ស្រូវ​) ផ្លូវជាតិ​លេខ៤​ ត្រង់​គីឡូម៉ែត្រ​លេខ១៤​+១០៥​ ទៅ​ភ្ជាប់នឹង​ផ្លូវជាតិ​លេខ១​ ត្រង់​គីឡូម៉ែត្រ​លេខ២៤​+៨៤០​ ដោយ​កាត់​ផ្លូវជាតិ​លេខ៣​ ផ្លូវជាតិ​លេខ២​ និង​ផ្លូវជាតិ​លេខ២១​ ដែល​គម្រោង​សាងសង់​រួចរាល់​នៅ​ឆ្នាំ២០២១ខាងមុខនេះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here