ដោយ ៖ រ៉ាណេត
កែប ៖ បន្ទាប់ពីកើតមានព្រឹត្តិការណ៍ថ្មីនៃការបាក់រលំអគារកម្ពស់៧ជាន់ ដែលស្ថិតក្រុងកែប ខេត្តកែប កាលពីម៉ោង ៤៖៤០នាទី ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ ដោយមានកម្មករប្រមាណ៣០នាក់ស្ថិតនៅក្នុងគំនរថ្មអគារ សម្ដេចតេជោ ហ៊ុន សែន បានធ្វើដំណើរចុះជួយសង្គ្រោះជនរងគ្រោះដោយផ្ទាល់។
រហូតមកដល់ត្រឹមម៉ោង ៨ ៖ ១០នាទី ក្នុងចំណោមកម្មករដែលត្រូវបានប៉ានស្មានស្ថិតនៅក្នុងគំនរថ្មបាក់អគាកម្ពស់៧ជាន់ប្រមាណ៣០នាក់នោះ ក្រុមសង្គ្រោះបានធ្វើការសង្គ្រោះជនរងគ្រោះបានចំនួន១៩នាក់ ដោយក្នុងនោះមានជនរងគ្រោះចំនួន៤នាក់បានស្លាប់។
-->
សម្រាប់មូលហេតុដែលបណ្តាលឱ្យរលំបាក់អគារកម្ពស់៧ជាន់នៅក្រុងកែបនេះ ត្រូវបានប្រភពនៅកន្លែងកើតហេតុបញ្ជាក់ប្រាប់ថា តាមពិតអគារមួយនេះជាអគារចាស់ ប៉ុន្តែមិនបានវាយកំទិចចោលដើម្បីសាងសង់សំណង់ថ្មីនោះទេ ផ្ទុយទៅវិញបែរជាសង់បន្ថែមពីលើកែច្នៃធ្វើជាអគារថ្មីទៅវិញ។
ប្រភពដដែលបានបន្តថា អគារនេះមានច្បាប់សាងសង់ត្រឹមតែ៥ជាន់តែប៉ុណ្ណោះ ប៉ុន្តែបែរជាបន្តសង់រហូតដល់៧ជាន់ និងសម្រេចបានប្រមាណ៩០ភាគរយលើការសាងសង់។
ក្រុមសង្គ្រោះដែលបានចុះទៅដល់ទីតាំងផ្ទាល់រួមមានកងកម្លាំង ៧១១ កម្លាំងកងអន្តរាគមន៍អជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយកងកម្លាំងនគរបាលក្រោមការបញ្ជារបស់លោក នេត សាវឿន ផងដែរ ៕




