ដោយ ប៊ី
ភ្នំពេញៈ វិស័យធនាគារមានសុខភាពល្អ និងបានរួមចំណែកយ៉ាងសកម្មក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ គាំទ្រការរីកចម្រើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រក្រោមសុខសន្តិភាព និងស្ថិរភាពនយោបាយដ៏រឹងមាំ ខណៈកំណើនប្រាក់កម្ចីបានកើនឡើងមកវិញដែលមានការជំរុញជាចម្បង ដោយកំណើនឥណទានទៅកាន់វិស័យសំណង់ និងអចលនទ្រព្យ ការប្រើប្រាស់ និងពាណិជ្ជកម្ម។
ប្រជាជនពេញវ័យដែលកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុ ផ្លូវការមាន៧១%នៃប្រជាជនពេញវ័យសរុប ជាមួយនឹងកំណើនប្រាក់បញ្ញើ២៥% និងប្រាក់កម្ចី២៦%។ នេះបើយោងតាមរបាយការណ៍ចុងក្រោយស្ដីពី វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ចនិងវិស័យធនាគារឆ្នាំ២០១៩ និងទស្សនវិស័យឆ្នាំ២០២០ រៀបចំដោយធនាគារជាតិនៃកម្ពុជា។
-->
របាយការណ៍បានឱ្យដឹងថា “កំណើនប្រាក់កម្ចីបានកើនឡើងមកវិញ បន្ទាប់ពីបានថយចុះនារយៈពេលបីឆ្នាំកន្លងទៅ ប៉ុន្តែមិនទាន់ដល់កម្រិតក្នុងអំឡុងឆ្នាំ២០១០-២០១៥ (៣០%) ទេ។ កំណើនឡើងវិញនេះជំរុញជាចម្បង ដោយកំណើនឥណទានទៅកាន់វិស័យសំណង់ និងអចលនទ្រព្យ ការប្រើប្រាស់ និងពាណិជ្ជកម្ម”។
ដោយសារការកើនឡើងនៃចំណូល តម្រូវការ និងភាពសម្បូរបែបនៃសេវាហិរញ្ញវត្ថុ ឥណទានសម្រាប់ការប្រើប្រាស់បានកើនឡើង នាប៉ុន្មានឆ្នាំចុងក្រោយនេះ ដូចជា ឥណទានសម្រាប់ទិញទំនិញប្រើប្រាស់ និងលំនៅឋានសម្រាប់ស្នាក់នៅ។
ឥណទានទាំងនេះបានជំរុញការប្រើប្រាស់ ដែលមានបច្ច័យវិជ្ជមានរួមចំណែកគាំទ្រកំណើនសកម្មភាពសេដ្ឋកិច្ច។ ទោះយ៉ាងណា ប្រសិនបើអ្នកប្រើប្រាស់មិនបានចំណាយឱ្យចំគោលដៅទេ នោះការកើនឡើងនៃឥណទានក៏អាចបង្កជាហានិភ័យផងដែរ។ ម្យ៉ាងទៀត ប្រព័ន្ធធនាគារបានធ្វើទំនើបកម្មប្រព័ន្ធទូទាត់ ដើម្បីគាំទ្រការរីកចម្រើនឥតឈប់ឈរនៃសេដ្ឋកិច្ច និងសមាហរណកម្មទៅក្នុងតំបន់។
បច្ចុប្បន្ននេះប្រជាជនប្រមាណ៥លាននាក់ កំពុងប្រើប្រាស់សេវាទូទាត់សងប្រាក់ប្រកបដោយភាពងាយស្រួល ឆាប់រហ័ស សុវត្ថិភាព និងតម្លៃសមរម្យ។ ធនាគារជាតិនៃកម្ពុជាកំពុងអភិវឌ្ឍស្តង់ដារ QR Code និងដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធបាគងផ្អែកលើបច្ចេកវិទ្យាBlockchain សម្រាប់សម្រួលដល់ការទូទាត់ឆ្លងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងប្រតិបត្តិការទូទាត់ឆ្លងដែន៕