ដោយ ប៊ី
ភ្នំពេញៈ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា ឧបទ្ទវហេតុទាក់ទងនឹងការបាក់រលំអគារ នឹងឈានដល់ការលុបបំបាត់ បន្ទាប់ច្បាប់ស្ដីពីសំណង់ត្រូវបានអនុវត្តន៍ពេញលេញ។

សម្ដេចតេជោ បានថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០២០ បន្ទាប់ពីហេតុការណ៍បាក់រលំអគារកម្ពស់៧ជាន់ នៅឯខេត្តកែប បានលេបត្របាក់ជីវិតចំនួន៣៦នាក់ (ស្រី១៤នាក់) ក្នុងចំណោមជនរងគ្រោះទាំងនេះ មានក្មេងចំនួន០៦នាក់ (ក្មេងស្រី២នាក់) និងមានអ្នករងរបួសចំនួន២៣នាក់ (ស្រី០៨នាក់)។
សម្ដេចតេជោ បានមានប្រសាសន៍ថា“សង្ឃឹមនៅពេលខាងមុខ បន្ទាប់ពីច្បាប់សំណង់ត្រូវបានអនុវត្តពេញលេញ។ ខ្ញុំគិតថាឧបទ្ទវហេតុបែបនេះ នឹងត្រូវបានកាត់បន្ថយឬឈានទៅដល់លុបបំបាត់ ដោយតែមុននេះយើងមិនទាន់មានច្បាប់សំណង់ទេ”។
សម្ដេចតេជោបានបន្តថា “ច្បាប់សំណង់ទើបតែអនុម័តមួយខែ ឬពីរខែ (ច្បាប់ត្រូវបានអនុម័តនៅថ្ងៃ ៧ ខែវិច្ឆកា ឆ្នាំ ២០១៩) ដូច្នេះទើបតែបានពីរខែ។ ច្បាប់សំណង់របស់យើងមិនទាន់បានអនុវត្តបានពេញលេញទេ”។

លោកបានថ្លែងទៀតថា “ឧទាហរណ៍ដែលតម្រូវឱ្យសំណង់មួយ តម្រូវឱ្យជួលក្រុមហ៊ុនមួយផ្សេងទៀត ដើម្បីមកត្រួតពិនិត្យនូវគុណភាពសំណង់។ អ្នកធ្វើទៅវាដាក់ដែកស្របទៅតាមតាមប្លង់ដែលគេគូសឬក៏អត់។ នេះចំណុចខ្វះវានៅកន្លែងហ្នឹង”។
កាលដើមខែ វិច្ឆិកា ឆ្នាំ ២០១៩ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានឡាយព្រះហស្ថលេខាអនុញ្ញាតដាក់ឱ្យប្រើច្បាប់សំណង់ជាផ្លូវការហើយ បន្ទាប់ពីរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០១៩ និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩ កន្លងមកនេះ។
ច្បាប់ស្តីពីសំណង់នេះមាន២២ ជំពូក និង១១៣មាត្រា ហើយច្បាប់ស្តីពីសំណង់នេះ មានគោលដៅកំណត់គោលការណ៍ បទបញ្ញត្តិបច្ចេកទេសសំណង់ វិធាន និងនីតិវិធីក្នុងការគ្រប់គ្រងវិស័យសំណង់ក្នុងប្រទេសកម្ពុជា។

ច្បាប់ស្ដីពីសំណង់ត្រូវបានរៀបចំឡើង ក្នុងគោលបំណង និងសារប្រយោជន៍ដូចខាងក្រោម៖* ពង្រឹងការគ្រប់គ្រងគ្រប់ភាគីពាក់ព័ន្ធ និងការប្រតិបត្តិការងារទាំងឡាយ ក្នុងវិស័យសំណង់ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ការពារផលប្រយោជន៍ម្ចាស់សំណង់ អ្នកប្រើប្រាស់ និងសាធារណជន។
* ចូលរួមពង្រឹងការគ្រប់គ្រងនគរូបនីយកម្ម ដោយអភិវឌ្ឍទីក្រុងឱ្យមានសោភណភាព និងបរិស្ថានល្អសម្រាប់ការរស់នៅប្រកបដោយចីរភាព សំដៅលើកកម្ពស់សុខុមាលភាពសាធារណៈ។
* បង្កើនគណនេយ្យភាព និងប្រសិទ្ធភាពក្នុងការប្រកបការងារ និងការប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់។
* បង្កើនការជឿទុកចិត្តរបស់វិនិយោគិននៅក្នុងវិស័យសំណង់ ជំរុញទីផ្សារអចលនទ្រព្យប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចសង្គម។

* គុណភាព សន្ដិសុខ សុវត្ថិភាពសំណង់ ការងារទ្រព្យសម្បត្តិនិងសុខុមាលភាពរបស់ម្ចាស់សំណង់អ្នកប្រើប្រាស់សំណង់ និងសាធារណជន។
* សោភណភាព និងបរិស្ថានល្អ សម្រាប់ការរស់នៅប្រកបដោយចីរភាព សំដៅលើកកម្ពស់សុខុមាលភាពសាធារណៈ។
* គណនេយ្យភាពនិងប្រសិទ្ធភាព ក្នុងការប្រកបការងារនិងការប្រកបវិជ្ជាជីវៈ ក្នុងវិស័យសំណង់។
* ការបង្កើនការជឿទុកចិត្តរបស់វិនិយោគ នៅក្នុងវិស័យសំណង់ និងជំរុញទីផ្សារអចលនទ្រព្យប្រកបដោយប្រសិទ្ធភាពផ្នែកសេដ្ឋកិច្ចនិងសង្គម៕






