ដោយ ប៊ី
ភ្នំពេញ៖ សុខសន្តិភាព និងស្ថិរភាពនយោបាយដំរឹងមាំធ្វើឱ្យវិស័យធនាគារមានសុខភាពល្អ និងបានរួមចំណែកយ៉ាងសកម្មក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ គាំទ្រការរីកចម្រើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ។

របាយការណ៍ប្រចាំឆ្នាំរបស់ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ប្រជាជនពេញវ័យដែលកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការមាន ៧១% នៃប្រជាជនពេញវ័យសរុប ជាមួយនឹងកំណើនប្រាក់បញ្ញើ ២៥ % និងប្រាក់កម្ចី ២៦%។
កំណើនប្រាក់កម្ចីបានកើនឡើងមកវិញ បន្ទាប់ពីបានថយចុះនារយៈពេលបីឆ្នាំកន្លងទៅ ប៉ុន្តែមិនទាន់ដល់កម្រិតក្នុងអំឡុងឆ្នាំ២០១០-២០១៥ (៣០%) ទេ។
របាយការណ៍បានបន្ថែមថា “កំណើនឡើងវិញនេះជំរុញជាចម្បងដោយកំណើនឥណទានទៅកាន់វិស័យសំណង់និងអចលនទ្រព្យ ការប្រើប្រាស់ និងពាណិជ្ជកម្ម”។
ដោយសារ ការកើនឡើងនៃចំណូល តម្រូវការ និងភាពសម្បូរបែបនៃសេវាហិរញ្ញវត្ថុ ឥណទានសម្រាប់ការប្រើប្រាស់បានកើនឡើងនាប៉ុន្មានឆ្នាំចុងក្រោយនេះ ដូចជា ឥណទានសម្រាប់ទិញទំនិញប្រើប្រាស់ និងលំនៅឋានសម្រាប់ស្នាក់នៅ។
ឥណទានទាំងនេះបានជំរុញការប្រើប្រាស់ ដែលមានបច្ច័យវិជ្ជមានរួមចំណែកគាំទ្រកំណើនសកម្មភាពសេដ្ឋកិច្ច។

ទោះយ៉ាងណា ប្រសិនបើអ្នកប្រើប្រាស់មិនបានចំណាយឱ្យចំគោលដៅទេ នោះការកើនឡើងនៃឥណទានក៏អាចបង្កជាហានិភ័យផងដែរ។
ម្យ៉ាងទៀត ប្រព័ន្ធធនាគារបានធ្វើទំនើបកម្មប្រព័ន្ធទូទាត់ ដើម្បីគាំទ្រការរីកចម្រើនឥតឈប់ឈរនៃសេដ្ឋកិច្ច និងសមាហរណកម្មទៅក្នុងតំបន់។
បច្ចុប្បន្ន ប្រជាជនប្រមាណ ៥ លាននាក់ កំពុងប្រើប្រាស់ សេវាទូទាត់សងប្រាក់ប្រកបដោយភាពងាយស្រួល ឆាប់រហ័ស សុវត្ថិភាព និងតម្លៃសមរម្យ។
ធនាគារជាតិនៃកម្ពុជាកំពុងអភិវឌ្ឍស្តង់ដារ QR Code និងដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធបាគងផ្អែកលើបច្ចេកវិទ្យា Blockchain សម្រាប់សម្រួលដល់ការទូទាត់ឆ្លងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងប្រតិបត្តិការទូទាត់ឆ្លងដែន៕







