ដោយ ប៊ី
ភ្នំពេញ៖ ក្រុមប្រឹក្សាវិនិយោគ (BoI) របស់ប្រទេសថៃកំពុងលើកទឹកចិត្តក្រុមហ៊ុនថៃពង្រីកវត្តមានរបស់ខ្លួននៅក្នុងទីផ្សារអាស៊ីខាងត្បូង និងបណ្តាប្រទេសអាស៊ាន រួមមានកម្ពុជា ខណៈប្រទេសជាច្រើនត្រូវការការវិនិយោគផ្ទាល់ពីបរទេសថ្មីៗនៅក្នុងវិស័យថាមពលកកើតឡើងវិញ និងសំណង់។

លោកស្រី Ratanawimon Nareesukreekhet នាយករងនៃការជំរុញការវិនិយោគក្រៅប្រទេសរបស់ថៃនៃក្រុមប្រឹក្សា BoI បានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា ប្រទេសខ្លួនកំពុងប្ដេជ្ញាជំរុញក្រុមហ៊ុនថៃដើម្បីវិនិយោគនៅកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ប្រទេសបង់ក្លាដែសម៉ាល់ឌីវ ឥណ្ឌា ប៉ាគីស្ថាន និងស្រីលង្កាគឺជាប្រទេសគោលដៅសម្រាប់ BoI ដើម្បីគាំទ្រដល់ការវិនិយោគនាពេលអនាគតពីក្រុមហ៊ុនថៃ។
ក្រុមប្រឹក្សា BoI ប្តេជ្ញាលើកទឹកចិត្តក្រុមហ៊ុនថៃឱ្យបន្តវត្តមានអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមដើម្បីចាប់យកកំណើនផលិតផលសរុបក្នុងស្រុកដ៏ខ្លាំងក្លានៅក្នុងប្រទេសជិតខាងនេះ។
លោកស្រី Ratanawimon បានមានប្រសាសន៍ថា “វាមានវិស័យសក្តានុពលជាច្រើននៅក្នុងប្រទេសជិតខាងចំនួនបួន ដូចជាកសិកម្មវាយនភណ្ឌ និងសម្លៀកបំពាក់ ទេសចរណ៍ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ការលក់រាយ និងវេចខ្ចប់ ហើយក្រុមហ៊ុនថៃមានសមត្ថភាពគ្រប់គ្រាន់ក្នុងការពង្រីកអាជីវកម្មរបស់ពួកគេដើម្បីបម្រើសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់”។

លោកស្រីមានប្រសាសន៍ថា “អាស៊ីខាងត្បូងមានឱកាស និងកំណើនសេដ្ឋកិច្ច ស្របពេលដែលប្រទេសជាច្រើនកំពុងអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធ។ ក្រុមប្រឹក្សា BoI ត្រូវបានធ្វើការទំនាក់ទំនងដោយរដ្ឋាភិបាលមកពីតំបន់នោះ ហើយយើងកំពុងធ្វើការយ៉ាងជិតស្និទ្ធដើម្បីនាំក្រុមហ៊ុនថៃមកធ្វើទស្សនកិច្ច និងវិនិយោគនៅក្នុងប្រទេសទាំងនោះ”។
លោកស្រី Ratanawimon បាននិយាយថា អាស៊ីខាងត្បូងមានប្រទេសកំពុងអភិវឌ្ឍន៍ដែលផ្លូវថ្នល់ អគារ និងរោងចក្រថាមពលកំពុងគ្រោងនឹងចាប់ផ្តើមសាងសង់។
ក្រុមប្រឹក្សា BoI មានគោលនយោបាយជំរុញ និងលើកទឹកចិត្តក្រុមហ៊ុនថៃពង្រីកអាជីវកម្មរបស់ខ្លួននៅក្រៅប្រទេសចាប់តាំងពីឆ្នាំ ២០១០៕






