ដោយ ៖ រ៉ាណេត
កំពង់ស្ពឺ ៖ បន្ទាប់ពីបានសម្ពោធបើកដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអាកាសលើកដំបូងក្រោមថវិកាជំនួយពីសប្បុរសជនកាលពីចុងខែធ្នូ ឆ្នាំ២០១៩ កន្លងទៅថ្មីនេះ រដ្ឋបាលខេត្តកំពង់ស្ពឺបានបង្ហើបពីនៃការសាងសង់ស្ពានអាកាសចំនួន២បន្ថែមទៀត ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ប្រកបដោយសុវត្ថិភាព។

ជាមួយនឹងកំណើនសេដ្ឋកិច្ចក្នុងតំបន់យ៉ាងលឿនលើសពីការរំពឹងទុកក្រោមលំហូរនៃចំនួនអ្នកវិនិយោគជាច្រើន ជាពិសេសក្រុមហ៊ុនចិនទៅលើវិស័យឧស្សាហកម្ម និងសិប្បកម្ម រោងចក្រ ដែលកាន់តែធ្វើឱ្យកំណើនប្រជាសាស្ត្រចូលទៅរស់នៅក្នុងខេត្តមួយនេះយ៉ាងកុះករ។
អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ថា បច្ចុប្បន្ននេះ ខេត្តកំពង់ស្ពឺមានកំណើនប្រជាសាស្ត្រជាច្រើនដែលគ្រាន់អ្នកចំណូលថ្មីដែលជាកម្មករ កម្មការិនីមានរាប់ម៉ឺននាក់។
លោក វ៉ី សំណាង បានមានប្រសាសន៍បញ្ជាក់ថា “នៅទូទាំងខេត្តកំពង់ស្ពឺមានរោងចក្រ សហគ្រាសតូចធំប្រមាណ២៧០ ទីតាំង ដែលផ្ដល់ការងារជាង១៣ម៉ឺននាក់ សម្រាប់តែឈ្មោះដែលស្ថិតនៅក្នុងបញ្ជី ដោយមិនបញ្ចូលចំនួនអ្នកធ្វើការនៅតាមសិប្បកម្មខ្នាតតូចមួយចំនួនដែលផ្ដល់កន្លងការងារមិនក្រោម២ម៉ឺននាក់ដែលមិនទាន់ចុះបញ្ជីនោះទេ”។ លោកបន្តថា “តាមរយៈវត្តមានរោងចក្រ សហគ្រាសទាំងអស់នេះ គិតជាមធ្យមទឹកប្រាក់ប្រមាណជិត៣៣លានដុល្លារ ត្រូវបានចរាចរណ៍ក្នុងរូបភាពជាប្រាក់បៀវត្សប្រចាំខែរបស់កម្មករ កម្មការិនី”។

អភិបាលខេត្តកំពង់ស្ពឺបានមានប្រសាសន៍បន្តទៀតថា “ដោយសារតែកំណើនវិនិយោគកើនយ៉ាងគំហុក បានជំរុញឱ្យកំណើនប្រជាសាស្ត្រកើនឡើងច្រើនដូចគ្នា។ នៅពេលមានកំណើនប្រជាសាស្ត្រ ជាពិសេសដោយសារតែផ្លូវជាតិលេខ៤ជាផ្លូវសេដ្ឋកិច្ចយ៉ាងសកម្ម ការធ្វើចរាចរណ៍កាន់តែប្រឈមនឹងគ្រោះថ្នាក់ ដែលតម្រូវឱ្យរដ្ឋបាលខេត្តមានការយកចិត្តទុកដាក់ក្នុងការដោះស្រាយ និងជួយសម្រួលជាចាំបាច់”។
នៅក្នុងគម្រោងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺក្នុងការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធនានាទូទាំងខេត្ត ជាពិសេសបញ្ចៀសបញ្ហាចរាចរណ៍ នៅខាងមុខនេះ នឹងមានការសាងសង់ស្ពានអាកាសចំនួន២បន្ថែមទៀត ដែលមានទីតាំងនៅក្នុងក្រុងច្បារមនចំនួន១ និងស្ថិតនីក្នុងស្រុងសំរោងទងចំនួន១កន្លែងផងដែរ។
លោក វ៉ី សំណាង បានបញ្ជាក់ថា ចំពោះការសាងសង់សំណង់ស្ពានអាកាសទាំង២បន្ថែមទៀតនេះ គឺមិនជាការចំណាយរបស់រដ្ឋាភិបាលនោះទេ ប៉ុន្តែរដ្ឋបាលខេត្តនឹងខិតខំព្យាយាមស្វែងថវិកាដែលជាជំនួយរបស់សប្បុរសជនដូចគ្នាទៅនឹងការសាងសង់ស្ពានអាកាសទីមួយដែលទើបតែសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ៕







