ដោយ ប៊ី
ភ្នំពេញៈ ការវិនិយោគ និងការងារទ្វេភាគីរវាងហ្វីលីពីន និងកម្ពុជាត្រូវបានមើលឃើញថា កំពុងទទួលបានការជម្រុញពីកិច្ចព្រមព្រៀងពន្ធត្រួតស៊ីគ្នា(DTA) ដែលប្រទេសទាំងពីរនឹងចុះហត្ថលេខាឆាប់ៗនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទនេះ ក្រសួងហិរញ្ញវត្ថុហ្វីលីពីន(DOF) បានឱ្យដឹងថា ក្នុងអំឡុងពេលចរចាដែលបានធ្វើឡើងនៅខេត្តសៀមរាប កាលពីចុងឆ្នាំមុន ប្រទេសកម្ពុជា“ បានយល់ព្រមលើសំណើភាគច្រើនរបស់ហ្វីលីពីន” ទាក់ទងនឹងបទប្បញ្ញត្តិកិច្ចព្រមព្រៀងពន្ធត្រួតស៊ីគ្នាដែលបានស្នើឡើង។
លោក Antonette Tionko អនុរដ្ឋលេខាធិការហិរញ្ញវត្ថុ បានដឹកនាំគណៈប្រតិភូហ្វីលីពីន ខណៈលោកជំទាវប៊ុន នារី អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ តំណាងឱ្យប្រទេសកម្ពុជា។ ការចរចាកាលពីចុងឆ្នាំមុនគឺធ្វើឡើង បន្ទាប់ពិភាក្សាដំបូងនៅខែមិថុនាឆ្នាំ ២០១៨។
កិច្ចព្រមព្រៀងពន្ធត្រួតស៊ីគ្នារវាងកម្ពុជា និងហ្វីលីពីននេះនឹងអនុញ្ញាតឱ្យប្រជាជននៃប្រទេសទាំងពីរ ដែលកំពុងធ្វើការនៅប្រទេសផ្សេងទៀតបង់ពន្ធ តែនៅក្នុងប្រទេសកំណើតរបស់ពួកគេ។
ការិយាល័យចំណូលផ្ទៃក្នុង(BIR)របស់ហ្វីលីពីន បានពន្យល់នៅលើគេហទំព័ររបស់ខ្លួន “ប្រសិនបើអ្នកមិនមែនជាប្រជាជនក្នុងស្រុក មានប្រភពចំណូលនៅក្នុងប្រទេសហ្វីលីពីន និងជាប្រជាជនក្នុងស្រុកនៅក្នុងប្រទេសមួយផ្សេងទៀត គាត់នឹងត្រូវទទួលខុសត្រូវក្នុងការបង់ពន្ធ នៅក្នុងប្រទេសទាំងពីរក្រោមច្បាប់ពន្ធរបស់ពួកគេ”។
ការិយាល័យចំណូលផ្ទៃក្នុងនេះបានបន្ថែមថា “ដើម្បីចៀសវាងការយកពន្ធទ្វេដង នៅក្នុងស្ថានភាពនេះ ប្រទេសហ្វីលីពីនបានចរចាលើកិច្ចព្រមព្រៀងពន្ធត្រួតស៊ីគ្នា ជាមួយប្រទេសផ្សេងៗទៀត។ អ្នកមិនមែនជាប្រជាជនក្នុងស្រុក នៅក្នុងប្រទេសមួយផ្សេងទៀតដែលហ្វីលីពីន មានកិច្ចព្រមព្រៀងពន្ធនេះ អាចទាមទារការលើកលែង ឬការបន្ធូរបន្ថយដោយផ្នែកខ្លះពីពន្ធរបស់ហ្វីលីពីន ទៅលើប្រភេទប្រាក់ចំណូលជាក់លាក់ ពីប្រភពរបស់ហ្វីលីពីន”។

ការិយាល័យចំណូលផ្ទៃក្នុងខាងលើបានឱ្យដឹងថា កិច្ចព្រមព្រៀងពន្ធត្រួតស៊ីគ្នាជាមួយប្រទេសកម្ពុជាត្រូវបានរំពឹងថា នឹងជំរុញការវិនិយោគឆ្លងកាត់ព្រំដែន រវាងប្រទេសហ្វីលីពីន និងប្រទេសកម្ពុជា និងការចូលរួមរបស់អ្នកជំនាញហ្វីលីពីនបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា។
ក្នុងឆ្នាំ២០១៨ មានប្រជាជនហ្វីលីពីនប្រហែល៥០នាក់ ដែលបានចុះឈ្មោះជាម្ចាស់ភាគហ៊ុននៅក្នុងក្រុមហ៊ុនកម្ពុជា។ ក្រុមហ៊ុនទាំងនេះ ត្រូវបានចូលរួមនៅក្នុងការដូចខាងក្រោម: ការដឹកជញ្ជូនទំនិញ និងសេវាកម្មពាក់ព័ន្ធ កុំព្យូទ័រ និងសេវាកម្មពាក់ព័ន្ធផ្សេងទៀត កន្លែងឆ្លើយតបអតិថិជន ការស្រាវជ្រាវទីផ្សារ និងការស្ទង់មតិសាធារណៈ នាំចូល និងនាំចេញទំនិញ និងគណនេយ្យគណនេយ្យ និងប្រឹក្សាយោបល់ពន្ធ ការអភិវឌ្ឍអចលនទ្រព្យ ការអភិវឌ្ឍន៍ផ្នែកទន់ ផលិតកម្មសម្លៀកបំពាក់ និងសេវាកម្មអប់រំ។
ការិយាល័យចំណូលផ្ទៃក្នុងខាងលើឱ្យដឹងថា មានប្រជាជនហ្វីលីពីនជាង២,៥០០ នាក់កំពុងធ្វើការ នៅក្នុងប្រទេសកម្ពុជាក្នុងនាមជាកម្មករ រោងចក្រ គ្រូបង្រៀន កម្មករបច្ចេកទេស និងជំនាញ អ្នកគ្រប់គ្រង អ្នកសិល្បៈវិស្វករ និងស្មៀន និងបុគ្គលិកសេវាកម្មផ្សេងទៀតកាលពី២ឆ្នាំមុន៕






