ដោយវុត្ថា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យវិនិយោគិនបង់ក្លាដេសមកវិនិយោគ សង់ឃ្លាំង រោងម៉ាស៊ីនកិនស្រូវ និងប្រមូលទិញស្រូវពីប្រជាជនដើម្បីធ្វើការកិននាំចេញទៅប្រទេស បង់ក្លាដេស។

សម្តេចតេជោ ហ៊ុន សែន នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក Muhammad Faruk Khan ប្រធានគណកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកកិច្ចការបរទេសនៃសភាបង់ក្លាដេស នៅវិមានសន្តិភាពកាលពីថ្ងៃទី៦ ខែមករា ម្សិលមិញនេះ ឱ្យដឹងថា កន្លងមកសម្ដេចបានស្វែងយល់អំពីតម្រូវអង្កររបស់ប្រទេសបង់ក្លាដេស ដែលមានបំណងស្វែងរកទិញអង្ករ ពីកម្ពុជា។
សម្តេចបន្តថា ក្នុងន័យនេះ គប្បីរកវិធីសាស្ត្រដើម្បីអាចទិញអង្ករពីកម្ពុជាបាននូវតម្លៃដ៏សមស្របមួយ នោះគឺតាមវិធីដែលប្រជាជនឬក៏អ្នកវិនិយោគបង់ក្លាដេស អាចមកវិនិយោគ សង់ឃ្លាំង រោងម៉ាស៊ីនកិនស្រូវ និងប្រមូលទិញស្រូវពីប្រជាជនផ្ទាល់តែម្ដង ដើម្បីធ្វើការកិននាំចេញទៅប្រទេស បង់ក្លាដេស ដែលក្នុងន័យនេះតម្លៃអង្កររបស់កម្ពុជា នឹងអាចមានតម្លៃប្រកួតប្រជែងជាមួយប្រទេសដទៃទៀតផង ។
សម្តេចបន្ថែមថា “ក្នុងន័យនេះផងដែរ ប្រទេសបង់ក្លាដេស នឹងទទួលបានសុវត្ថិភាពអង្ករ សុវត្ថិភាពភាពអាហារ ពិសេសជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែល្អថែមទៀតផងដែរ” ។
សម្តេចតេជោ បន្ថែមទៀតថា “យើងគប្បីណាជំរុញការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនិងមន្ត្រីរបស់ប្រទេសទាំងពីរដើម្បីធ្វើយ៉ាងណាឲ្យមានការយល់ដឹងគ្នាកាន់តែខ្លាំងឡើងខ្ពស់ និងទំនាក់ទំនងកាន់តែខ្លាំងឡើងក្នុងន័យស្វែងរកនូវកិច្ចសហប្រតិបត្តិការផ្សេងរួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វិនិយោគនិងពាណិជ្ជកម្មផង”។

សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បង្ហាញទិន្នន័យកាលពីពេលថ្មីៗនេះ ថា បរិមាណអង្ករនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ នៅឆ្នាំ ២០១៩ បានចំនួនជាង ៦សែន (៦២០.១០៦) តោន។ ចំនួននេះ ធ្លាក់ចុះជិត ១ (០,៩៧) ភាគរយ បើធៀបនឹងការនាំចេញនៅឆ្នាំ២០១៨។
ចំណែកតម្លៃសរុបនៃការនាំទំនិញចេញ ក៏បានធ្លាក់ចុះដែរ គឺធ្លាក់ចុះ ៤,៣ភាគរយដែរ ដោយការនាំចេញនៅឆ្នាំ២០១៩ មានទំហំទឹកប្រាក់ ចំនួនប្រាំរយមួយ (៥០១) លានដុល្លារអាមេរិក ឯកាលឆ្នាំ២០១៨ ការនាំចេញ មានទំហំទឹកប្រាក់ ប្រាំរយម្ភៃបួន (៥២៤) លានដុល្លារអាមេរិក។
ការនាំចេញអង្ករនៅឆ្នាំ២០១៩ ទៅចិនមានចំនួនច្រើនជាងគេ (គឺ ២៤៨.១០៥តោន ស្មើនឹង ៤០,៧៣%) បន្ទាប់មក គឺទីផ្សារអឺរ៉ុប (២០២.៩៩០តោន ស្មើនឹង ៣២,០១%) ទីផ្សារធំទី៣ គឺក្នុងតំបន់អាស៊ាន (៨៣.១៦៤តោន) និងទិសដៅផ្សេងទៀត ជាង ៨ម៉ឺន (៨៥.៨៤៧) តោន។
បើទោះជាការនាំចេញសរុប បានធ្លាក់ចុះជិត ១ភាគរយក្ដី ក៏ការនាំចេញទៅប្រទេសចិន កើនឡើង ជាង ៣០ (៣៣,៣) ភាគរយ បើធៀបទៅនឹងឆ្នាំ២០១៨។ ប៉ុន្តែការនាំចេញទៅអឺរ៉ុបវិញ បានធ្លាក់ចុះជាងឆ្នាំ២០១៨ ចំនួនជាង ២៤ (២៤,៥)ភាគរយ៕







