ដោយ Donald Lee
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុបារាំងលោក Bruno Le Maire បាននិយាយថា ភាពតានតឹងផ្នែកសេដ្ឋកិច្ចរវាងអាមេរិក និងបារាំងបានកើនឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយត្រៀមខ្លួនដើម្បីបញ្ចប់សង្គ្រាមពាណិជ្ជកម្ម។

លោករដ្ឋមន្រ្តីបាននិយាយថា បារាំង និងអឺរ៉ុបបានព្យាយាមធ្វើឱ្យមានភាពសមហេតុផល និងយុត្តិធម៌ទាក់ទងនឹងផលប្រយោជន៍សេដ្ឋកិច្ចរបស់អាមេរិកនៅក្នុងសហភាពអឺរ៉ុប ប៉ុន្តែទណ្ឌកម្មរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump លើទំនិញអឺរ៉ុបគឺមិនសមរម្យ មិនរាក់ទាក់ និងមិនស្របច្បាប់”។
លោករដ្ឋមន្ត្រីបានផ្តល់បទសម្ភាសន៍ជាមួយកាសែត Le Journal du Dimanche ថា “យើងចង់ចៀសវាងសង្គ្រាមពាណិជ្ជកម្ម ប៉ុន្តែយើងត្រៀមខ្លួនឆ្លើយតបជាមួយដៃគូអឺរ៉ុបរបស់យើង ប្រសិនបើយើងរងនូវការដាក់ទណ្ឌកម្មដែលយើងគិតថាមិនសមរម្យ មិនរាក់ទាក់ និងខុសច្បាប់”។
រដ្ឋាភិបាលអាមេរិកបានប្រកាសកាលពីខែមុនថា ខ្លួននឹងដាក់ពន្ធ ១០០ ភាគរយលើទំនិញបារាំងដែលមានតម្លៃ ២,៤ ពាន់លានដុល្លារ និងរួមមានស្រាសំប៉ាញ កាបូបច្នៃ និងឈីស។
ពន្ធគយលើការនាំចូលរបស់បារាំងកើតឡើង បន្ទាប់ពីការស៊ើបអង្កេតរបស់រដ្ឋាភិបាលអាមេរិកលើពន្ធថ្មីនៃសេវាកម្មឌីជីថលបារាំងដែលដាក់ពន្ធលើប្រាក់ចំណេញ ៣ ភាគរយលើក្រុមហ៊ុនឌីជីថលដែលរកចំណូលបានជាង ២៧,៨៦ លានដុល្លារនៅប្រទេសបារាំង និង ៨៣០ លានដុល្លារនៅទូទាំងពិភពលោក។
ក្រុមអ្នកវិភាគជឿជាក់ថា ពន្ធថ្មីនេះគឺសំដៅដោយផ្ទាល់ទៅលើក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកដូចជា Facebook Apple និងAmazon។
ឯកអគ្គរដ្ឋ Robert Lighthizer បានថ្លែងនៅក្នុងរបាយការណ៍របស់តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) ថា “ការសម្រេចចិត្តរបស់តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកនៅថ្ងៃនេះផ្ញើសញ្ញាយ៉ាងច្បាស់ថា អាមេរិកនឹងចាត់វិធានការប្រឆាំងនឹងច្បាប់ពន្ធឌីជីថលដែលរើសអើង ឬដាក់បន្ទុកមិនត្រឹមត្រូវលើក្រុមហ៊ុនអាមេរិក”។
លោក Lighthizer បានបន្ថែមថា “តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកផ្តោតលើការប្រឆាំងការកើនឡើងនៃការគាំពារនិយមរបស់បណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបដែលផ្តោតលើក្រុមហ៊ុនអាមេរិកដោយអយុត្តិធម៌ មិនថាតាមរយៈពន្ធសេវាកម្មឌីជីថល ឬកិច្ចខិតខំប្រឹងប្រែងផ្សេងទៀតដែលផ្តោតលើក្រុមហ៊ុនសេវាកម្មឌីជីថលឈានមុខរបស់អាមេរិក”។ពន្ធគយនេះផ្តោតលើវិស័យស្រាដែលរកចំណូលបានច្រើនរបស់ប្រទេសបារាំង កាបូបដៃ និងគ្រឿងសំអាងដែលមិនមាននៅក្នុងការដំឡើងពន្ធ ២៥ ភាគរយរបស់រដ្ឋាភិបាលអាមេរិកទៅលើផលិតផលរបស់អឺរ៉ុបកាលពីខែ តុលា។
បន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសដំឡើងពន្ធសហភាពអឺរ៉ុប រដ្ឋមន្ត្រីសេដ្ឋកិច្ចបារាំងបានប្តេជ្ញាសងសឹកចំពោះអ្វីដែលលោកចាត់ទុកថាជាទណ្ឌកម្មពាណិជ្ជកម្ម។

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចបារាំងលោក Bruno Le Maire បាននិយាយកាលពីខែ តុលា ថា “យើង អឺរ៉ុបនឹងធ្វើការដាក់ទណ្ឌកម្មស្រដៀងគ្នានេះនៅក្នុងប៉ុន្មានខែទៀត ប្រហែលជារឹតតែពិបាកថែមទៀតក្នុងក្របខ័ណ្ឌរបស់អង្គការពាណិជ្ជកម្មពិភពលោកដើម្បីសងសឹកចំពោះទណ្ឌកម្មរបស់អាមេរិកទាំងនេះ”។
ប្រធានថ្មីនៃធនាគារកណ្តាលអឺរ៉ុបលោកស្រី Christine Lagarde បាននិយាយកាលពីខែមុនថា សេដ្ឋកិច្ចពិភពលោកត្រូវបញ្ឈប់សង្គ្រាមពាណិជ្ជកម្មទាំងអស់ដើម្បីទ្រទ្រង់សេដ្ឋកិច្ចដែលមានសុខភាពល្អ។ លោកស្រីបានផ្តោតលើសង្គ្រាមពាណិជ្ជកម្មដែលជាកត្តាចម្បងមួយដែលរារាំងកំណើនផលិតផលសុរបក្នុងស្រុកសរុបនៅជុំវិញពិភពលោក និងបង្កភាពមិនប្រាកដប្រជានៅក្នុងខ្សែសង្វាក់តម្លៃពិភពលោក។
លោកស្រី Lagarde មានប្រសាសន៍ថា “ភាពតានតឹងខាងពាណិជ្ជកម្មដែលកំពុងកើតមាន និងភាពមិនប្រាកដប្រជាខាងភូមិសាស្ត្រនយោបាយកំពុងរួមចំណែកដល់ការធ្លាក់ចុះនៃកំណើនពាណិជ្ជកម្មពិភពលោកដែលមានចំនួនច្រើនជាងពាក់កណ្តាលចាប់តាំងពីឆ្នាំមុន។ កត្តានេះបានធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះដល់កម្រិតទាបបំផុត គិតចាប់តាំងពីវិបត្តិហិរញ្ញវត្ថុដ៏ធំធេង”៕






