ដោយវុត្ថា
ភ្នំពេញ៖ នៅក្នុងប្រទេសកម្ពុជាមានកោះជាច្រើននៅតាមខេត្តដែលនៅជាប់ឆ្នេរសមុទ្រ ដែលធ្វើឱ្យវិនិយោគិនជាតិ និងអន្តរជាតិ ចាប់អារម្មណ៍ក្នុងការធ្វើការវិនិយោគជាលក្ខណៈរមណីយដ្ឋានបែបលំហែកាយ សាងសងសណ្ឋាគារ និង កន្លែងស្នាក់នៅជាដើម ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ខាងក្រោមនេះ គឺជាតំបន់កោះស្អាតៗទាំង៣ នៅក្នុងខេត្តព្រះសីហនុ ក្នុងចំណោមកោះចំនួន ៣២ ដែលពោរពេញទៅដោយសក្តានុពល ក្នុងការវិនិយោគដោយក្នុងនោះមានដូចជា៖
១. កោះរ៉ុង
កោះរ៉ុងគឺជាកោះធម្មជាតិដែលមានផ្ទៃ ទឹកសមុទ្រពណ៌ខៀវស្រងាត់ និងមាន ទេសភាពស្អាតប្លែកបើប្រៀបធៀបនឹងកោះមួយចំនួននៅលើទឹកដីខេត្ត ព្រះសីហនុ ហើយក៏ត្រូវបានគេចាត់ទុកថាជាកោះ ដែលមានឆ្នេរខ្សាច់ស្រស់ស្អាត បំផុតនៅ ឥណ្ឌូចិនថែមទៀតផង។
កោះរ៉ុងជាកោះមួយ ដែលមានចម្ងាយប្រមាណ២៥គីឡូម៉ែត្រពីឆ្នេរសមុទ្រក្រុងព្រះសីហនុមាន ផ្ទៃដីគ្របដណ្តប់៧៨ គីឡូម៉ែត្រការ៉េមានបណ្តោយប្រវែង១៥គីឡូម៉ែត្រ ទទឹងប្រមាណ៩គីឡូម៉ែត្រនិងមានចំណុចខ្ពស់បំផុតរបស់កោះមាន កម្ពស់១៣៣ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។ ប្រសិនបើយើងធ្វើដំណើរពីកំពង់ផែទៅកាន់កោះរ៉ុងដោយកាណូតល្បឿនលឿននោះ គឺត្រូវប្រើពេលប្រមាណជា៣០នាទីនឹងបានទៅដល់កោះរុងជាមិនខាន។
បើប្រៀបធៀបជាមួយនឹងកោះមួយចំនួន កោះរ៉ុងហាក់មានប្រៀបច្រើនជាងគេ ក្នុងការទាក់ទាញអ្នកវិនិយោគ ព្រោះកោះនេះ មានគមនាគមន៍ផ្លូវទឹកដែលនាំយកអ្នកដំណើរ និងអ្នកទេសចរជារៀងរាល់ថ្ងៃរួចទៅហើយ។ ការវិនិយោគនៅលើកោះនេះ ភាគច្រើន ជាប្រទេសគម្រោង សណ្ឋាគារ រមណីយដ្ឋាន និងភោជនីយដ្ឋាន។

២. កោះរ៉ុងសន្លឹម
នៅក្បែរកោះរ៉ុង ក៏មានកោះដែលមានខ្សាច់សក្បុស នៅក្បែរនោះ គឺកោះរ៉ុងសន្លឹម។ លក្ខណៈពិសេសរបស់កោះរ៉ុងសន្លឹម គឺជាឆ្នេរខ្សាច់សដ៏វែង ជាមួយនឹងទឹកសមុទ្រពណ៌ខៀវស្រងាត់ បង្កើតជាទេសភាពដ៏កម្រមួយ ដែលអាចទាក់ទាញភ្ញៀវទេសចរ បានយ៉ាងច្រើនសន្ធឹកសន្ធាប់ ឱ្យទៅលម្ហែកាយនៅទីនោះ។ មិនខុសពីកោះរ៉ុងនោះទេ កោះរ៉ុងសន្លឹម គឺជាតំបន់ដែលកំពុងមានសក្តានុពលមួយ សម្រាប់គម្រោងវិនិយោគភោជនីយដ្ឋាន សណ្ឋាគារ ឬផ្ទះលម្ហែកាយជាដើម។

៣. កោះពស់
មិនខុសពីកោះខាងលើនោះឡើយ កោះពស់ក៏ជាកោះដែលមានសក្តានុពល ក្នុងការអភិវឌ្ឍ ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ និងសំណង់ដែរ។ ប៉ុន្តែវាពិសេសជាងកោះដទៃត្រង់ថា វានៅជិតបង្កើយទៅនឹងដីគោក ពោលគឺមិនដល់១គីឡូម៉ែត្រផង ឆ្លងទៅកោះនេះ។
លើសពីនេះទៅទៀត កោះនេះមានហេដ្ឋារចនាសម្ព័ន្ធដូចជា៖ ស្ពាន ផ្លូវថ្នល់ និងគម្រោងផ្ទះលម្ហែកាយមួយចំនួន អភិវឌ្ឍន៍រួចរាល់យ៉ាងស្អាតហើយ។ ប៉ុន្តែដោយសារតែមានបញ្ហាមួយចំនួន ធ្វើឱ្យកោះនេះអាក់ខាន មិនមានការអភិវឌ្ឍអ្វីបន្ថែមទៀត ហើយសូម្បីតែអ្នកទេសចរក៏មិនអាចចូលទៅបាន។ នាពេលអនាគត ប្រសិនជាមានអ្នកដែលអាចយកតំបន់នេះ មកដំណើរការអភិវឌ្ឍន៍បន្ថែម វាពិតជាក្លាយជាទីទាក់ទាញមួយ ដ៏ល្បីជាក់ជាមិនខាន។







