កម្ពុជានឹងទទួលបានអគ្គិសនីចំនួន១៩៥មេហ្កាវ៉ាត់ពីប្រទេសឡាវនៅមុន ឆ្នាំ២០២១ខាងមុខ

0

ដោយ​វុត្ថា

​ភ្នំ​ពេញៈ​ ​កម្ពុជា​នឹង​ទទួល​បាន​អគ្គិសនី​ចំនួន១៩៥មេ​ហ្គា​វ៉ាត់​ ​សម្រាប់​ប្រើប្រាស់​នៅមុខ​ឆ្នាំ២០២១​ ​ខាងមុខ​ពី​ប្រទេស​ឡាវ​ ​ខណៈ​ក្រុមការងារ​របស់​អ​ជ្ញា​ធរ​អគ្គិសនី​កម្ពុជា​កំពុង​ពន្លឿន​ការ​តភ្ជាប់​បណ្តាញ​ជាតិ​កម្ពុជា​ពី​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​។​

​យោង​តាម​ការ​ផ្សព្វផ្សាយ​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ ​ដែល​ទើប​ទទួល​បាន​នៅ​ថ្ងៃទី​ ​៨​ ​ខែមករា​ ​ឆ្នាំ​ ​២០២០នេះ​ថា​ ​ថាមពល​វារីអគ្គិសនី​ឡាវ១៩៥មេ​ហ្កា​វ៉ាត់​ ​បាន​ភ្ជាប់​មក​ប្រព័ន្ធ​បណ្តាញ​ជាតិ​កម្ពុជា​ ​ដោយ​ជោគជ័យ​នៅ​ម៉ោង៤​:​៥៨រសៀល​ថ្ងៃទី៧​ ​ខែមករា​ម្សិលមិញ​នេះ​។​ ​

​ប្រភព​ដែល​បន្ត​ថា​ ​“​នេះ​ជា​ថាមពល​ស្អាត​ពី​រោងចក្រ​វារីអគ្គិសនី​ ​ដន​សា​ហុង​ក្នុងទឹក​ដី​ឡាវ​”​។​ ​លោក​បន្ត​ថា​ ​“​នេះ​ក៏​ជា​ផ្លែផ្កា​នៃ​ការ​ខិតខំ​របស់​ប្រទេស​ទាំងពីរ​ ​ចាប់តាំងពី​ខែវិច្ឆិកា​ឆ្នាំ​ ​២០១៥​។​ ​ខាង​ភាគី​កម្ពុជា​បាន​ ​និង​កំពុង​សម្រុក​ធ្វើ​ខ្សែ​បញ្ជូន​ទាំងយប់​ទាំង​ថ្ងៃ​ ​ទៅ​ខេត្ត​ស្ទឹងត្រែង​និង​ព្រំដែន​ប្រទេស​ទាំងពីរ​ ​ដើម្បី​ទទួលយក​ថាមពល​នេះ​ ​ឲ្យបាន​មុន​ផែនការ​ឆ្នាំ២០២១ដែល​ចែង​ក្នុង​កិច្ច​ព្រមព្រៀង​”​។​

​លោក​កែវ​ ​រតនៈ​ ​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ ​និង​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា​ ​ឱ្យ​ដឹង​ថា​ ​ថាមពល​អគ្គិសនី១៩៥មេ​ហ្កា​វ៉ាត់​នេះ​ ​គឺជា​ថាមពល​ស្អាត​ពី​រោងចក្រ​វារីអគ្គិសនី​ដូន​សា​ហុង​ ​ក្នុងទឹក​ដី​ឡាវ​។​

​លោក​បន្ត​ទៀត​ថា​ ​ជាមួយនឹង​ការ​តភ្ជាប់​ថាមពល​អគ្គិសនី១៩៥មេ​ហ្គា​វ៉ាត់​ ​ពី​ប្រទេស​ឡាវ​ ​និង​ជាមួយ​ការ​ដាក់ឲ្យ​ដំណើរការ​ប្រភព​ថាមពល១៥០មេ​ហ្គា​វ៉ាត់​ ​ដើរ​ដោយ​រោងចក្រ​ធ្យូងថ្ម​ ​នៅ​ខេត្ត​ព្រះសីហនុ​កាលពី​ខែមុន​នេះ​ ​ហើយ​ជាមួយនឹង​វិធានការ​ដទៃទៀត​ ​ដែល​អគ្គិសនី​កម្ពុជា​ ​បាន​គិតគូរ​រៀបចំឡើង​នេះ​គឺ​អាច​និយាយ​បាន​ថា​ ​នៅ​ឆ្នាំ២០២០នេះ​ ​កម្ពុជា​នឹង​លែង​ជួប​បញ្ហា​ខ្វះខាត​អគ្គិសនី​ទៀតហើយ​។​

​លោក​ថា​ ​“​ក្រៅពី​វិធានការ​ទាំងអស់​នេះ​ ​អគ្គិសនី​កម្ពុជា​ក៏​មាន​វិធានការ​ជាច្រើន​ទៀត​ ​ដែល​អគ្គិសនី​កម្ពុជា​ ​បាន​កំពុងតែ​ខិតខំ​ប្រឹងប្រែង​ ​ដើម្បី​ឆ្លើយ​បត​នឹង​តម្រូវការ​កើនឡើង​ ​នៃ​ការប្រើ​ប្រាស់​អគ្គិសនី​ ​ស្រប​ទៅ​នឹង​កំណើន​សេដ្ឋកិច្ច​ ​ដែល​ចេះតែ​បន្ត​កើនឡើង​ជាលំដាប់​ ​ធ្វើ​យ៉ាងណា​នៅ​ថ្ងៃ​អនាគត​កម្ពុជា​ ​អាច​មានលទ្ធភាព​កាន់តែ​ទូលំទូលាយ​ ​ក្នុង​ការ​ផ្គត់ផ្គង់​នៅ​ទូទាំង​ប្រទេស​ ​ក៏ដូចជា​ធ្វើឲ្យ​តម្លៃ​អគ្គិសនី​ ​កាន់តែ​ប្រសើរ​ជាង​បច្ចុប្បន្ន​”​។​

​លោក​កែវ​ ​រតនៈ​បន្ថែម​ថា​ ​បើ​ទោះបីជា​នៅពេល​នេះ​ ​អគ្គិសនី​កម្ពុជា​ ​អាច​មានលទ្ធភាព​ផ្គត់ផ្គង់​អគ្គិសនី​បាន​គ្រប់គ្រាន់​ក្តី​ ​ក៏​អគ្គិសនី​កម្ពុជា​ ​មិនបាន​ភ្លេច​មួយ​វិនាទី​ណា​ឡើយ​ ​ក្នុង​ការ​គិតគូរ​ ​ចំពោះ​បង្កើន​នូវ​ប្រភព​អគ្គីស​នី​ថ្មី​ៗ​បន្ថែម​ទៀត​ ​ដើម្បី​បម្រើ​ដល់​សេចក្តី​ត្រូវការ​របស់​ប្រទេសជាតិ​ ​ដែល​កើត​ចេញពី​ផ្លែផ្កា​នៃ​សុខ​សន្តិភាព​ ​ក្រោម​ការដឹកនាំ​ប្រកប​ ​ដោយ​គតិបណ្ឌិត​ ​របស់​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here