ដោយ Donald Lee
ភ្នំពេញៈ ទីផ្សារភាគហ៊ុនអាស៊ីបានធ្លាក់ចុះយ៉ាងខ្លាំងនៅព្រឹកនេះ ខណៈភាពតានតឹងបានផ្ទុះឡើងនៅមជ្ឈឹមបូព៌ា បន្ទាប់ពីប្រទេសអ៉ីរ៉ង់ បានបើកការវាយប្រហារទៅលើមូលដ្ឋានយោធាអាមេរិកនៅអ៉ីរ៉ាក់។

ភាគហ៊ុនរបស់ក្រុមហ៊ុន Nikkei 225 នៅជប៉ុនធ្លាក់ចុះខ្លាំងបំផុត២,១៣ ភាគរយ បន្ទាប់ក្រុមហ៊ុន KOSPI របស់កូរ៉េខាងត្បូងធ្លាក់ចុះ ១,២៤ ភាគរយ និងក្រុមហ៊ុន S & P / ASX របស់អូស្រ្តាលីធ្លាក់ចុះ ០,៦៧ ភាគរយ។
ក្រសួងការពារជាតិអាមេរិកបានបញ្ជាក់ថា រដ្ឋាភិបាលអ៉ីរ៉ង់បានវាយប្រហារមូល ដ្ឋានយោធាអាមេរិក នៅភាគខាងលិចអ៊ីរ៉ាក់កាលពីយប់មិញ ដោយមានមីស៊ីលរាប់សិបគ្រាប់។
ក្រសួងការពារជាតិអាមេរិកបានថ្លែងថា “អ៉ីរ៉ង់បានបាញ់មីស៊ីលរាប់សិបគ្រាប់ប្រឆាំងនឹងកម្លាំងយោធា និងសម្ព័ន្ធមិត្តអាមេរិកនៅអ៉ីរ៉ាក់។ វាច្បាស់ណាស់ថា មីស៊ីលទាំងនេះត្រូវបានបាញ់ចេញពីប្រទេសអ៉ីរ៉ង់ និងតម្រង់គោលដៅទៅលើមូលដ្ឋានយោធាអ៉ីរ៉ាក់យ៉ាងតិចចំនួន២កន្លែង ដែលផ្ទុកបុគ្គលិកយោធា និងក្រុមចម្រុះរបស់អាមេរិកនៅអាល់អាសាដ និងអ៉ីរ៉ាប៊ីល”។
ការវាយប្រហារកើតឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump បានបញ្ជាឱ្យធ្វើឃាតមន្ត្រីអ៉ីរ៉ង់ជាន់ខ្ពស់មួយរូប នៅអ៉ីរ៉ាក់កាលពីថ្ងៃព្រហស្បតិ៍។

លោកTrump បានព្យាយាមបន្ធូរបន្ថយការភ័យខ្លាច នៃការកើតឡើងនៃសង្រ្គាមទាំងអស់ បន្ទាប់ពីព័ត៌មាននៃការវាយប្រហាររបស់អ៉ីរ៉ង់បានលេចចេញមក។
លោកបានសរសេរលើបណ្តាញសង្គម Twitterថា “គ្រប់យ៉ាងគឺល្អ! មីស៊ីលបានបាញ់ចេញពីអ៉ីរ៉ង់ នៅមូលដ្ឋានយោធាចំនួនពីរ ដែលមានទីតាំងនៅអ៉ីរ៉ាក់។ ការវាយតម្លៃអំពីគ្រោះថ្នាក់ និងការខូចខាតដែលបានកើតឡើង។ រហូតដល់ពេលនេះ ល្អណាស់!”។
លោកបានបន្ថែមថា “យើងមានយោធាដែលមានឥទ្ធិពលបំផុត និងបំពាក់អាវុធបានយ៉ាងល្អគ្រប់ទីកន្លែងនៅលើពិភពលោក!”៕







