ដោយ ហ្សូលី
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសជំហរតាំងចិត្តបញ្ចប់បញ្ហាផ្លូវគ្មានគុណភាព និងការដឹកទំនិញលើសទម្ងន់ចាប់ពីឆ្នាំ២០២០នេះ ខណៈមហាជននៅតែរិះគន់ទៅលើបញ្ហាធ្វើផ្លូវឆាប់ខូច ដោយសារមន្ត្រីមួយចំនួនលួចឃុបឃិតជាមួយក្រុមហ៊ុនម៉ៅការសាងសង់ ដើម្បីកេងចំណេញថវិកា។

ថ្លែងក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលប្រព្រឹត្តនៅថ្ងៃទី៨ ខែមករានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា ក្រសួងនឹងបង្កើតក្រុមការងារពិសេស ដើម្បីលួចឆ្មក់ពិនិត្យលើការធ្វើផ្លូវស្ពាននានាដែលមានទូទាំងប្រទេស ដោយមិនឲ្យក្រុមអភិវឌ្ឍន៍ដឹងមុនឡើយ។
ជាមួយគ្នានេះ ក៏រៀបចំឲ្យមានប្រព័ន្ធតាមដានព័ត៌មាន និងដាក់កាំមេរ៉ាសុវត្ថិភាព បង្កប់ ដើម្បីពិនិត្យមើលសកម្មភាពនៅស្ថានីយជញ្ជីងថ្លឹងរថយន្តផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបន្តថា ជំងឺរ៉ាំរ៉ៃដែលធ្វើឲ្យខូចផ្លូវនៅកម្ពុជា គឺបញ្ហាធ្វើផ្លូវគ្មានគុណភាព និងការដឹកទំនិញលើសទម្ងន់កំណត់ ដែលកត្តាទាំងពីរនេះត្រូវតែបញ្ចប់ចាប់ពីឆ្នាំ២០២០នេះ ដើម្បីកុំឲ្យមហាជនរិះគន់ថា «ចាក់ក្រាស់ស៊ីស្តើង ចាក់ស្តើងស៊ីក្រាស់» ឬធ្វើផ្លូវមិនបានរឹងមាំ ធ្វើមុខខូចក្រោយតទៅទៀត ដែលអាចបណ្តាលឲ្យខូចកេរ្តិ៍ឈ្មោះក្រសួង និងរាជរដ្ឋាភិបាល។
ឯកឧត្តមក៏បានក្រើនរំឭកដល់ថ្នាក់ដឹកនាំផ្នែកជំនាញ និងភាគីពាក់ព័ន្ធទាំងអស់ត្រូវផ្លាស់ប្តូររបៀបធ្វើការ និងប្តូររបៀបតាមដានលើការអនុវត្តការងាររបស់ក្រុមហ៊ុនសាងសង់ផ្លូវ ស្ពាន ក៏ដូចជាមន្ត្រីបម្រើការងារនៅតាមស្ថានីយជញ្ជីងថ្លឹងរថយន្តឲ្យបានជាប់ជាប្រចាំ និងមានប្រសិទ្ធភាពខ្ពស់បំផុត។

គួររំឭកថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឲ្យដំណើរការជាផ្លូវការនូវកម្មវិធីថែទាំ ផ្លូវ (ROAD CARE mobile app) ក្នុងគោលបំណងពង្រឹងទំនាក់ទំនងរវាងអ្នកប្រើប្រាស់ផ្លូវថ្នល់ និងក្រុមការងារបច្ចេកទេសជួសជុលថែទាំផ្លូវ សំដៅលើកកម្ពស់គុណភាពផ្លូវ ពង្រីកការចូលរួមពីសាធារណជន បណ្ដុះស្មារតីស្រឡាញ់ថែរក្សាសម្បត្តិជាតិ និងធ្វើជាម្ចាស់ការលើទ្រព្យសម្បត្តិទាំងនោះ៕







