ដោយវុត្ថា
ភ្នំពេញ៖ រាជរដ្ឋាភិបាលជប៉ុនតាមរយៈស្ថានទូតរបស់ខ្លួនប្រចំានៅកម្ពុជា បានសម្រេចចុះហត្ថលេខា ផ្ដល់ជំនួយជាទឹកប្រាក់ចំនួន ៣៦៣ ,២២៤ដុល្លារ ដល់កម្ពុជា សម្រាប់អនុវត្តគម្រោង៣ផ្សេងគ្នា លើការផលិតទឹកស្អាត និងកសាងផ្លូវថ្នល់។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុន បានឱ្យដឹងថា ការផ្ដល់ជំនួយនេះ ត្រូវបាន ចុះហត្ថលេខា ដោយលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសមញ្ញ និងពេញសមត្ថភាពប្រចាំនៅ នៅស្ថានទូតជប៉ុន នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២០នេះ ជាមួយតំណាងមកពីអង្គភាពនានាជាគោលដៅរបស់រដ្ឋាភិបាលកម្ពុជា។
សម្រាប់គម្រោងទាំង៣ ដែលត្រូវអនុវត្តនេះ មាន គម្រោងកែលម្អផ្លូវថ្នល់ ក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ គម្រោងនេះ ត្រូវការចំណាយថវិកាចំនួន១៨១ ,៥៦០ដុល្លារ ។ ដោយឡែកថវិកា៩០,៨៥០ដុល្លារទៀត សម្រាប់គម្រោងសាងសង់អគារសម្រាកព្យាបាលនៅមណ្ឌលសុខភាព ទឹកឃ្លាំង ក្នុងខេត្តកណ្តាល និងទឹកប្រាក់នៅសល់ចុងក្រោយ ៩០,៨១៤ដុល្លារ សម្រាប់យកទៅសាងសង់ស្ថានីយ៍ផលិតទឹកស្អាតខ្នាតតូច នៅក្នុងឃុំចំនួន៧ ក្នុងខេត្ត២នៃទិសពាយ្យ។

ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុន បានអនុវត្តកម្មវិធី KUSANONK នៅកម្ពុជា ដើម្បីជួយដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ក្នុងការអនុវត្តគម្រោងរបស់ពួកគេ។ បច្ចុប្បន្ននេះស្ថានទូតជប៉ុនប្រចាំកម្ពុជា បានផ្ដល់ជំនួយលើសពី ៦០០គម្រោងហើយ តាមរយៈជំនួយ KUSANONK នេះ។ នេះជាការបញ្ជាក់របស់លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា៕






