ដោយវុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលខេត្តព្រះសីហនុ គ្រោងចំណាយថវិកាចំនួចំនួនជាង ២៤ លានដុល្លារអាមេរិក (មានតម្លៃ ៩៦,០៥៧,២០០,០០០រៀល ) លើគម្រោងសកម្មភាពអាទិភាពចំនួន ៣៤ សម្រាប់កម្មវិធីវិនិយោគរបស់រដ្ឋបាលខេត្តប្រចាំឆ្នាំ២០២០ នេះ ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅកិច្ចប្រជុំគណ:កម្មាធិការសម្របសម្រួលបច្ទេកទេសក្រុមប្រឹក្សាខេត្តកាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ ២០១៩ ម្សិលមិញនេះឱ្យដឹងថា កម្មវិធីវិនិយោគបីឆ្នាំរំកិល លើគម្រោងសកម្មភាពអភិវឌ្ឍន៍ជាអាទិភាពរបស់រដ្ឋបាលខេត្ត សម្រាប់ឆ្នាំ២០២០ ដើម្បីបំលែងគោលដៅក្របខ័ណ្ឌអភិវឌ្ឍន៍ នៃផែនការអភិវឌ្ឍខេត្ត ជាគម្រោងសកម្មភាព ឬសេវាអាទិភាពនានាសំដៅលើកកម្ពស់ការផ្តល់សេវាសាធារណ: និងកិច្ចអភិវឌ្ឍន៍ខេត្តសម្រាប់រយ:ពេលបីឆ្នាំ ២០២០-២០២២ និងធ្វើបច្ចុប្បន្នភាពរៀងរាល់ឆ្នាំ ។
លោកបន្តថា ខេត្តព្រះសីហនុ មានវិស័យសំខាន់ៗដូចជា ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្ម ជាវិស័យគោលដៅសម្រាប់អភិវឌ្ឍខឿនសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ។
ខេត្តមានសក្តានុពលដូចជា កំពង់ផែសមុទ្រទឹកជ្រៅ តំបន់សេដ្ឋកិច្ចពិសេស ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត ជាប្រភពសត្តានុពល និងធនធានធម្មជាតិ បាននិងកំពុងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចខេត្តព្រះសីហនុ មានការរីកចំរើនជាលំដាប់ ។

លោកអភិបាលខេត្តរូបនេះបញ្ជាក់ថា បច្ចុប្បន្នរដ្ឋបាលខេត្តព្រះសីហនុបាននឹងកំពុងអនុវត្តឱ្យបានសម្រេចនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញការអភិវឌ្ឍប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជា ” តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ” អាចធ្វើឱ្យខេត្តទេសចរណ៍មាត់សមុទ្រ មានឈ្មោះ ជាទីក្រុងឧស្សាហកម្មបៃតង អាស៊ាន យ៉ាងយូរត្រឹមឆ្នាំ២០២៥ ជាគោលដៅ ជំរុញការអនុវត្តគោល នយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ ជាប៉ូលសេដ្ឋកិច្ចសំខាន់ មជ្ឈមណ្ឌលឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍រីកចម្រើនប្រកបដោយចីរភាព និងមានតុល្យភាពបរិស្ថាន ៕






