ដោយ Donald Lee
ភ្នំពេញ៖ ទីផ្សារហ៊ុននៅអាស៊ីបានងើបឡើងវិញនៅព្រឹកនេះ បន្ទាប់ពីមានព័ត៌មានថា អាមេរិក និងអ៉ីរ៉ង់ចាប់ផ្តើមបន្ធូរបន្ថយភាពតានតឹងដែលបាននិងកំពុងកើតឡើង ខណៈមនុស្សជាច្រើនបារម្ភថានឹងឈានទៅរកសង្គ្រាម។

ទីផ្សារភាគហ៊ុននៅកូរ៉េខាងត្បូង អូស្រ្តាលី និងហុងកុងបានកើនឡើងប្រហែលមួយភាគរយនៅព្រឹកនេះ។ ភាគហ៊ុនរបស់ក្រុមហ៊ុន Topix របស់ជប៉ុនបានកើនឡើងខ្ពស់បំផុត ១,៤ ភាគរយ។
ប្រធានាធិបតីអាមេរិក Donald Trump បានចេញមុខបញ្ជាក់ថា ភាគីទាំងសងខាងកំពុងស្ងប់ស្ងាត់ ហើយមិនចង់ធ្វើឱ្យមានជម្លោះរបស់ខ្លួនដែលឈានទៅរកសង្គ្រាមទាំងស្រុងនោះទេ។
លោក Trump បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា “អ៉ីរ៉ង់ហាក់ដូចជាកំពុងស្ងប់ស្ងាត់ ដែលជារឿងល្អសម្រាប់គ្រប់ភាគីពាក់ព័ន្ធ និងជារឿងល្អសម្រាប់ពិភពលោក”។
លោក Trump បានបន្ថែមថា “ចំពោះប្រជាជន និងមេដឹកនាំអ៉ីរ៉ង់ យើងចង់អោយអ្នកមានអនាគត និងអនាគតដ៏អស្ចារ្យមួយដែលអ្នកសមនឹងទទួលបានភាពរុងរឿង និងផ្ទះ និងភាពសុខដុមជាមួយប្រជាជាតិនានានៅលើពិភពលោក។ អាមេរិកត្រៀមខ្លួនទទួលយកសន្តិភាពជាមួយអស់អ្នកដែលស្វែងរកវា”។

ក្រសួងការពារជាតិអាមេរិក បានឱ្យដឹងថា រដ្ឋាភិបាលអ៉ីរ៉ង់បានវាយប្រហារមូលដ្ឋានយោធាអាមេរិកនៅភាគខាងលិចប្រទេសអ៉ីរ៉ាក់កាលពីថ្ងៃ អង្គារ ជាមួយនឹងមីស៊ីលរាប់សិបគ្រាប់។
ក្រសួងការពារជាតិអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រទេសអ៉ីរ៉ង់បានបាញ់មីស៊ីលផ្លោងច្រើនជាងមួយប្រឆាំងនឹងកម្លាំងយោធា និងសម្ព័ន្ធមិត្តរបស់អាមេរិកនៅក្នុងប្រទេសអ៉ីរ៉ាក់”។
ការវាយប្រហារកើតឡើង បន្ទាប់ពីលោក Trump បានបញ្ជាឱ្យធ្វើឃាតមន្ត្រីអ៉ីរ៉ង់ជាន់ខ្ពស់ម្នាក់នៅអ៉ីរ៉ាក់កាលពីថ្ងៃ ព្រហស្បតិ៍ សប្តាហ៍មុន។
លោក Ayatollah Ali Khamenei មេដឹកនាំកំពូលរបស់អ៉ីរ៉ង់បាននិយាយនៅថ្ងៃ ពុធ កន្លងមកនេះថា វត្តមានរបស់អាមេរិកនៅមជ្ឈឹមបូព៌ាត្រូវតែឈានដល់ទីបញ្ចប់។
មេដឹកនាំអ៉ីរ៉ង់នៅលើកញ្ចក់ទូរទស្សន៍អ៉ីរ៉ង់បាននិយាយថា “អ្វីដែលសំខាន់គឺវត្តមានរបស់អាមេរិកដែលជាប្រភពនៃបញ្ហានៅក្នុងតំបន់នេះគួរតែអាចឈានដល់ទីបញ្ចប់”។

លោកបានបន្ថែមថា “តំបន់នេះមិនទទួលយកវត្តមានរបស់អាមេរិកទេ”។
តម្លៃមាសបានបន្តឡើងថ្លៃនៅសប្តាហ៍នេះដោយកើនឡើង ២ ភាគរយ និងមានតម្លៃដល់ ១,៦០០ ដុល្លារ ខណៈវិនិយោគិនមានប្រតិកម្មចំពោះការផ្ទុះឡើងនៃសង្គ្រាមរវាងអាមេរិក និងអ៉ីរ៉ង់។
តម្លៃមាសបានកើនឡើងជាសកលរហូតដល់ ១.៦១០.៩០ ដុល្លារក្នុងមួយអោន (ឬប្រហែល ៣១ ក្រាម) ដែលតម្លៃមិនបានមើលឃើញចាប់តាំងពីខែមីនាឆ្នាំ ២០១៣។ មាសត្រូវបានចាត់ទុកថាជាការវិនិយោគដែលមានសុវត្ថិភាពក្នុងពេលមានវិបត្តិ និងភាពមិនប្រាកដប្រជានិងរក្សានូវតម្លៃពិត បើប្រៀបធៀបទៅនឹងរូបិយប័ណ្ណជាតិផ្សេងៗនៅជុំវិញពិភពលោក៕






