ដោយ Donald Lee
ភ្នំពេញ៖ បន្ទាប់ពីឆ្នាំសេដ្ឋកិច្ចពិភពលោកបានជួបផលលំបាក ដោយសារតែផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន សេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាប្រឈមមួយទៀត នៅពេលដែលជម្លោះរវាងអាមេរិក និងអ៉ីរ៉ង់កំពុងពុះកញ្ជ្រោលដែលឈានទៅដល់ជម្លោះប្រដាប់អាវុធទាំងស្រុង។

កាលពីថ្ងៃ ព្រហស្បតិ៍សប្តាហ៍មុន ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់យោធាអាមេរិកបានធ្វើឃាតមេបញ្ជាការយោធាអ៉ីរ៉ង់លោក Qasem Soleiman នៅទីក្រុងបាកដាត។ ការសម្លាប់នេះធ្វើឱ្យរញ្ជួយ នៅទូទាំងតំបន់ ហើយអ្នកកាន់ទុក្ខរាប់ពាន់នាក់បានកកស្ទះនៅតាមដងផ្លូវរបស់ទីក្រុងតេរ៉ង់ក្នុងសប្តាហ៍នេះដើម្បីគោរពដល់វីរៈបុរសដែលបានបាត់បង់របស់ពួកគេ។
អ៉ីរ៉ង់បានសងសឹកដោយការបាញ់មីស៊ីលនៅមូលដ្ឋានយោធាអាមេរិកនៅអ៉ីរ៉ាក់នៅព្រឹកថ្ងៃ ពុធ នៅទីក្រុងបាកដាត នៅពេលដែលលោក Ayatollah Ali Khamenei មេដឹកនាំកំពូលរបស់អ៉ីរ៉ង់បាននិយាយកាលពីថ្ងៃ ពុធ ថាវត្តមានរបស់អាមេរិកនៅមជ្ឈឹមបូព៌ាត្រូវតែឈានដល់ទីបញ្ចប់។
លោកបានបន្ថែមថា “តំបន់នេះមិនទទួលយកវត្តមានរបស់អាមេរិកទេ”។
ការប៉ះទង្គិចគ្នាដែលគំរាមកំហែងដល់ជម្លោះប្រដាប់អាវុធដែលធ្វើឱ្យតំបន់មួយនេះធ្លាក់ចូលជម្លោះដែលជាកន្លែងរដ្ឋាភិបាលអាមេរិកបានធ្វើសង្គ្រាមអស់រយៈពេលពីរទសវត្សមកហើយ។
តើបញ្ហានេះនឹងជះឥទ្ធិពលដល់សេដ្ឋកិច្ចក្នុងតំបន់អាស៊ីយ៉ាងដូចម្តេច? តើវានឹងបញ្ចូលបញ្ហាបន្ថែមដែលធ្វើឱ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះ ដែលបណ្តាលមកពីសង្គ្រាមពាណិជ្ជកម្មអាមេរិក - ចិននៅឆ្នាំ ២០១៩ ទេ?
ភាពមិនប្រាកដប្រជាធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
អ្វីដែលវិនិយោគិនពិភពលោកមិនចូលចិត្តបំផុតគឺភាពមិនប្រាកដប្រជា។ ភាពមិនប្រាកដប្រជាដែលបណ្តាលមកពីសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនក្នុងឆ្នាំ ២០១៩ បានធ្វើឱ្យខាតបង់រាប់ពាន់លានដុល្លារដោយមូលនិធិរូបិយវត្ថុអន្តរជាតិបានប៉ាន់ស្មានថា ការខាតបង់មានចំនួនស្មើនឹង ៧០០ ពាន់លានដុល្លារ។

សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនបានធ្វើឱ្យកំណើនផលិតផលសរុបក្នុងស្រុកថយចុះ ហើយនឹងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកខាតបង់ប្រាក់ចំណូលល ៧០០ ពាន់លានដុល្លារនៅឆ្នាំ ២០២០។ នេះបើយោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ។
អ្នកផ្តល់ប្រឹក្សាយោបល់នៅមូលនិធិរូបិយវត្ថុអន្តរជាតិលោកស្រី Gita Gopinath បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កំណើនសេដ្ឋកិច្ចធ្លាក់នេះគឺជាផលវិបាកនៃការកើនឡើងនូវរបាំងពាណិជ្ជកម្ម ការកើនឡើងនូវភាពមិនប្រាកដប្រជាជុំវិញពាណិជ្ជកម្ម និងភូមិសាស្ត្រនយោបាយកត្តាដែលបង្កភាពតានតឹងម៉ាក្រូសេដ្ឋកិច្ចនៅក្នុងសេដ្ឋកិច្ចទីផ្សារកំពុងរីកចម្រើនមួយចំនួន និងកត្តារចនាសម្ព័ន្ធ ដូចជាកំណើនផលិតភាពទាប និងប្រជាសាស្ត្រវ័យចំណាស់នៅក្នុងសេដ្ឋកិច្ចជឿនលឿន”។
កត្តាសំខាន់មួយសម្រាប់ការធ្លាក់ចុះយ៉ាងខ្លាំងនៃការនាំចេញនៅអាស៊ីគឺដោយសារតែភាពតានតឹងផ្នែកពាណិជ្ជកម្មដែលកំពុងបន្តកើតមាននៅក្នុងតំបន់ និងបណ្តាលឱ្យមានភាពមិនច្បាស់លាស់។
សង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិនបានចាប់ផ្តើមរៀបចំឡើងវិញខ្សែសង្វាក់តម្លៃពិភពលោកជុំវិញពិភពលោករួចទៅហើយ និងកំពុងជះឥទ្ធិពលដល់ប្រទេសអាស៊ីដែលពឹងផ្អែកលើពាណិជ្ជកម្ម។
តម្លៃមាស និងតម្លៃប្រេងកើនឡើង
តម្លៃមាសបានបន្តឡើងខ្ពស់នៅថ្ងៃនេះដោយកើន ២ ភាគរយជាមួយ ១,៦០០ ដុល្លារ ខណៈវិនិយោគិនមានប្រតិកម្មចំពោះការផ្ទុះឡើងនៃសង្គ្រាមរវាងអាមេរិក និងអ៉ីរ៉ង់។
តម្លៃមាសបានកើនឡើងជាសកលរហូតដល់ ១,៦១០.៩០ ដុល្លារក្នុងមួយអោន (ឬប្រហែល ៣១ ក្រាម) ដែលតម្លៃមិនបានធ្លាប់ឃើញចាប់តាំងពីខែ មីនា ឆ្នាំ ២០១៣។

លើសពីនេះទៀត តម្លៃប្រេងសកលបានកើនឡើងដល់ ៧០ ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមសប្តាហ៍នេះ ដោយសារវិនិយោគិនបារម្ភថាសង្គ្រាមក្នុងតំបន់នឹងរំខានដល់ការផ្គត់ផ្គង់។ ប៉ុន្តែបន្ទាប់ពីសុន្ទរកថារបស់លោក Trump តម្លៃបានធ្លាក់ចុះក្រោម ៦០ ដុល្លារវិញ។
ប្រទេសអ៉ីរ៉ង់គ្រប់គ្រងផ្លូវឆ្លងកាត់ប្រេងដ៏សំខាន់បំផុតរបស់ពិភពលោកនៅឯច្រកសមុទ្រ Hormuz ដែលផ្លូវឆ្លងកាត់តូចចង្អៀតមានប្រវែងតែ ១២ គីឡូម៉ែត្រប៉ុណ្ណោះ និងជាផ្លូវតែមួយគត់ដើម្បីដឹកជញ្ជូនប្រេងចេញពីឈូងសមុទ្រពែរ្ស (Persian) និងចូលទៅក្នុងមហាសមុទ្រ។
កំណត់ត្រាស្រាវជ្រាវមួយរបស់ក្រុមអ្នកវិភាគនៅក្រុមហ៊ុនអ៉ីរ៉ាស៊ីគ្រុប បានកត់សម្គាល់ថា “អ៉ីរ៉ង់ក៏នឹងបន្តការយាយីដល់ការដឹកជញ្ជូនពាណិជ្ជកម្មនៅក្នុងឈូងសមុទ្រ និងអាចចាប់ផ្តើមសមយុទ្ធយោធាដើម្បីបង្អាក់ការដឹកជញ្ជូនជាបណ្តោះអាសន្ន”។
ទំរង់ណាមួយនៃការបិទច្រកសមុទ្រអាចប៉ះពាល់យ៉ាងខ្លាំងដល់តម្លៃប្រេងនៅលើពិភពលោក។
អ្វីដែលអាចបំផ្លាញសេដ្ឋកិច្ចក្នុងតំបន់អាស៊ីគឺប្រសិនបើតម្លៃប្រេងឡើងខ្ពស់លើស ១០០ ដុល្លារក្នុងមួយបារ៉ែល។

អង្គការប្រទេសនាំប្រេងចេញ (OPEC) បានសន្យាថា ខ្លួននឹងធ្វើឱ្យអស់ពីសមត្ថភាពដើម្បីរក្សាស្ថិរភាពតម្លៃ និងទប់ស្កាត់ការឡើងថ្លៃបែបនេះ។
លោក Suhail Al Mazrouei រដ្ឋមន្ត្រីអារ៉ាប់រួមបានថ្លែងនៅលើកញ្ចក់ទូរទស្សន៍អាមេរិក បាននិយាយថា “ច្រកសមុទ្រ Hormuz មិនត្រឹមតែសំខាន់សម្រាប់យើងប៉ុណ្ណោះទេ វាសំខាន់សម្រាប់សេដ្ឋកិច្ចពិភពលោក និងបណ្តាញផ្គត់ផ្គង់ទាំងមូល ហើយអ៊ីរ៉ង់ក៏យល់ដែរ។ សេដ្ឋកិច្ចពិភពលោកមិនអាចទ្រទ្រង់តម្លៃប្រេង ១០០ ដុល្លារផ្សេងទៀត និងកើនឡើងខ្លាំងនោះទេ”៕






