ដោយវុត្ថា
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម បានអះអាងថា កម្ពុជានៅតែអាចរក្សានូវកំណើននាំចេញបានក្នុងរង្វង់១០% ទោះបីទីផ្សារនាំចេញមានភាពរអាក់រអួលដែលបណ្តាលមកពីសង្គ្រាមពាណិជ្ជកម្ម និងគោលនយោបាយគាំពារនិយមដែលដាក់ចេញដោយប្រទេសមហាអំណាចមួយចំនួនក៏ដោយ។

លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងបែបនេះ នៅក្នុងពិធីប្រគល់រង្វាន់ជ័យលាភីក្នុងការប្រកួតប្រជែងតែងអត្ថបទស្តីពី « រឿងព្រេងប្រទេសចិនរបស់ខ្ញុំ» ដែលធ្វើឡើងនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ នៅល្ងាចថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ រៀបចំដោយស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។
លោកបន្តថា វិស័យពាណិជ្ជកម្ម នៅតែជាកម្លាំងចលករ និងជាកត្តាដ៏សំខាន់ដែលមិនអាចខ្វះបាន ក្នុងចំណោមកត្តាផ្សេងទៀត ក្នុងការជួយឲ្យកម្ពុជាយើងអាចរក្សាបាននូវស្ថិរភាពនៃកំណើនសេដ្ឋកិច្ចជាតិក្នុងរង្វង់គិតជាមធ្យមប្រមាណ ៧%ក្នុងមួយឆ្នាំ ។
លោកបន្ថែមទៀតថា ការបន្តធ្វើកំណែទម្រង់ស៊ីជម្រៅ ការដាក់ចេញនូវគោលនយោបាយពាណិជ្ជកម្មច្បាស់លាស់ ការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ការបន្តធ្វើសេរីភាវូបនីយកម្ម និងសមាហរណកម្មក្នុងតំបន់ និងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី គឺជាកិច្ចការចាំបាច់បំផុតសម្រាប់ការដោះដូរពាណិជ្ជកម្ម។

អ្នកនាំពាក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ បានប្រាប់គេហទំព័រ propertyarea.asia តាមរយៈទូរស័ព្ទនៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០១៩ នេះឱ្យដឹងថា ក្នុងរយៈពេលពេញមួយឆ្នាំ គឺឆ្នាំ ២០១៩ កន្លងមកនេះ ការនាំចេញរបស់កម្ពុជាទៅកាន់ពិភពលោកមានតម្លៃចំនួនជាង ១១ ពាន់លានដុល្លារអាមេរិក ។
លោកបន្តថា “ការនាំចេញរបស់កម្ពុជាភាគច្រើនគឺនាំចូលទៅកាន់ប្រទេសនៅក្នុងសភាពអឺរ៉ុប កាណាដា អាមេរិក និងប្រទេសចិនជាដើម”។
ដោយឡែក តាមរបាយកាណ៍តួលេខដែលចេញដោយធនាគារជាតិកម្ពុជា បានបង្ហាញថា ក្នុងឆ្នាំ២០១៩ កម្ពុជាបានទាក់ទាញការវិនិយោគផ្ទាល់បរទេស(FDI)មានចំនួនទឹកប្រាក់សរុប៣៥០០លានដុល្លារសហរដ្ឋអាមេរិក ដែលមានកំណើន១២%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។ ក្នុងនោះ ប្រទេសចិនជាប្រទេសដែលបានវិនិយោគបរទេសធំជាងគេនៅក្នុងប្រទេសកម្ពុជា ដែលមានចំនួន៤៣% នៃចំនួនសរុបវិនិយោគផ្ទាល់បរទេស៕







