ដោយវុត្ថា
ភ្នំពេញ៖ លោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីសម្រេចចាត់តាំងមន្ត្រីត្រួតពិនិត្យសំណង់នៅទូទាំងប្រទេស បន្ទាប់ពីមានសំណង់អគារបាក់ស្រុតជាបន្តបន្ទាប់។

យោងតាមសេចក្តីសម្រេចដែលចុះហត្ថលេខាដោយលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ ២០១៩ ម្សិលមិញនេះបានចាត់តាំងក្រុមមន្ត្រីត្រួតពិនិត្យសំណង់ទទួលបន្ទុករួម និងមន្ត្រីត្រួតពិនិត្យសំណង់រាជធានី ខេត្ត ជាច្រើនរូប។
ប្រការ ២ នៅក្នុងសេចក្តីសម្រេចនេះ បានចែងថា មន្ត្រីត្រួតពិនិត្យសំណង់ទទួលបន្ទុករួម មានតួនាទី និងភារកិច្ច ដឹកនាំកំណត់ទិសដៅអនុវត្តដល់មន្ត្រីត្រួតពិនិត្យសំណង់រាជធានី ខេត្ត បន្ទាប់ពីទទួលបានគោលការណ៍ពីថ្នាក់ដឹកនាំក្រសួង។ តាមដាន និងត្រួតពិនិត្យការអនុវត្តការងារបស់មន្ត្រីត្រួតពិនិត្យសំណង់រាជធានី ខេត្ត។
ធ្វើរបាយការណ៍គោរពស្នើសុំការត្រួតពិនិត្យ និងសម្រេចពីថ្នាក់ដឹកនាំក្រសួងលើការផ្អាក ការកែតម្រូវ ការបញ្ឈប់ ការតម្រូវរុះរើ និងចាត់វិធានការចាំបាច់ផ្សេងទៀត ក្នុងករណីការងារសាងសង់ ឬរុះរើ មិនអនុលោមតាមបទបញ្ញត្តិបច្ចេកទេសសំណង់ និងបទប្បញ្ញត្តិជាធរមានដទៃទៀ ។
ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំជូនថ្នាក់ដឹកនាំក្រសួង។ និងបំពេញការងារផ្សេងទផៀតដែលក្រសួងប្រគល់ជូន។

សម្រាប់មន្ត្រីត្រួតពិនិត្យសំណង់រាជធានី ខេត្ត មានតួនាទី និងភារកិច្ចពិនិត្យ និងផ្តល់យោបល់ទាំងលើទិដ្ឋភាពច្បាប់ និងបច្ចេកទេសលើគម្រោងសាងសង់ និងតាមដានត្រួតពិនិត្យការសាងសង់។ ចុះត្រួតពិនិត្យ និងបោះបង្គោលព្រំកំណត់ទីតាំងស្នើសុំសាងសង់ ឬ រុះរើ ។
ចុះត្រួតពិនិត្យការងារសាងសង់រុះរើ និងធ្វើរបាយការណ៍អំពីលទ្ធផលនៃការចុះត្រួតពិនិត្យជូនថ្នាក់ដឹកនាំក្រសួងពិនិត្យ និងសម្រេចលើការផ្អាក ការកែលម្រូវ ការបញ្ឈប់ការតម្រូវឱ្យរុះរើ ចាត់វិធានការណ៍ចាំបាច់ផ្សេងទៀត ឬ លើកសំណើរសុំធ្វើអធិការកិច្ចសំណង់ ក្នុងករណីឃើញថា ការងារសាងសង់ ឬរុះរើ មិនអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេសសំណង់ និងបទប្បញ្ញត្តិជាធរមានដទៃទៀត។
សហការជាមួយរដ្ឋបាលរាជធានីខេត្តក្រុង ស្រុក ខណ្ឌ គោលដៅ ដើម្បីចុះតាមដាន និងត្រួតពិនិត្យអនុវត្តបទប្បញ្ញត្តិបច្ចេកទេសសំណង់ និងបទបទប្បញ្ញត្តិជាធរមានដទៃទៀត។

សហការជាមយយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គោលដៅ ដើម្បីចុះតាមដាន និងត្រួតពិនិត្យការអនុវត្តបទប្បញ្ញាត្តិបច្ចេកទេសសំណង់ និងបទប្បញ្ញត្តិនគរូបនីយកម្មចំពោះគម្រោងសាងសង់រហូតដល់បញ្ចប់ការដ្ឋាន។
ប្រមូល និងចងក្រងទិន្ន័យ និងធ្វើរបាយការណ៍តាមដានការដ្ឋាននីមួយៗ ដែលបានចុះត្រួតពិនិត្យបោះបង្គោលព្រំកំណត់ទីតាំងស្នើសុំសាងសង់ ឬ រុះរើ។ និងបំពេញការងារផ្សេងទៀតដែលក្រសួងប្រគល់ជូន៕











