ក្រសួងព្រមានចាត់វិធានការទៅលើសំណង់ខុសច្បាប់ដែលសាងសង់ដោយមិនគោរពបទដ្ឋានសំណង់

0

ដោយ​ ​៖​ ​រ៉ា​ណេត​ ​

​ភ្នំពេញ​ ​៖​ ​ដោយ​ការ​មើលឃើញ​ពី​ចន្លោះប្រហោង​នៃ​ការអនុវត្ត​ ​និង​គោរព​ទៅតាមច្បាប់​ដែល​បាន​កំណត់​ទៅលើ​នីតិវិធី​នៃ​ការសាងសង់​សំណង់​នៅ​មានកម្រិត​ ​ដែល​អាច​បង្ក​ជា​ហានិភ័យ​ខ្ពស់​ដូច​ករណី​រលំ​បាក់​អគារ​កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​បាន​ចេញ​សេចក្ដីណែនាំ​សាជាថ្មី​ ​ជាមួយនឹង​ការអនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​ទៅលើ​បណ្តា​សំណង់​ដែល​ខុសច្បាប់​។​ ​



​នៅក្នុង​សេចក្ដីណែនាំ​សាជាថ្មី​របស់ក្រ​សួង​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​ ​ដែល​ចេញ​កាលពី​ព្រឹក​ថ្ងៃទី១០​ ​ខែមករា​ ​ឆ្នាំ២០២០នេះ​ ​បាន​កំណត់​ ​និង​ហាម​ដាច់​ខាត់​ចំពោះ​សំណង់​ទាំងឡាយ​ណា​ដែល​អនុវត្ត​ផ្ទុយពី​ចំណុច​ទាំង៥ខាងក្រោម​នេះ​ ​៖​ ​

​១​៖​ ​ហាម​ដាច់ខាត​ការសាងសង់​សំណង់​ដែល​គ្មាន​លិខិតអនុញ្ញាត​សាងសង់​ ​ជួសជុល​ ​ឬ​រុះរើ​ ​និង​លិខិតអនុញ្ញាត​បើក​ការដ្ឋាន​សំណង់​។​

​២​៖​ ​ហាម​ដាច់ខាត​ការអនុវត្ត​ការងារ​សាងសង់​ ​ឬ​ ​រុះរើ​ដោយ​អ្នក​ ​សាងសង់​ដែល​គ្មាន​អាជ្ញា​បណ្ណ​ ​ឬ​វិញ្ញាបនបត្រ​បញ្ជាក់​ការអនុញ្ញាត​ឱ្យ​ប្រកប​អាជីវកម្ម​ផ្ដល់​ដោយ​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​។​

​៣​៖​ ​ហាម​ដាច់ខាត​ការដ្ឋាន​សំណង់​ដែល​ដំណើរការ​សាងសង់​ ​ឬ​ ​រុះរើ​ដោយ​គ្មាន​វិស្វករ​ប្រចាំការ​ដ្ឋាន​ជា​អ្នកទទួល​ខុសត្រូវ​។​

​៤​៖​ ​ហាម​ដាច់ខាត​ការ​ស្នាក់នៅ​ក្នុង​អគារ​ដែល​កំពុង​សាងសង់​ ​ទោះបីជា​លក្ខណៈ​បណ្តោះអាសន្ន​ក៏ដោយ​ ​និង​ហាម​ដាច់ខាត​អ្នក​គ្មាន​ភារកិច្ច​ចូលក្នុង​ការដ្ឋាន​សំណង់​។​

​៥​៖​ ​ហាម​ការប្រើ​ប្រាស់​សំណង់​គ្រប់​ប្រភេទ​ ​ដោយ​គ្មាន​វិញ្ញាបនបត្រ​ប្រើប្រាស់​សំណង់​ឬ​លិខិត​បិទ​ការដ្ឋាន​ផ្តល់​ដោយ​អាជ្ញាធរ​មានសមត្ថកិច្ច​។​

​ជាមួយនឹង​ការណែនាំ​ខាងលើ​នេះ​ ​ក្រសួង​ក៏បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​មានសមត្ថកិច្ច​យកចិត្ត​ទុកដាក់​អនុវត្តន៍​លើ​គោលការណ៍​ ​និង​វិធានការ​ចំនួន៥ផ្សេងទៀត​រួមមាន​៖​ ​លិខិតអនុញ្ញាត​សាងសង់​ ​ជួសជុល​ ​និង​រុះរើ​,​ ​លិខិតអនុញ្ញាត​បើក​ការដ្ឋាន​សំណង់​,​ ​ការរៀបចំ​ការដ្ឋាន​,​ ​ដំណើរការ​ដ្ឋាន​សាងសង់​ ​និង​ការងារ​ត្រួតពិនិត្យ​ ​និង​បញ្ជាក់​សំណង់​។​ ​សេចក្ដី​លម្អិត​ ​សូម​ពិនិត្យ​លិខិត​ផ្លូវ​ការណ៍​របស់ក្រ​សួង​ដូច​ខាងក្រោម​៖

LEAVE A REPLY

Please enter your comment!
Please enter your name here