ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ក្រៅពីរាជធានីភ្នំពេញ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មពិសេសប្រចាំប្រទេសមានការអភិវឌ្ឍខ្លាំងលើវិស័យអចលនទ្រព្យនោះ ខេត្តចំនួន៥ផ្សេងទៀតក៏កំពុងតែបង្ហាញពីសក្ដានុពល ក្នុងការទាក់ទាញបណ្តាអ្នកវិនិយោគឱ្យចូលទៅធ្វើការអភិវឌ្ឍ ដែលមានឱកាសទទួលបានភាគលាភចំណេញខ្ពស់។

-->
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ថា ក្រៅពីរាជធានីភ្នំពេញ ខេត្តចំនួន៥ផ្សេងទៀតដែលមានសក្ដានុពលខ្ពស់សម្រាប់ធ្វើការវិនិយោគទទួលបានចំណេញរួមមានដូចជា ខេត្តព្រះសីហនុ កំពត កំពង់ស្ពឺ សៀមរាប និងខេត្តកណ្តាល។
លោក ច្រឹក សុខនីម បានមានប្រសាសន៍បន្តទៀតថា “សក្ដានុពលនៅក្នុងខេត្តទាំង៥ខាងលើនេះមានលក្ខណៈពិសេសផ្សេងៗពីគ្នា ប៉ុន្តែផ្តល់ឱកាសល្អ និងចំណេញច្រើនលើការវិនិយោគវិនិយោគមិនចាញ់គ្នានោះទេ។
ដូចគ្នាទៅនឹងការលើកឡើងខាងលើនេះ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal លោកឧកញ៉ា នួន រិទ្ធី បានមានប្រសាសន៍បញ្ជាក់ពីសក្ដានុពលនៃព្រះសីហនុថា ខេត្តព្រះសីហនុបាននឹងកំពុងមានសក្តានុពលខ្ពស់លើការវិនិយោគវិស័យអចលនទ្រព្យ ខណៈបច្ចុប្បន្ននេះ រដ្ឋាភិបាលបាននឹងកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធយ៉ាងល្អប្រសើរ រួមជាមួយនឹង ក៏បាននឹងកំពុងសាងសង់ប្រព័ន្ធផ្លូវហាយវ៉េ ដែលនឹងបង្កមានភាពកាន់តែងាយស្រួល ទាំងការធ្វើដំណើរ និងដឹកជញ្ជូន។ ម្យ៉ាងទៀត ក៏មានផ្លូវរថភ្លើង និងការពង្រីកអាកាសយានដ្ឋានអន្តរជាតិ ដែលជាកត្តាធំបំផុតក្នុងការវិយោគលើវិស័យផ្សេង ៗ ហើយអ្នកដែលមានដីនៅខេត្តនេះ នឹងទទួលបានផលច្រើន ។ បន្ថែមពីនេះ គឺជាខេត្តកំរូដែលទាក់ទាញការវិនិយោគបរទេសយ៉ាងច្រើន ជាពិសេសមកពីប្រទេសចិន ។ ដោយឡែកសម្រាប់ខេត្តកំពត មានសក្ដានុពល និងស័ក្ដិសមទៅនឹងការអភិវឌ្ឍលើវិស័យទេសចរណ៍ និងកម្សាន្តបែបធម្មជាតិ ច្រើនជាងការអភិវឌ្ឍវិស័យលំនៅដ្ឋាន ជាក់ស្ដែង មួយរយៈចុងក្រោយនេះ ខេត្តកំពតបាននឹងកំពុងទាក់ទាញអ្នកវិនិយោគជាតិ និងអន្តរជាតិយ៉ាងច្រើន ដែលចូលទៅវិនិយោគនៅក្នុងខេត្តមួយនេះ ។

ជាមួយនឹងការបង្ហាញពីសក្ដានុពលក្នុងការវិនិយោគក្នុងខេត្តចំនួន២ខាងលើនេះ លោក ម៉ាន់ ចាន់ឌី អគ្គនាយកក្រុមហ៊ុន PREMIUM Group ក៏បានបង្ហាញពីភាពទាក់ទាញខេត្តសៀមរាបផងដែរថា ទោះបីជាខេត្តសៀមរាប ជាបណ្តុំទៅដោយបិតិកភណ្ឌវប្បធម៌ និងតំបន់អភិរក្សច្រើនយ៉ាងណាក្តី ប៉ុន្តែនៅតំបន់ខ្លះនៅតែអាចផ្តល់ឱកាសដល់ការវិនិយោគលើវិស័យវិស័យអចលនទ្រព្យផងដែរ ជាពិសេសវិស័យលំនៅដ្ឋាន។ លោកបានបញ្ជាក់ថា ប្រសិនបើរដ្ឋាភិបាលធ្វើកំណែទម្រង់ច្បាប់ថ្មីដែលអាចអនុញ្ញាតឱ្យមានការសាងសង់សំណង់អគារខ្ពស់ៗបាន នឹងមានវិនិយោគិនជាតិ និងអន្តរជាតិបណ្តាក់ទុនវិនិយោគជាក់ជាមិនខាន។

ងាកមកចាប់អារម្មណ៍ជាមួយខេត្តដែលស្ថិតជាប់រាជធានីភ្នំពេញ ដូចជាខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ក៏មានសក្ដានុពលលើការវិនិយោគមិនចាញ់ខេត្តទាំង៣ខាងលើនោះទេ។
លោកស្រី ចេវ សុឃុន ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានមានប្រសាសន៍ប្រាប់ឱ្យដឹងថា ខេត្តកំពង់ស្ពឺបច្ចុប្បន្នបានក្លាយជាគោលដៅវិនិយោគទាំងក្រុមហ៊ុនជាតិ និងអន្តរជាតិ ជាពិសេសសមស្របទៅនឹងវិស័យឧស្សាហកម្មដែលកំពុងតែផ្តោតមុខព្រួញទៅកាន់ខេត្តមួយនេះ។ លោកស្រីបានបន្តទៀតថា ខេត្តមួយនេះមានភាពទាក់ទាញខ្លាំងលើវិស័យរោងចក្រ សហគ្រាស និងឃ្លាំង ដោយសារតែទីតាំងខេត្តមានភាពអំណោយផលក្នុងការដឹកជញ្ជូនទៅកាន់កំពង់ផែសម្រាប់ការនាំចេញ។ ប៉ុន្តែបើទោះជាពេលនេះមានតម្រូវការនៃការប្រើប្រាស់ដីច្រើនយ៉ាងណា ឱកាសនៃការវិនិយោគក្នុងរយៈពេលវែងនៅតែមាន ដោយសារតែខេត្តនេះនៅមានវិសាលភាពធំទូលាយ ហើយតម្លៃដីធ្លីនៅមានកម្រិតនៅឡើយ។
ដោយឡែកចំពោះខេត្តកណ្តាលវិញ ដោយសារតែមានទីតាំងភូមិសាស្ត្រល្អ ស្ថិតនៅព័ទ្ធជុំវិញរាជធានី គឺកាន់តែមានសក្ដានុពល។ លោកស្រីបានបញ្ជាក់ថា ការវិនិយោគអចលនទ្រព្យនៅក្នុងខេត្តកណ្តាលគឺអាចឆាប់ទទួលបានផលចំណេញ ព្រោះខេត្តមួយនេះ មានសក្តានុពល និងហ៊ុព័ទ្ធរាជធានីភ្នំពេញ ដោយតំបន់មួយចំនួនត្រូវបានកាត់ចូលមកចំណុះរាជធានី ដូចជាតំបន់ស្ថិតក្នុងស្រុកពញាឮ ចំណុះខណ្ឌព្រែកព្នៅ តំបន់ស្ថិតក្នុងស្រុកមុខកំពូល ចំណុះខណ្ឌជ្រោយចង្វារ តំបន់ស្ថិតនៅស្រុកកៀនស្វាយ ចំណុះខណ្ឌច្បារអំពៅ និងតំបន់មួយចំនួនចំណុះខណ្ឌដង្កោ៕
