ដោយ Donald Lee
ភ្នំពេញ៖ តម្លៃប្រេងសកលនៅតែបន្តធ្លាក់ចុះ និងត្រឡប់ទៅមានសភាពថេរធម្មតា អំឡុងភាពតានតឹងនៅមជ្ឈឹមបូព៌ាហាក់ ដូចជាមានស្ថេរភាព បន្ទាប់ពីអាមេរិក និងអ៊ីរ៉ង់ទាំងពីរមានជម្លោះប្រដាប់អាវុធនៅអ៉ីរ៉ាក់។

ប្រេងនៅអាមេរិកបានធ្លាក់ចុះ ៦ ភាគរយ គិតចាប់ពីថ្ងៃ សុក្រសប្តាហ៍មុន ហើយប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះមកនៅត្រឹម ៦៥,៣៣ ដុល្លារក្នុងមួយបារ៉ែល ពោលគឺកម្រិតតម្លៃ មុនពេលអាមេរិកបានសម្លាប់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់នៅទីក្រុងបាកដាតកាលពីថ្ងៃ ព្រហស្បតិ៍។
ងឆៅប្រភេទ Brent អន្តរជាតិឡើងដល់កម្រិតខ្ពស់បំផុតគឺ ៧០ ដុល្លារក្នុងមួយបារ៉ែលកាលពីថ្ងៃ សុក្រ។
ក្រុមអ្នកវិភាគជឿជាក់ថា ការឡើងថ្លៃប្រេងកើតឡើងជាប្រតិកម្មទៅនឹងប្រធានាធិបតីអាមេរិក Donald Trump ដែលបញ្ជាឱ្យធ្វើឃាតមេបញ្ជាការយោធាអ៊ីរ៉ង់លោក Qasem Soleiman និងហានិភ័យក្នុងការផ្គត់ផ្គង់ប្រេង ប្រសិនបើតំបន់នេះមានជម្លោះប្រដាប់អាវុធ និងសង្គ្រាម។
អ៊ីរ៉ង់បានសងសឹកដោយការបាញ់មីស៊ីលនៅមូលដ្ឋានយោធាអាមេរិកនៅអ៊ីរ៉ាក់នៅព្រឹកថ្ងៃ ពុធ នៅទីក្រុងបាកដាត ខណៈលោក Ayatollah Ali Khamenei មេដឹកនាំកំពូលរបស់អ៉ីរ៉ង់បាននិយាយកាលពីថ្ងៃ ពុធ ថា វត្តមានរបស់អាមេរិកនៅមជ្ឈឹមបូព៌ាត្រូវតែឈានដល់ទីបញ្ចប់។

ប្រទេសអ៉ីរ៉ង់គ្រប់គ្រងផ្លូវឆ្លងកាត់ប្រេងដ៏សំខាន់បំផុតរបស់ពិភពលោកនៅឯច្រកសមុទ្រ Hormuz ដែលផ្លូវឆ្លងកាត់តូចចង្អៀតមានប្រវែងតែ ១២ គីឡូម៉ែត្រប៉ុណ្ណោះ និងជាផ្លូវតែមួយគត់ដើម្បីដឹកជញ្ជូនប្រេងចេញពីឈូងសមុទ្រពែរ្ស (Persian) និងចូលទៅក្នុងមហាសមុទ្រ។
ប្រធានាធិបតីអាមេរិក Donald Trump បានបង្ហាញខ្លួននៅក្នុងសប្តាហ៍នេះដោយបញ្ជាក់ថា ភាគីទាំងពីរកំពុងមានភាពស្ងប់ស្ងាត់ ហើយមិនចង់បង្កើនជម្លោះរបស់ពួកគេក្លាយទៅជាសង្គ្រាមទាំងស្រុងនោះទេ។
លោក Trump បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា “អ៉ីរ៉ង់ហាក់ដូចជាស្ងៀមស្ងាត់ ដែលជារឿងល្អសម្រាប់គ្រប់ភាគីពាក់ព័ន្ធ និងជារឿងល្អសម្រាប់ពិភពលោក”៕







