ដោយ Donald Lee
ភ្នំពេញៈ ក្រុមហ៊ុនAeon Co ដែលជាក្រុមហ៊ុនលក់រាយឈានមុខគេ និងជាប្រតិបត្តិករផ្សារទំនើបAeon ចំនួន២កន្លែងនៅរាជធានីភ្នំពេញ បានប្រកាសផ្លាស់ប្តូរអ្នកដឹកនាំ បន្ទាប់ពីក្រុមហ៊ុន បានចេញផ្សាយរបាយការណ៍បង្ហាញ ពីការធ្លាក់ចុះប្រាក់ចំណូលយ៉ាងច្រើននៅឆ្នាំ២០១៩។

ក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសជប៉ុននេះបានប្រកាសថា ក្រុមប្រឹក្សាភិបាលរបស់ខ្លួន បានតែងតាំងអនុប្រធានAkio Yoshidaជាប្រធានវិញ បន្ទាប់ពីការចេញផ្សាយតួលេខ ដែលបង្ហាញថាក្រុមហ៊ុនបានខាតបង់សុទ្ធចំនួន៥៨លានដុល្លារ ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ២០១៩។ ការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងប្រាក់ចំណេញសុទ្ធ៥.៥លានដុល្លារ ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។ នេះបើតាមរបាយការណ៍ហិរញ្ញវត្ថុចេញផ្សាយដោយ Aeon ។
អាជីវកម្មក្រៅប្រទេសរបស់ Aeon ឧទាហរណ៍ ផ្សារទំនើបពីរ (shopping malls) របស់ខ្លួននៅភ្នំពេញទទួលបានជោគជ័យយ៉ាងខ្លាំង ប៉ុន្តែផ្សារក្នុងស្រុក (domestic malls) និងផ្សារទំនើប(supermarkets) របស់ខ្លួនកំពុងរងគ្រោះ ដោយសារតែការប្រកួតប្រជែង និងលក់រាយតាមអនឡាញ។
ផ្សារទំនើប Aeon Malls នៅអាស៊ានទទួលបានប្រាក់ចំណេញខ្ពស់ ហើយជាផ្នែកសំខាន់មួយ នៃការរីកចម្រើនយ៉ាងខ្លាំងរបស់ក្រុមហ៊ុន ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។ ប្រាក់ចំណូលប្រតិបត្តិការនៅអាស៊ាន កើនឡើងជាង១៥៥ភាគរយ ក្នុងឆ្នាំ ២០១៩ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។

ផ្សារទំនើបAeon Mall គ្រោងនឹងបើកការលក់រាយលើកទី៣ របស់ខ្លួននៅក្នុងប្រទេសកម្ពុជានៅឆ្នាំ២០២៣ ដែលជាផ្សារទំនើបធំបំផុតរបស់ខ្លួន ដែលមានទំហំ១៧៤ពាន់ម៉ែត្រការ៉េ។
នៅប្រទេសវៀតណាម ក្រុមហ៊ុនAeon បានវិនិយោគក្នុងការពង្រីក និងជួសជុលផ្សារទំនើប ដែលមានស្រាប់នៅពេលដែលសេដ្ឋកិច្ចកំពុងរីកដុះដាលខ្លាំង។
របាយការណ៍ក្រុមហ៊ុន Aeon បាននិយាយថា នៅក្នុងខែវិច្ឆិកា យើងបានប្រារព្ធពិធីបើកការសម្ពោធដ៏ធំនៃ AEON MALL Binh Tan (ទីក្រុងហូជីមិញ) ដែលជាផ្សារទំនើបទីបួនរបស់យើងនៅក្នុងប្រទេសនេះ។ នេះគឺជាការជួសជុលកែលម្អ ដ៏ធំលើកដំបូងនៃផ្សារចាប់តាំងពីការបើកដំណើរការដំបូង នៅក្នុងខែកក្កដាឆ្នាំ២០១៦។ សរុបអគារជួលចំនួន៧១ត្រូវបានជួសជុល ដែលតំណាងឱ្យជិតពាក់កណ្តាលនៃអ្នកជួលផ្សារសរុប៕






