ចំនួនយានយន្តកើនជិត២,៥លានគ្រឿងបានបង្កជំនន់កកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ

0

ដោយៈ​ ​រ៉ា​ណេត​ ​

​ភ្នំ​ពេញៈ​ ​បញ្ហា​មួយ​ក្នុងចំណោម៤​ ​ដែល​កំពុងតែ​ជួប​ភាព​ប្រឈម​យ៉ាង​ខ្លាំង​និង​ទាមទារ​ឱ្យ​មានការ​ដោះស្រាយ​ជាបន្ទាន់​ ​គឺ​បញ្ហា​នៃ​ការ​កកស្ទះ​ចរាចរណ៍​ស្ទើរ​ទូទាំង​រាជធានី​ភ្នំពេញ​ ​ខណៈ​ដែល​កំណើន​យានយន្ត​ ​បាន​បន្ត​កើនឡើង​រហូតដល់​ជិត២,៥លាន​គ្រឿង​។​


ស្ទើរតែ​នៅ​គ្រប់​ទីកន្លែង​នៃ​រាជធានី​ភ្នំពេញ​ ​ជាពិសេស​នៅ​តាម​បណ្តា​ផ្លូវ​សំ​ខាន់​ៗ​ ​កំពុងតែ​ជួប​នូវ​វិបត្តិ​ជំនន់​ ​កកស្ទះ​ចរាចរណ៍​យ៉ាង​ណែនណាន់​តាន់តាប់​រាប់ម៉ោង​ ​ពោល​គឺ​ចាប់ពី​ម៉ោង៦ៈ៣០នាទី​ ​រហូតដល់​ម៉ោង១០ព្រឹក​ ​និង​ពេលរសៀល​ចាប់ពី​អំឡុង​ម៉ោង​ ​៥រហូតដល់​ម៉ោង៧យប់​។​ ​ចំណុច​ដែល​តែង​ជួប​វិបត្តិ​កកស្ទះ​ខ្លាំង​ ​គឺ​កើតមាន​នៅ​តំបន់​ស្ពាន​ជ្រោយ​ចង្វា​រ​ ​តំបន់​ស្ពាន​ព្រះមុនីវង្ស​ ​(​ស្ពាន​ច្បារអំពៅ​)​ ​តំបន់​ខេម​កូ​ស៊ី​ធី​ ​តំបន់​រង្វង់​មូល​ចោមចៅ​រួម​ជាមួយនឹង​បណ្តា​ផ្លូ​វធំៗ​មួយចំនួន​ទៀត​ ​នៅក្នុង​រាជធានី​ភ្នំពេញ​ផង​ដែរ​។​ ​

​រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​ ​លោក​ស៊ុន​ ​ចាន់​ថុល​ ​ធ្លាប់​បាន​មានប្រសាសន៍​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​ការ​កកស្ទះ​ចរាចរណ៍​នៅក្នុង​រាជធានី​ភ្នំពេញ​ ​ដែល​កំពុងតែ​កើតមាន​នៅពេល​នេះ​ ​បច្ចុប្បន្ន​រដ្ឋាភិបាល​បាន​ព្យាយាម​រក​ដំណោះស្រាយ​ ​ជាមួយនឹង​វិធីសាស្ត្រ​ជាច្រើន​ ​ដែល​ក្នុង​នោះ​មាន​ដូចជា​ការ​បង្កើន​ចំនួន​រថយន្តក្រុង​ ​និង​ការបង្កើត​ខ្សែ​រត់​បន្ថែម​ ​ការស្ថាបនា​ផ្លូវ​ថ្មើរជើង​ ​ការបង្កើត​ផ្លូវ​ក្រោម​ដី​ ​និង​ការសាងសង់​ស្ពាន​អាកាស​បន្ថែម​ជាដើម​។​ ​



លោក​បាន​បន្ត​ថា​ ​“​ការ​កកស្ទះ​ទាំងនេះ​គឺ​កើតឡើង​គួបផ្សំ​កត្តា​ជាច្រើន​ ​ដូចជា​កត្តា​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ក្រុង​តូច​ ​កត្តា​អ្នកបើកបរ​មិន​គោរពច្បាប់​អាទិភាព​ ​ជាពិសេស​កត្តា​នៃ​កំណើន​ចំនួន​យានយន្ត​តែម្ដង​”​។​ ​

​ផ្អែក​តាម​របាយការណ៍​ ​ដែល​ចេញ​ដោយ​មន្ទីរ​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​ដែល​ទើបតែ​ចេញមុន​នេះ​បន្តិច​បាន​បង្ហាញថា​ ​បច្ចុប្បន្ន​នេះ​កំណើន​នៃ​ចំនួន​យានយន្ត​បាន​កើនឡើង​យ៉ាង​គំហុក​រហូតដល់២,៤៧៤,៤៦៥គ្រឿង​ ​ក្នុង​នោះ​រថយន្ត​មាន​ចំនួន៥០៨​ ​១៤៣គ្រឿង​ ​និង​ទោចក្រយាន​យន្ត​មាន​ចំនួន១,៩៦៦,៣២២គ្រឿង​ ​ដែល​កំពុងតែ​ធ្វើ​ចរាចរណ៍​ជាប្រចាំ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here