ដោយវុត្ថា
ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអះអាងថា សំណង់អាគារចំនួន១៤ ការដ្ឋាននៅក្នុងខេត្តព្រះសីហនុ ត្រូវបានវាយកម្ទេចចោល ក្រោយពិនិត្យឃើញថ សំណង់ទាំងនេះ សាងសង់ខ្វះបច្ចេកទេស និងបទដ្ឋានគតិយុទ្ធរបស់ក្រសួង។

-->
លោកឧបនាយកដ្ឋមន្ត្រីជា សុផារ៉ា នៅក្នុងវគ្គផ្សព្វផ្សាយច្បាប់ស្តីពីសំណង់សម្រាប់អ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់ នាថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៩ នេះ ឱ្យដឹងថា យើងបានវាយកម្ទេចសំណង់ចំនួន១៤ ការដ្ឋាននៅក្នុងខេត្តព្រះសីហនុ ដោយពិនិត្យឃើញភាពមិនប្រក្រតីចំពោះសំណង់ទាំងនេះ ។
លោកបានបញ្ជាក់ថា “យើងមិនអោយមានរឿងអញ្ចឹងកើតឡើងទៀតទេ”។
លោកឧបនាយករដ្ឋមន្ត្រីបន្ថែមថា ក្រុមហ៊ុនដែលទទួលបានវិញ្ញាបនបត្របញ្ជាក់ពីការធ្វើអាជីវកម្មលើវិស័យសំណង់ ត្រូវគោរពច្បាប់ និងបទដ្ឋានបច្ចេកទេសសំណង់ ជាពិសេសត្រូវមានការទទួលខុសត្រូវ និងត្រួតពិនិត្យការដ្ឋានសាងសង់ ឲ្យបានហ្មត់ចត់និងជៀសវាងការធ្វេសប្រហែស ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ។
លោកបន្តថា“ប្រសិនបើគណៈកម្មការចុះត្រួតពិនិត្យឃើញ ខុសបច្ចេកទេសមិនត្រូវតាមស្តង់ដា និងគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ អាជ្ញាធរមានសមត្ថកិច្ចនិងចេញលិខិតផ្អាកការសាងសង់តែម្តង”។

នៅត្រឹមចុងឆ្នាំ២០១៩ កន្លងទៅនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើការចុះត្រួតពិនិត្យតាមការដ្ឋាន ដែលកំពុងមានសកម្មភាពសាងសង់នានានៅទូទាំងខេត្តព្រះសីហនុចំនួន៥៣១ ការដ្ឋាន ដោយក្នុងនោះមានការដ្ឋានខ្លះតម្រូវឱ្យរុះរើផ្នែកដែលគ្មានគុណភាព ហើយការដ្ឋានខ្លះតម្រូវឱ្យផ្អាកសកម្មភាព។
នៅក្នុងរបាយការណ៍បូកសរុបលទ្ធផល នៃការអនុវត្តការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា គិតត្រឹមចុងឆ្នាំ២០១៩កន្លងទៅនេះ មន្ត្រីជំនាញរបស់ក្រសួង និងមន្ត្រីថ្នាក់ខេត្តបានធ្វើការចុះត្រួតពិនិត្យ ទៅលើការដ្ឋានសាងសង់សំណង់នានា នៅទូទាំងខេត្តព្រះសីហនុដែលមានដំណើរការសាងសង់ ដើម្បីវាយតម្លៃពីគុណភាព បច្ចេកទេសសាងសង់ស្របតាមបទដ្ឋាន ដែលកំណត់ដោយច្បាប់ ជាពិសេសពិនិត្យទៅលើច្បាប់អនុញ្ញាតសាងសង់។
នៅក្នុងចំណោមការដ្ឋាន ដែលបានធ្វើការចុះត្រួតពិនិត្យចំនួន៥៣១កន្លែង ក្នុងនោះ មានការដ្ឋានតម្រូវឱ្យរុះរើ ដែលមានហានិភ័យខ្ពស់ផ្នែកសុវត្ថិភាពចំនួន១៤ការដ្ឋាន ហើយការដ្ឋានដែលតម្រូវឱ្យផ្អាក និងណែនាំឱ្យធ្វើកោសល្យវិច័យចំនួន១៧០ការដ្ឋាន ហើយការដ្ឋានដែលតម្រូវឱ្យផ្អាក និងណែនាំឱ្យបំពេញនីតិវិធីចំនួន២៧៣ការដ្ឋាន រួមជាមួយនឹងណែនាំឱ្យបំពេញនីតិវិធីចំនួន៦៥ការដ្ឋាន។

ក្រៅពីនេះ មន្ត្រីជំនាញក៏បានចុះផ្សព្វផ្សាយអំពីវិធានការ ចំពោះក្រុមហ៊ុនប្រកបអាជីវកម្មក្នុងវិស័យសំណង់ ដែលមិនអនុវត្តតាមកាតព្វកិច្ច និងលក្ខខណ្ឌតម្រូវដោយបទ ដ្ឋានបច្ចេកទេសសំណង់នៅខេត្តព្រះសីហនុ ដែលមានក្រុមហ៊ុនចូលរួមចំនួន៧០ក្រុមហ៊ុនផងដែរ។
ការចុះអនុវត្តនូវការត្រូតពិនិត្យយ៉ាងយកទុកដាក់ខាងលើនេះ គឺក្នុងគោលបំណងទប់ស្កាត់ និងលុបបំបាត់នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើមានជាយថាហេតុ ជាក់ស្តែងដូចជាករណីរលំបាក់អគារចំនួន៣លើក ដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងរងរបួសជាច្រើននាក់កាលពីពេលកន្លងទៅនេះ៕