លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បើកកិច្ចប្រជុំជាថ្មីដើម្បីពង្រឹងស្ដង់ដា និងគុណភាពសំណង់

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ក្រោមការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ផ្តោតទៅលើគុណភាព និងសុវត្ថិភាពសំណង់ជាចម្បង ឈានទៅលុបបំបាត់សំណង់ខុសបច្ចេកទេសនៅកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានបន្តបើកកិច្ចប្រជុំស្ដីពីវិធានការពង្រឹងការងារត្រួតពិនិត្យសំណង់នៅទូទាំងប្រទេស។

នៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជា សុផារ៉ា បានបើកកិច្ចប្រជុំជាថ្មីស្ដីពី «វិធានការពង្រឹងការងារត្រួតពិនិត្យសំណង់» នៅទូទាំង២៥ ខេត្ត/ក្រុង ក្រោមការចូលរួមពីសំណាក់មន្ត្រីជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។

អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះថា កិច្ចប្រជុំមួយនេះបានផ្តោតសំខាន់ទៅលើវិធានការ និងការងារចុះត្រួតពិនិត្យគុណភាពសំណង់នានានៅទូទាំងប្រទេស ដោយបានបែងចែកមន្ត្រីជំនាញជា៩ក្រុមដែលមានសមត្ថកិច្ចទទួលខុសត្រូវផ្សេងគ្នា។

លោក សេង ឡូត បានមានប្រសាសន៍បញ្ជាក់ថា “ក្នុងចំណោមទាំង៩ក្រុម នឹងត្រូវបែងចែកតំបន់ទទួលខុសត្រូវផ្សេងៗពីគ្នា ដោយមានក្រុមខ្លះទទួលខុសត្រូវលើការចុះត្រួតពិនិត្យចំនួន ២ខេត្ត ក្រុមខ្លះទទួលការចុះត្រួតពិនិត្យចំនួន៣ខេត្ត ដែលអាស្រ័យទៅតាមភាពជាក់ស្ដែងនៃការបែងចែករបស់ថ្នាក់ដឹកនាំ”។ លោកបន្តទៀតថា “ការបែងចែកនេះ គឺមានភាពងាយស្រួលក្នុងការចុះតាមដានសកម្មភាពសាងសង់សំណង់ជាប្រចាំ ដូចជាការអនុវត្តសាងសង់ស្របតាមបទដ្ឋាន បច្ចេកទេស ពិនិត្យទៅលើលិខិតគតិយុទ្ធអនុញ្ញាតការសាងសង់ ពិនិត្យទៅលើបទដ្ឋាននគរូបនីយកម្ម ដើម្បីធ្វើរបាយការណ៍ជូនក្រសួងពិនិត្យ និងចាត់វិធានការ ដែលធ្វើយ៉ាងណាឱ្យប្រាកដថា សំណង់ដែលសាងសង់ប្រកបដោយគុណភាព និងមានច្បាប់ត្រឹមត្រូវ ប្រកបដោយសុវត្ថិភាពពេញលេញ”។

លោកបានបន្តថា “ក្នុងករណីដែលមន្ត្រីជំនាញពិនិត្យឃើញថាសំណង់មានភាពមិនប្រក្រតី ប៉ុន្តែមិនអាចធ្វើការវិនិច្ឆ័យបានដោយផ្ទាល់ អាចលើកជាយោបល់ស្នើសុំដល់ក្រសួងដើម្បីរកក្រុមហ៊ុនដែលមានជំនាញជាន់ខ្ពស់ទៅធ្វើការពិនិត្យផ្ទៀងផ្ទាត់ ដែលគោលការណ៍នេះ ផ្តើមអនុវត្តចាប់ពីពេលតទៅ ដោយមានការធ្វើជារបាយការណ៍ប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ ដោយឡែកករណីពិសេសអាចធ្វើរបាយការណ៍ភ្លាមៗតែម្ដង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here