ដោយវុត្ថា
ភ្នំពេញ៖ YAMAMOTO Kozo សមាជិកសភាតំណាងរាស្ត្រប្រទេសជប៉ុនស្នើឲ្យភាគីទាំងពីរ កម្ពុជា និងជប៉ុន ចុះកិច្ចព្រមព្រៀងស្តីពីការជៀសវាងការយកពន្ធត្រួតគ្នាឲ្យបានឆាប់ ដើម្បីលើកទឹកចិត្តឲ្យវិនិយោគិនជប៉ុនមកដាក់ទុនវិនិយោគនៅកម្ពុជាឲ្យបានកាន់តែច្រើនឡើងថែមទៀត។

លោក YAMAMOTO_Kozo នៅក្នុងជំនួបជាមួយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី ១៥ ខែមករាម្សិលិញនេះ ឱ្យដឹងថា ប្រទេសកម្ពុជាសម្រេចបានការអភិវឌ្ឍយ៉ាងឆាប់រហ័សនិងមានកំណើនសេដ្ឋកិច្ចខ្ពស់ ហើយវិស័យហិរញ្ញវត្ថុនៅកម្ពុជាក៏មានការលូតលាស់គួរឲ្យកត់សម្គាល់ផងដែរ។
លោកក៏បានលើកឡើង ពីប្រវត្តិនៃការកសាង សេដ្ឋកិច្ចប្រទេសជប៉ុន ការធ្វើកំណែទម្រង់វិស័យហិរញ្ញវត្ថុ និងការជំរុញឲ្យអនុវត្តមធ្យោបាយ ទូទាត់ដែលមិនប្រើក្រដាសប្រាក់តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ។
លោក ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យដឹងថា គោលនយោបាយសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា គឺមានចក្ខុវិស័យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ក្នុងវិស័យហិរញ្ញវត្ថុរាជរដ្ឋាភិបាលកម្ពុជា មានក្របខ័ណ្ឌគោលនយោបាយរយៈពេលវែង ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលដែលជំរុញឲ្យប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុ ទាំងក្នុងវិស័យសាធារណៈ និង វិស័យឯកជន៍ ។
លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងអនុវត្តប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុ ក្នុងក្របខ័ណ្ឌនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈផងដែរ ។ទន្ទឹមនេះ, ធនាគារជាតិនៃកម្ពុជា បានបង្កើតប្រព័ន្ធបាគង ដែលជាប្រព័ន្ធទូទាត់តាមបច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់សុវត្ថិភាព និងប្រសិទ្ធភាពនៃការទូទាត់ដោយមិនប្រើក្រដាសប្រាក់ ។

ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងស្តីពីការជៀសវាងការយកពន្ធត្រួតគ្នាជាមួយប្រទេសជប៉ុន លោក ឧបនាយករដ្ឋមន្ត្រី បានជំរុញឲ្យក្រុមការងារបច្ចេកទេសពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្តចរចាជាមួយគ្នាបន្ថែមទៀត ដើម្បីរកឲ្យឃើញនូវដំណោះស្រាយរួមសម្រាប់ឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនាពេលឆាប់ៗខាងមុខ ។
ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា និង ជប៉ុន ត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ ហើយបាននាំមកនូវសមិទ្ធផលប្រកបដោយផ្លែផ្កាជាច្រើនអនេក ជាពិសេស ក្នុងក្របខ័ណ្ឌជំនួយបច្ចេកទេស ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន។ ទន្ទឹមនេះលំហូរវិនិយោគផ្ទាល់ពីប្រទេសជប៉ុនក៏មានសន្ទុះកើនឡើងផងដែរ ដែលបានជួយបង្កើតការងារ ផ្ទេរបទពិសោធន៍ និងចំណេះដឹង ព្រមទាំងបានរួមចំណែក កាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា ៕






