ដោយៈ រ៉ាណេត
ភ្នំពេញៈ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលធ្លាប់តែជាតំបន់ជាយក្រុង មានសភាពស្ងប់ស្ងាត់ហ៊ុព័ទ្ធទៅដោយព្រៃកក់ ស្មៅក្រាស់ និងទឹកលិចល្ហល្ហេវកាលពីប៉ុន្មានឆ្នាំមុននោះ ពេលនេះបានប្រែក្លាយរូបរាងអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ទៅជាទីប្រជុំ ប្រមូលផ្តុំទៅដោយបុរីធំៗ សំណង់លំនៅដ្ឋានបែបទំនើប និងទាន់សម័យ ដែលមានតម្លៃរាប់សិបម៉ឺនដុល្លារ ហើយថែមទាំងមានសក្ដានុពលអូសទាញការវិនិយោគយ៉ាងខ្ពស់។

-->
មានក្រុមហ៊ុនអភិវឌ្ឍន៍បូរីលំដ្ឋានបែបទំនើបធំៗជាច្រើន បានបង្ហាញវត្តមាននៅក្នុងតំបន់នេះ ក្នុងនោះគម្រោងអភិវឌ្ឍលំនៅដ្ឋានបែបអូស្ត្រាលី អូរ៉ូរ៉ា ស៊ីធី កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អតិថិជនរបស់ខ្លួន ក៏ដូចជាប្រជាជនក្នុងតំបន់ទៅលើការរៀបចំហេដ្ឋាសម្ព័ន្ធដ៏ល្អប្រណិត សោភណ្ឌភាពនៃម៉ូតផ្ទះ ដែលពិសេសនោះគឺការទទួលស្គាល់របស់អតិថិជន ទៅលើគុណភាពសំណង់ ដែលមានកម្រិតស្តង់ដារខ្ពស់។ ក្រៅពីនេះ មានការអភិវឌ្ឍជាអគារមជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះខ្ពស់ៗ គ្លីនិក និងសាលារៀនឯកជនជាដើម។
ប្រធានគ្រប់គ្រងគម្រោងអភិវឌ្ឍលំនៅដ្ឋាន បែបអូស្ត្រាលី អូរ៉ូរ៉ា ស៊ីធី ដែលកំពុងតែមានភាពមមាញឹក ក្នុងការសាងសង់បញ្ចប់គម្រោងនៅពេលឆាប់ៗខាងមុខនេះ លោក ឃិន សារ៉ាត់ បានមានប្រសាសន៍ឲ្យដឹងថា បច្ចុប្បន្ននេះតំបន់ក្រាំងធ្នង់ មិនមែនជាតំបន់ជាយក្រុងដូចមុនទៀតនោះទេ ប៉ុន្តែវាបានអភិវឌ្ឍន៍ខ្លួនក្លាយទៅជាទីប្រជុំ ដែលប្រមូលផ្តុំទៅដោយសំណង់អគារលំនៅដ្ឋានទំនើបៗ អគារពាណិជ្ជកម្ម ជាពិសេសបណ្តាញហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលសាងសង់ឡើងដោយរាជរដ្ឋាភិបាល និងវិស័យឯកជន។
លោកបន្តទៀតថា “បច្ចុប្បន្ន សំណង់លំនៅដ្ឋាននៅក្នុងតំបន់ក្រាំងធ្នង់ មិនមែនប្រភេទលំនៅដ្ឋានកម្រិតក្រោមមធ្យមទៀតនោះទេ ប៉ុន្តែវាបានជំនួសដោយលំនៅដ្ឋានកម្រិតមធ្យម និងកម្រិតខ្ពស់ ដែលជាតម្រូវការថ្មីរបស់អតិថិជនក្នុងតំបន់នេះ”។ លោកបានបញ្ជាក់ថា “ហេតុផលនេះ បានជំរុញឱ្យប្រជាជនចូលមករស់នៅ តំបន់នេះកាន់តែច្រើន ក្នុងរយៈពេលដ៏ខ្លី ព្រោះតែតំបន់នេះមានបណ្តាញផ្លូវជាច្រើន ងាយស្រួលចេញចូលក្រុង មានផ្សារទំនើបជាច្រើននៅព័ទ្ធជុំវិញ ដូចជា ផ្សារទំនើប AEON2 ផ្សារទំនើប GLOBAL ផ្សារជីពម៉ុង ផ្សារ MAKRO ផ្សារ Century Plaza ដែលកំពុងតែដំណើរការសាងសង់ គ្រោងនឹងបញ្ចប់នៅពេលដ៏ខ្លីខាងមុខនេះ ហើយក៏នៅជិតព្រលានយន្តហោះអន្តរជាតិជាតិ”។

លោកឃិន សារ៉ាត់ បានបន្តទៀតថា ជាមួយនឹងកំណើនប្រជាជនខាងលើនេះ បានជម្រុញឱ្យក្រុមហ៊ុន អភិវឌ្ឍវិស័យលំនៅដ្ឋានជាច្រើន សម្រុកមកបណ្តាក់ទុនសាងសង់ដើម្បីបំពេញទៅតម្រូវការទីផ្សារដែលកំពុងកើនឡើង។ ជាក់ស្ដែងដូចជា គម្រោងលំនៅ ដ្ឋានទំនើបបែបអូស្ត្រាលី អូរ៉ូរ៉ា ដែលកំពុងតែសម្រុកការសាងសង់ បញ្ចប់គម្រោងនៅពេលនេះ ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជន ដែលត្រឹមរយៈពេល៣ខែ ក្រុមហ៊ុនលក់បានជាង៦០ភាគរយនៃគម្រោងសរុបរួចជាស្រេច។
លោកបញ្ជាក់ថា“តម្រូវការលំនៅដ្ឋាននៅក្នុងតំបន់នេះ នៅមិនទាន់ឆ្អែតនៅឡើយនោះទេ ខណៈដែលភាពរីកចម្រើននៃចំនួនប្រជាសាស្ត្រ នៅតែបន្តកើនឡើងជាបន្តបន្ទាប់ ដែលអាចនឹងក្លាយជាក្រុងថ្មីក្នុងពេលដ៏ខ្លីខាងមុខនេះ”។
ដោយឡែកពាក់ព័ន្ធនឹងគម្រោងលំនៅដ្ឋានបែបទំនើប អូរ៉ូរ៉ា ស៊ីធី ដែលមានទីតាំងនៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ គឺមានលក្ខណៈពិសេសជាងលំនៅដ្ឋានដទៃទៀតទាំងម៉ូត ការចរនា គុណភាពសំណង់ សុទ្ធតែមានភាពទាក់ទាញបំផុត។

ទំនុកចិត្តរបស់អតិថិជនគឺរឿងសំខាន់ដែល អូរ៉ូរ៉ា ស៊ីធី ផ្តោតការយកចិត្តទុកដាក់ ដោយក្រុមហ៊ុន បានរៀបចំប័ណ្ណកម្មសិទ្ធិគ្រប់ផ្ទះល្វែងទាំងអស់ ដែលមាននៅក្នុងគម្រោងរួចជាស្រេច។
គ្រប់លំនៅដាននៅក្នុងគម្រោង អូរ៉ូរ៉ា ស៊ីធី ក្រាំងធ្នង់ គឺមានកម្ពស់ ៣ជាន់កន្លះ ទំហំចាប់ពី៤,៥ ម៉ែត្រ x ១៤ ម៉ែត្រ , ៤,៥ ម៉ែត្រ x១៦ ម៉ែត្រ, ៤,៥ ម៉ែត្រ x ១៨ ម៉ែត្រ, ៥,៥ ម៉ែត្រ x ១៦ម៉ែត្រ ដោយផ្ទះនីមួយៗមានបន្ទប់គេងចំនួន៤ បន្ទប់ទទួលភ្ញៀវចំនួន១ បន្ទប់ទឹកចំនួន៥ និងទីកន្លែងអង្គុយទទួលទានអាហារលក្ខណៈគ្រួសារ នៅជាន់លំហរដ៏ទូលាយមួយទៀត៕


