ដោយ ប៊ី
ភ្នំពេញ៖ កម្ពុជាបានជំរុញវិនិយោគិនជប៉ុនបន្តបង្កើនការវិនិយោគក្នុងខេត្តបាត់ដំបងឱ្យបានកាន់ច្រើនបន្ថែមទៀត ស្របខេត្តនេះមានសក្ដានុពលសម្រាប់ការវិនិយោគ និងជាខេត្តជាប់ព្រំដែនមួយដែលមានក្រុមហ៊ុន ជប៉ុន កំពុងវិនិយោគស្រាប់។

ការជំរុញវិនិយោគិនជប៉ុនបង្កើនការវិនិយោគក្នុងខេត្តបាត់ដំបងនេះត្រូវបានធ្វើឡើងក្នុងជំនួបប្រជុំមួយរវាង សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក តូគិហិរ៉ូ ណាកាម៉ូរ៉ា (TOKIHIRO NAKAMURA)អភិបាលខេត្ត អ៊ិហិមិ កាលពីថ្ងៃទី១៦ ខែមករា ម្សិលមិញនេះ។
សម្ដេចក្រឡាហោម បានថ្លែងថា ខេត្តអ៊ិហិមិ បានកសាងទំនាក់ទំនងយ៉ាងល្អជាមួយខេត្តបាត់ដំបងរបស់ប្រទេសកម្ពុជា ដោយបានបង្កើតទំនាក់ទំនងរវាងថ្នាក់ដឹកនាំខេត្ត និងខេត្ត និងរវាងធុរជន និងធុរជន ហើយតាមរយៈទំនាក់ទំនងដ៏ល្អនេះ ក្រុមហ៊ុនជប៉ុន បានមកបណ្ដាក់ទុនវិនិយោគនៅក្នុងខេត្តបាត់ដំបង ហើយសម្ដេចសង្ឃឹមថា នឹងមានការវិនិយោគពីជប៉ុនមកខេត្តបាត់ដំបង កាន់តែច្រើនទៀត។
សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា ទំនាក់ទំនងដ៏ល្អនេះ មិនមែនតែរវាងខេត្តបាត់ដំបង និងខេត្ត អ៊ិហិមិ នៃប្រទេសជប៉ុននោះទេ ក៏ប៉ុន្តែទំនាក់ទំនងនេះ គឺជាផ្នែកមួយនៃផ្លែផ្លាកិច្ចសហប្រតិបត្តិការយ៉ាងល្អ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន ដោយសម្ដេចបានលើកឡើងពីការថ្លែងអំណរគុណ រដ្ឋាភិបាល និងប្រជាជនប៉ុន ដែលបានចូលរួមជួយជ្រោមជ្រែងការអភិវឌ្ឍរបស់កម្ពុជារហូតមក។

លោក តូគិហិរ៉ូ ណាកាម៉ូរ៉ា អភិបាលខេត្តអ៊ិហិមិ បានថ្លែងថា ប្រតិភូជប៉ុន ដែលលោកបានដឹកនាំមកកម្ពុជា នាពេលនេះ រួមមានថ្នាក់ដឹកនាំ និងមន្ត្រីខេត្ត និងក្រុមអ្នកធុរកិច្ច ឬ អ្នកជំនួញសំខាន់ៗប្រចាំខេត្ត ហើយថា ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក បានដឹកនាំប្រតិភូធ្វើដំណើរទៅទស្សនកិច្ចសិក្សាស្វែងយល់ពីស្ថានភាព និងសក្ដានុពលវិនិយោគនៅខេត្តបាត់ដំបង។
លោក បានថ្លែងថា ប្រតិភូពិតមានការចាប់អារម្មណ៍ណាស់ចំពោះខេត្តបាត់ដំបងជាខេត្តធំ មានសក្ដានុពលដល់ដំណាំកសិកម្ម និងជាខេត្តជាប់ព្រំដែនមួយ ដែលមានក្រុមហ៊ុនជប៉ុនកំពុងវិនិយោគស្រាប់៕







