ដោយ គង់ សូរិយា
ភ្នំពេញ៖ ជាមួយនឹងការដើរចេញពីប្រទេសក្រីក្រ មកកាន់ប្រទេសមានប្រាក់ចំណូមមធ្យមកម្រិតទាប និងឆ្ពោះទៅកាន់ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ កម្ពុជាក៏បាននិងកំពុងបង្ហាញកិត្យានុភាពបន្ថែមទៀត តាមរយៈគម្រោងសាងសង់ អាគារកប់ពពកលំដាប់ពិភពលោក ដើម្បីបង្ហាញកិត្យានុភាពនៃដែនដីដែលធ្លាប់ធ្លាក់ក្នុងឳនភាពនេះ មកជាប្រទេសថ្មីមួយដែលមានភាព ស៊ីវិល័យ និងអរិយធ៌ម។

-->
គម្រោងមហិមា
Royal Group និងក្រុមហ៊ុន Thai Bunrong កំពុងបង្ហាញមហិច្ឆតាប្រែក្លាយជាក្រុមហ៊ុនយក្សនៅកម្ពុជា ដោយកាលពីពេលថ្មីៗនេះ មន្រ្តីជាន់ខ្ពស់ក្រសួងដែនដីបានបង្ហើបថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុបបានស្នើសុំការសាងសង់ អាគារពាណិជ្ជកម្មកំពស់៦០០ម៉ែត្រ នៅទីតាំងសណ្ឋាគារកាំបូឌីយ៉ាណាសព្វថ្ងៃនេះ ជាដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ខណៈអាគារពាណិជ្ជកម្មភ្លោះ Thai Bunrong Twin Tower កំពស់៥៦០ម៉ែត្រ ដែលគ្រោងសាងសង់នៅក្បែរនោះហាក់ស្ងៀមស្ងាត់ មិនទាន់មានព៌តមានអ្វីនៅឡើយ ទាក់ទងនឹងពេលវេលាសាងសង់ជាក់លាក់។
អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ាគិត ម៉េង គ្រោងនឹងឈូសសណ្ឋាគារកាំបូឌីយ៉ាណា ដើម្បីត្រួសត្រាយផ្លូវសម្រាប់សាងសង់ អគារមួយដែលមានកម្ពស់៦០០ម៉ែត្រ។
លោកថ្លែងបន្តថា « វាគ្រាន់តែជាផែនការប៉ុណ្ណោះ ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប បានស្នើសុំរដ្ឋាភិបាលនូវសិទ្ធិសម្រាប់គម្រោងនេះ»។ លោកបន្តថា តាមគំរោងក្រុមហ៊ុន Royal Group គ្រោងវាយកម្ទេសសណ្ឋាគារកាំបូឌីយ៉ាណា ហើយក្រុមហ៊ុននេះនឹងសាងសង់អគារកម្ពស់ ៦០០ ម៉ែត្រនៅទីនោះ»។

ពេលវេលានឹងបង្ហាញ
ជាមួយគ្នានេះដែរ ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ដែលបានចាប់ដៃគ្នាជាមួយក្រុមហ៊ុន Sun Kian Ip Group របស់ប្រទេសចិនក៏បានប្រកាសពីផែនការក្នុងការសាងសង់អគារមួយដែល មានកម្ពស់៥៦០ម៉ែត្រនៅទីតាំងជិតនោះផងដែរ។
លោកសាស្រ្តាចារ្យទួស សាភឿនស្ថាបត្យករ ដែលចូលរួមរចនាប្លង់ស្ថាប ត្យកម្មអាគារពាណិជ្ជកម្ម THai Bunrong Twin Tower ធ្លាប់បានថ្លែងឲ្យដឹងកាលពី ពេលថ្មីៗនេះថា ការសាងសង់អាគារពាណិជ្ជកម្មលំដាប់ពិភពលោកនេះ នឹងមិនមានការផ្លាស់ប្តូរនោះទេ ដោយសារបច្ចុប្បន្ននេះក្រុមហ៊ុនមានមូលដ្ឋានលុយរ៉ឹងមាំ និងបានត្រៀមទុនរួចហើយ ដើម្បីសាងសង់អាគារនេះឲ្យទទួលបានជោគជ័យតាមការគ្រោងទុក។
លោកបន្តថា “បច្ចុប្បន្នក្រុមហ៊ុនកំពុងរៀបចំ ឌីសាញប្លង់អាគារនេះឡើងវិញ ដោយមានការចូលរួមពីស្ថាបត្យករ វិស្វករលំដាប់ពិភពលោក ដែលមានបទពិសោធន៍សាងសង់អាគារខ្ពស់ៗចូលរួម រចនាគំរោងនេះ”។លោកបន្តថា “នៅពេលអាគារនេះសាងសង់ហើយ វានឹងជា Landmark មួយសម្រាប់រាជធានីភ្នំពេញ ហើយនឹងធ្វើឲ្យកម្ពុជា កាន់តែទាក់ទាញបាននូវអ្នកវិនិយោគអន្តរជាតិ ក៏ដូចជាក្រុមហ៊ុនធំៗលំដាប់ពិភពលោក មកតាំងការិយាល័យកណ្តាលនៅទីក្រុងភ្នំពេញកាន់តែច្រើនថែមទៀត”។
តាមគម្រោងអាគារពាណិជ្ជកម្មលំដាប់ពិភពលោក Thai Bunrong Twin Towerគ្រោងនឹងប្រើប្រាស់ចម្រុះដូចជា ផ្សារទំនើបលំដាប់អន្តរជាតិ សណ្ឋាគារកម្រិតផ្កាយ៦ អាផាតម៉ិនសម្រាប់អភិជន ខុនដូប្រណីត ភោជនីយដ្ឋាន ការិយាល័យលំដាប់ពិភពលោកជាដើម។នេះបើតាមលោកទួស សាភឿនបញ្ជាក់ឲ្យដឹង។
លោកបន្តថា ក្រោយពេលសាងសង់ចប់ ក្រុមហ៊ុនគ្រោងចំណាយទុន៣០០០លានដុល្លារថែមទៀត ដើម្បីធ្វើឲ្យមជ្ឈមណ្ឌលពាណិជ្ជកម្មនេះដំណើរការដោយរសរវើក និងទទួលបានជោគជ័យ។

មហិច្ឆតាយក្ស
ជាមួយគ្នានេះដែរ កម្ពុជាក៏គ្រោងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មកំពស់៦០០ម៉ែត្រ ស្ថិតនៅភាគខាងជើងរាជធានីភ្នំពេញផងដែរ ដោយគំរោងនេះស្ថិតនៅក្នុងទីក្រុងនាគរាជសម្តេចតេជោហ៊ុន សែន ដែលស្ថិតនៅស្របតាមបណ្តោយផ្លូវជាតិលេខ៦អា និងផ្លូវជាតិលេខ៥ ស្របគ្នានឹងដងទន្លេមេគង្គនិងទន្លេសាប។
គំរោងទីក្រុងនេះគ្រោងចំណាយប្រាក់៨០ពាន់លានដុល្លារអាមេរិក ប៉ុន្តែគំរោងនេះស្ថិតនៅក្នុងផែនការនៅឡើយ ដោយសាររដ្ឋាភិបាលកំពុងរង់ចាំដៃគូវិនិយោគអន្តរជាតិនានា ពិសេសប្រទេសចិន។

លោកភឿង សុភ័ណ្ឌរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ធ្លាប់បានថ្លែងថា គំរោងនេះលោកបានដាក់ឆ្លងសម្តេចតេជោរួចហើយៗ សម្តេចតេជោបានស្នើសុំឲ្យមានការសិក្សាលំអិតបន្ថែមទៀត មុនពេលគំរោងនេះទទួលបានការយល់ព្រមពីសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា។លោកបន្តថា ទីក្រុងនាគរាជសម្តេចតេជោ ស្ថិតនៅលើផ្ទៃដីជាង៣០០០០ហិកតា ជាទីក្រុងមួយដែលសាងសង់ឡើង ដើម្បីដឹងគុណដល់សម្តេចដែលហ៊ានពលីជីវិត ដើម្បីនាំមកនូវសុខសន្តិភាព និងអភិវឌ្ឍន៍ជាតិ។
លោកបន្តថា “កម្ពុជាខកខានសាងសង់ទីក្រុង៥៨០ឆ្នាំមកហើយ ហេតុនេះកម្ពុជាគួរតែសាងសង់ទីក្រុងថ្មី ដោយសារទីក្រុងភ្នំពេញជាទីក្រុងចាស់ និងមានមនុស្សរស់នៅកកកុញរួចទៅហើយ”។លោកបន្តថា“ហេដ្ឋារចនាសម្ព័ន្ឋទីក្រុងនេះមានទាំងផ្លូវក្រោមដី ផ្លួវទឹក ផ្លូវគោក និងផ្លូវអាកាសដែលអាចដោះស្រាយបញ្ហាចរាចរណ៍បានរាប់រយឆ្នាំ”។
រដ្ឋលេខាធិការរូបនេះបានស្នើសុំរដ្ឋាភិបាលចិន និងអ្នកវិនិយោគចិនគាំទ្រគំរោងនេះ ព្រោះសម្តេចតេជោតែងតែគាំទ្រចិននៅលើឆាកអន្តរជាតិ និងប្រកាន់យកគោលនយោបាយចិនតែមួយ ជាអ្វីដែលសម្តេចបានខិតខំពូនជ្រុំនូវទំនាក់ទំនង និងផលប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរ។
មូលដ្ឋានសេដ្ឋកិច្ចរ៉ឹងមាំ
ជាមួយនឹងផែនការ និងគោលនយោបាយច្បាស់លាស់ កម្ពុជាបានក្លាយជាដែនដីនៃការវិនិយោគ ដោយសារកំនើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋពីមួយឆ្នាំទៅមួយឆ្នាំ តាមរយៈកំនើនសេដ្ឋកិច្ចជាង៧ភាគរយប្រចាំឆ្នាំ ក្នុងរយៈពេលជាងពីរទសវត្សរ៍ ដែលធ្វើឲ្យធនាគារអភិវឌ្ឍន៍អាស៊ីប្រសិទ្ឋិនាមកម្ពុជា “ជាខ្លាសេដ្ឋកិច្ច”ថ្មីមូយនៅក្នុងតំបន់នេះកាលពីឆ្នាំមុន។ ស្របពេលជាមួយគ្នានេះកម្ពុជាកំពុងប្រែក្លាយពីប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ សំដៅប្រទេសដែលប្រជាជនម្នាក់ៗ មានប្រាក់ចំណូលចាប់ពីជាង៤,៨០០ ដល់១២,០០០ដុល្លារអាមេរិកក្នុងមួយឆ្នាំ។
ការកើនឡើងនូវប្រាក់ចំណូលជារៀងរាល់ឆ្នាំ និងកំណើនសេដ្ឋកិច្ច ពិសេ
សការក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នឹងធ្វើឲ្យកម្ពុជាកាន់តែរំលេចខ្លួន និងក្លាយជាប្រទេសដែលមានភាពទាក់ទាញ អ្នកវិនិយោគអន្តរជាតិបន្ថែមទៀត តាមរយៈកំនើននៃកំលាំងទិញកើនឡើង ដែលធ្វើឲ្យសកម្មភាពពាណិជ្ជកម្មកាន់តែរសរវើក។
ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអ៊ិលស៊ីលោកអ៊ិន ចាន់នីបានថ្លែងថា ការក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យម នឹងធ្វើឲ្យកម្ពុជាកាន់តែទាក់ទាញអ្នកវិនិយោគអន្តរជាតិថ្មីៗបន្ថែមទៀត ព្រោះកំលាំងទិញមានការកើនឡើង ហើយអ្នកវិនិយោគមុនទៅកាន់ប្រទេសណាមួយ ពួកគេតែងតែមើលពីសក្តានុពលសេដ្ឋកិច្ច ស្ថិរភាពនយោបាយរបស់ប្រទេសនោះ។
លោកបន្តថា “បើប្រទេសណាមួយក្រីក្រ ពួកគេមិនអាចរកប្រាក់ចំណេញបាន ពួកគេនឹងសម្លឹងទៅកាន់ប្រទេសមានប្រាក់ចំណូលកើនឡើង ព្រោះពួកគេអាចលក់ទំនិញដាច់ ហើយការវិនិយោគរបស់ពួកគេទទួលបានផលចំណេញ”។លោកបន្តថា “ការក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យម ធ្វើឲ្យកម្ពុជាឈរនៅទីតាំងថ្មីមួយ ដែលអ្នកវិនិយោគចាប់អារម្មណ៍ និងមកបោះទុនវិនិយោគ”។
ហេតុនេះការសាងសង់អាគារខ្ពស់ៗ នៅក្នុងស្ថានភាពទីផ្សារនិងសេដ្ឋកិច្ចល្អប្រសើរបែបនេះ ទំហំសេដ្ឋកិច្ចកម្ពុជានៅតូចបែបនេះ តើការសាងសង់អាគារទាំងនោះ អាចលើសតម្រូវការដែរឬទេ? ចម្លើយវាអាស្រ័យលើអ្នកឈរនៅលើមូលដ្ឋានអ្វី? ក្នុងការវិភាគពិចារណា ប៉ុន្តែយើងសូមលើកយកមូលដ្ឋានសម្រាប់ពិចារណាលើពីរចំណុច។
ទី១ រង់ចាំពេលមានតម្រូវការ
ប្រសិនជារង់ចាំពេលមានតម្រូវការទើបសាងសង់ ពេលអ្នកវិនិយោគចូលមកពួកគេមិនមានសេវាកម្ម និងសេវាស្នាក់នៅ ប៉ុន្តែកម្ពុជាមិនមានអ្វីដើម្បីឆ្លើយតបនឹងតម្រូវការរបស់ពួកគេ តើពួកគេនឹងរង់ចាំឬពួកគេបង្វែរទៅកាន់ទីផ្សារដទៃទៀត ដែលប្រទេសបណ្តាប្រទេសនានាកំពុងព្យាយាមទាក់ទាញយក?។
នៅក្នុងវដ្តនៃវិស័យអចលនទ្រព្យ វាមានសណ្ឋានដូចទឹករលក មានឡើងចុះជារឿងធម្មតា ប៉ុន្តែបើផ្អែកលើកត្តាសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចរយៈពេលវែងនៅកម្ពុជា ការវិនិយោគលើអាគារកំពស់រាប់រយម៉ែត្របែបនេះ ទំនងជាគ្មានបញ្ហាក្នុងទីផ្សារនោះទេ។
ទី២ ផ្គត់ផ្គង់រង់ចាំតម្រូវការ
នៅក្នុងទស្សនវិស័យ ប្រកបដោយសុទិដ្ឋិនិយមរបស់បុគ្គលជោគជ័យ ក្នុងវិស័យអចលនទ្រព្យ និងជំនួនដទៃទៀត ពួកគេតែងតែលើកឡើងថា “នៅពេលមានការផ្គត់ផ្គង់តម្រូវការនឹងកើតមានជាស្វ័យប្រវត្តិ”។
ពិតហើយនៅពេលកម្ពុជា មានវត្តមានអាគារខ្ពស់ៗកំពស់៥០០ទៅ៦០០ម៉ែត្រ ពិភពលោកនឹងភ្ញាក់ផ្អើល។ អ្នកវិនិយោគនានានឹងសម្លឹងមកកម្ពុជា ហើយនឹងឈានជើងមកកាន់ទីផ្សារនេះកាន់តែច្រើន ខណៈបច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនយក្សប្រមាណ១០០ហើយ ក្នុងចំណោមក្រុមហ៊ុនយក្សទាំង៥០០ដែលបានមកវិនិយោគនៅកម្ពុជា។
អ្វីៗរង់ចាំតែពេលវេលាប៉ុណ្ណោះថា តើពេលណាអាគារទាំងពីរ ទាំងបីនឹងសាងសង់ និងបញ្ចប់ដោយជោគជ័យយ៉ាងដូចម្តេច?។ ការបញ្ចប់ការសាងសង់ដោយជោគជ័យ កម្ពុជានឹងក្លាយជាដែកឆក់ដ៏ខ្លាំងមួយ ដើម្បីបង្ហាញពីអំណាចនៃសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីបង្ហាញនិងបង្អួតពិភពលោកថា កម្ពុជាពិតជាខ្លាសេដ្ឋកិច្ចដ៏រ៉ឹងមាំមួយ កម្ពុជាមិនស្ថិតក្នុងអន្ឋកាលដូចពីមុននោះទេ។
ពិភពលោកនឹងមើលមកកម្ពុជា ក្នុងរូបភាពជាប្រទេសមួយថ្មី ដែលមានភាពស៊ីវិល័យ និងអនាគតរ៉ុងរឿងមួយ៕








