បណ្តាវិនិយោគិន​សិង្ហបុរីជាច្រើន​សម្រុកទិញអចលនទ្រព្យក្នុងប្រទេសជប៉ុន ខណៈប្រាក់យ៉េនដាំក្បាលចុះ

0

ដោយ: សហសេវិក
អន្តរជាតិ: បណ្តាវិនិយោគិន​សិង្ហបុរីជាច្រើន​ ចាប់ពីអ្នកទិញជាលក្ខណៈបុគ្គល រហូតដល់អ្នកអភិវឌ្ឍន៍ធំៗ កំពុងបណ្តាក់ទុនទៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសជប៉ុន ដោយសារការដាំក្បាលចុះនៃប្រាក់យ៉េន ផលចំណេញខ្ពស់ និងកំណើនភ្ញៀវទេសចរណ៍បរទេស។

ជនជាតិសិង្ហបុរីគ្របដណ្តប់ចំនួន៥០ភាគរយនៃប្រតិបត្តិការទិញ-លក់អចលនទ្រព្យទាំងអស់របស់ក្រុមហ៊ុនវិនិយោគអចលនទ្រព្យ FM Investment កើនឡើងពីចំនួន៣០ភាគរយកាលពីឆ្នាំមុន និងវ៉ាដាច់ពលរដ្ឋហុងកុងជាក្រុមអតិថិជនធំជាងគេបំផុត។

នៅពិព័រណ៍អចលនទ្រព្យជប៉ុនលើកដំបូងរបស់ក្រុមហ៊ុនអចលនទ្រព្យ OrangeTee កាលពីខែកញ្ញា ឆ្នាំ២០២៥ អាផាតមុិនដែលមានបន្ទប់គេងចំនួន២នៅសង្កាត់ Asakusa នៃទីក្រុងតូក្យូ ត្រូវបានដាក់លក់ក្នុងតម្លៃក្រោម៥០០.០០០ដុល្លារសិង្ហបុរី (៣៨៤.០០០ ដុល្លារអាមេរិក)។

កាលពីខែកក្កដា បណ្តាវិនិយោគិនដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីបានទិញខុនដូចំនួន៣០យូនីត ក្នុងចំណោមខុនដូសរុបចំនួន៦០យូនីតនៅក្នុងគម្រោងមួយនៅទីក្រុង Osaka ដែលប្រកាសលក់ដោយក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Savills Singapore។

យោងតាមកាសែត The Business Times បានឱ្យដឹងថា បណ្តាក្រុមហ៊ុនធំៗក៏កំពុងចូលរួមបោះទុនវិនិយោគលើទីផ្សារអចលនទ្រព្យជប៉ុនផងដែរ។ កាលពីដើមឆ្នាំនេះ ក្រុមហ៊ុនសិង្ហបុរី Patience Capital Group បានសហការជាមួយក្រុមហ៊ុន Gaw Capital របស់ហុងកុង ដើម្បីទិញយកផ្សារទំនើប Tokyu Plaza Ginza ក្នុងទីក្រុងតូក្យូ។

លើសពីនេះ ក្រុមហ៊ុនយក្សសិង្ហបុរី CapitaLand Investment បានទិញយកឃ្លាំងផ្ទុកទំនិញចំនួន៤ នៅទីក្រុង Osaka ក្នុងខែធ្នូ ឆ្នាំ២០២៤ និងអចលនទ្រព្យពហុមុខងារ(Mixed-use)នៅទីក្រុងតូក្យូក្នុងខែមិថុនា ឆ្នាំ២០២៥៕ប្រភព: Vnexpress ៕

LEAVE A REPLY

Please enter your comment!
Please enter your name here