ដោយវុត្ថា
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានអះអាងថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ជាគម្រោងវិនិយោគធំបំផុតតែមួយដោយភាគីចិនក្នុងប្រទេសកម្ពុជានាបច្ចុប្បន្ននេះ ហើយក៏ជាសំណង់វិស្វកម្មសំខាន់នៃការកសាងគោលនយោបាយ “ខ្សែក្រវាត់ និងផ្លូវ” ហើយថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរក៏បានយកចិត្តទុកដាក់ខ្លាំងចំពោះគម្រោងមួយនេះដែរ។

លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អះអាងបែបនេះ ខណៈលោកបានអញ្ជើញទៅទស្សកិច្ចនៅកន្លែងដោយផ្ទាល់នៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដើម្បីសួរសុខទុក្ខបុគ្គលិកផ្នែកគ្រប់គ្រងប្រតិបត្តិ និងផ្នែកការរដ្ឋាននៃគម្រោងដែលប្រចាំការនៅទីនោះ និងព្រមទាំងជូនរបស់របរសម្រាប់ជីវភាពប្រចាំថ្ងៃផងដែរនៅមុនឪកាសចូលឆ្នាំចិនកាលពីចុងសប្តាហ៍កន្លងមកនេះ។
លោកសង្ឃឹមថា ផ្នែកគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនេះនៅតែខិតខំជាបន្ត ត្រូវតែធានាពីគុណភាពឲ្យបានខ្ជាប់ខ្ជួន យកចិត្តទុកដាក់លើការបង្កើតសុវត្ថិភាព បំពេញទំនួលខុសត្រូវក្នុងសង្គម ដើម្បីប្រែក្លាយផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ឲ្យក្លាយជាមាគ៌ានៃមិត្តភាព មាគ៌ានៃកិច្ចសហប្រតិបត្តិការ រវាងចិន និងកម្ពុជា។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងពិធិដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ផ្លូវល្បឿនលឿនកាលពីខែធ្នូ ឆ្នាំ ២០១៩ បានឱ្យដឹងថា មកដល់ត្រឹមខែធ្នូ ឆ្នាំ២០១៩នេះ ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជានោះ សម្រេចបានជាង ៧ភាគរយហើយ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២២។
គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អញ្ជើញបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩កន្លងទៅនេះ។
គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ។ ផ្លូវនេះឆ្លងកាត់រាជធានីភ្នំពេញប្រវែង ៨.៣០គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ៩.១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០.៨០គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង ១.៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩.៨៩គីឡូម៉ែត្រ ដែលចំណាយថវិកាសាងសង់សរុបប្រមាណ ២,០០០លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd។

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ជាខ្សែផ្លូវទី១ និងដំបូងគេបំផុតពុំធ្លាប់មានពីមុនមក នៅក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា ហើយវានឹងក្លាយជាខ្សែផ្លូវនៃប៉ូលសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពលរបស់កម្ពុជា តភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងព្រះសីហនុ។
ផ្លូវនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ ប្រសិទ្ធភាពនៃការធ្វើដំណើរ និងប្រព័ន្ធភស្តុភារកម្មរបស់កម្ពុជា សំដៅសម្រួលដល់ការដឹកជញ្ជូនផលិតផល ដំណាំកសិផល និងផលិតផលកសិ-ឧស្សាហកម្ម របស់ក្រុមហ៊ុនវិនិយោគ និងប្រជាពលរដ្ឋមកពីគ្រប់តំបន់នៅទូទាំងប្រទេស ទៅកាន់ទីផ្សារក្នុងស្រុក និងជាពិសេសទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈកំពង់ផែសមុទ្រអន្តរជាតិទឹកជ្រៅប្រកបដោយភាពងាយស្រួល ចំណាយតិច និងឆាប់រហ័ស សំដៅបង្កើនសមត្ថភាពប្រកួតប្រជែងធុរកិច្ច និងទាញយកអត្ថប្រយោជន៍ឱ្យបានច្រើនលើសលប់ពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន តំបន់ និងពិភពលោក៕







