ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ស្របទៅនឹងកំណើនទុនសរុបវិនិយោគនៅក្នុងវិស័យសំណង់មានការកើនឡើងខ្ពស់ សម្រាប់ទីផ្សារខុនដូដែលជាផ្នែកមួយនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាក្នុងឆ្នាំ២០២០នេះ ត្រូវបានគេរំពឹងថានឹងមានការកើនឡើងខ្ពស់ដូចគ្នារហូតដល់ប្រមាណ ៥៥ភាគរយ ជាពិសេសទីផ្សារខុនដូតម្លៃសមរម្យដែលកំពុងទាក់ទាញអតិថិជនក្នុងស្រុក។

ផ្អែកតាមរបាយការណ៍ដែលចេញដោយក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិប្រចាំនៅកម្ពុជា CBRE Cambodia កាលពីចុងសប្ដាហ៍កន្លងទៅនេះបានព្យាករណ៍ថា ការផ្គត់ផ្គង់ខុនដូនៅក្នុងឆ្នាំ២០២០នេះ នឹងមានការកើនឡើងរហូតដល់ប្រមាណ ៥៥ភាគរយ ដែលកំណើនទាំងនេះបណ្តាលមកពីការកើនឡើងនូវចំនួនគម្រោងធំៗនៃវិស័យសំណង់កាលពីឆ្នាំ២០១៩ ដែលបានបន្តរហូតដល់មកដល់ឆ្នាំនេះ។
នៅក្នុងរបាយការណ៍ដដែលបានបង្ហាញទៀតថា ជាមួយនឹងការរំពឹងទុកនូវកំណើននៃការផ្គត់ផ្គង់លើវិស័យខុនដូខាងលើនេះ ត្រូវបានចូលរួមចំណែកពីប្រភេទទីផ្សារខុនដូផ្សេងគ្នាចំនួន៣ រួមមានប្រភេទខុនដូតម្លៃសមរម្យ ៣០ភាគរយ (មានការកើនឡើងប្រមាណ៦ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ២០១៩) ប្រភេទខុនដូតម្លៃមធ្យម ឬតម្លៃកណ្តាល ៤៦ភាគរយ (ធ្លាក់ចុះប្រមាណ៦ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩) និងប្រភេទខុនដូតម្លៃខ្ពស់ចូលរួម ២៤ភាគរយ (មានការកើនឡើងប្រមាណ១ភាគរយ ប្រៀបធៀបទៅនឹងឆ្នាំ២០១៩)។
នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីចុងសប្ដាហ៍កន្លងទៅថា ទីផ្សារខុនដូរួមនៅក្នុងឆ្នាំ២០២០នេះ នៅតែបន្តបានភាពល្អប្រសើរដដែល សម្រាប់តម្រូវការប្រភេទខុនដូគឺមានភាពមិនដូចគ្នាទេ ដែលភាគច្រើនប្រភេទខុនដូតម្លៃសមរម្យមានភាពលេចធ្លោ និងមានតម្រូវការខ្ពស់ជាងប្រភេទខុនដូដទៃទៀត។
លោកស្រី អាន សុធីតា បានបញ្ជាក់ថា “ខុនដូតម្លៃសមរម្យ ភាគច្រើនមានតម្រូវការខ្ពស់ពីសំណាក់អតិថិជនក្នុងស្រុក ដែលជាជនជាតិខ្មែរ។ ពួកគាត់បានយល់ និងស្គាល់ពីគុណតម្លៃនៃការស្នាក់នៅក្នុងខុនដូ ហើយពួកគាត់ទិញសម្រាប់រស់នៅ ច្រើនជាងទិញសម្រាប់ទុកវិនិយោគបន្ត”។ លោកស្រីបានបន្តទៀតថា “ខុនដូដែលត្រូវបានចាត់ទុកថាប្រភេទសមរម្យ គឺមានតម្លៃប្រមាណ១២០០ដុល្លារក្នុងមួយម៉ែត្រ ដោយឡែកខុនដូតម្លៃមធ្យម ឬតម្លៃកណ្តាល គឺមានតម្លៃប្រមាណចាប់ពី១៥០០ដុល្លារឡើងទៅ ហើយចំពោះប្រភេទខុនដូតម្លៃខ្ពស់គឺមានតម្លៃចាប់ពីប្រមាណ ២៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េឡើងទៅ និងស្ថិតនៅជាន់ខ្ពស់ៗ”។

ជាមួយនឹងការរំពឹងទុកពីកំណើននៃផ្គត់ផ្គង់ចំនួនខុនដូក្នុងឆ្នាំ២០២០នេះ អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Century21 Cambodia លោកស្រី Grace Rachny Fong បានយល់ស្របទៅនឹងការព្យាករណ៍ខាងលើនេះ ប៉ុន្តែសម្រាប់ការលក់ចេញនៅលើទីផ្សារក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍន៍ក៏ត្រូវតែមានការបត់បែនទៅតាមតម្រូវការទីផ្សារផងដែរ។
លោកស្រីបានមានប្រសាសន៍ថា “ទីផ្សារខុនដូតម្លៃសមរម្យភាគច្រើនមានតម្រូវការខ្ពស់ពីអតិថិជនក្នុងស្រុក ដូច្នេះអ្នកអភិវឌ្ឍន៍តែសិក្សាពីទំនោរចិត្តរបស់អតិថិជន ដើម្បីរៀបចំរចនាឱ្យត្រូវនឹងទីផ្សារគោលដៅ ឧទាហរណថា បើអតិថិជនជាជនជាតិខ្មែរ គួររៀបចំគេដ័របន្ទប់យ៉ាងម៉េច បើទីផ្សារគោលដៅជាជនជាតិជប៉ុន ត្រូវរៀបចំយ៉ាងម៉េច ហើយបើទីផ្សារគោលដៅជាជនជាតិចិន ឬអឺរ៉ុប គួររៀបចំយ៉ាងដូចម្ដេច”។
លោកស្រីបានបន្តទៀតថា “អ្វីដែលជាយុទ្ធសាស្ត្រជំរុណការលក់ ក្រុមហ៊ុនវិនិយោគ ក៏ដូចជាក្រុមហ៊ុនអភិវឌ្ឍន៍ គួរតែសហការជាមួួក្រុមហ៊ុនភ្នាក់ងារដែលមានបទពិសោធន៍ និងកេរ្តិ៍ឈ្មោះល្អក្នុងការលក់ ដើម្បីបង្កើនទំនុកចិត្តដល់អតិថិជន ប្រសើរជាងការសាងសង់សំណង់ខុនដូដែលមានការរៀបចំស្អាត តម្លៃខ្ពស់ ប៉ុន្តែមិនអាចចាប់យកទីផ្សារគោលដៅ ដែលវាជាការលក់បែបប្រថុយប្រថាន”។
កាលពីឆ្នាំ២០១៩កន្លងទៅនេះ ការផ្គត់ផ្គង់ចំនួនខុនដូនៅលើទីផ្សារកម្ពុជា មានចំនួន ១៨ ០០០យូនីត កើនឡើងចំនួន ៣៨០០ យូនីត ស្មើនឹងប្រមាណ ៣០ភាគរយ ប្រៀបប្រៀបធៀបទៅនឹងឆ្នាំ២០១៨ ៕







