ដោយ ប៊ី
ភ្នំពេញ៖ ពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុនមានទំហំទឹកប្រាក់ ២,១ ពាន់លានដុល្លារ ឡើងជិត ១៣ ភាគរយកាលពីឆ្នាំមុនបើធៀបនឹងឆ្នាំ ២០១៨ ។ នេះបើយោងតាមរបាយការណ៍របស់អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (Jetro)។

របាយការណ៍បានឱ្យដឹងថា ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា - ជប៉ុន មានចំនួន ២,១ ពាន់លានដុល្លារ គិតចាប់ពីខែមករា ដល់ខែវិច្ឆិកាឆ្នាំ២០១៩ កើនឡើង ១២,៩៥ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨ ដែលមានទំហំពាណិជ្ជកម្ម ១,៨៦ ពាន់លានដុល្លារ។
ទំនិញនាំចេញពីកម្ពុជាទៅជប៉ុនមានតម្លៃជិត ១,៦០ ពាន់លានដុល្លារ កើនឡើង ៧,៧ ភាគរយ ពី ១,៤៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨។ ការនាំចូលពីជប៉ុនមានតម្លៃ ៥០២,៨៨ លានដុល្លារកើនឡើង ៣៣,៩ ភាគរយពី ខណៈដែលឆ្នាំ២០១៨ មានត្រឹម ៣៧៥,៧០ លានដុល្លារ។
ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរបានអនុញ្ញាតឱ្យពាណិជ្ជកម្មរីកចម្រើនជាលំដាប់។
កំណើនពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុនបង្ហាញពីវិជ្ជមាន។ ទំហំពាណិជ្ជកម្មទំនងជានឹងកើនឡើងម្តងទៀតនៅឆ្នាំ ២០២០។
ប្រទេសកម្ពុជាភាគច្រើននាំចេញសម្លៀកបំពាក់ ស្បែកជើង អេឡិចត្រូនិច និងកង់ទៅប្រទេសជប៉ុន។
វិនិយោគិនជប៉ុនកាន់តែច្រើនកំពុងងាកមករកកម្ពុជា ជាពិសេសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងនៅខេត្តកោះកុង៕







