ដោយវុត្ថា
សៀមរាប៖ អគ្គកុងស៊ុលនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំខេត្តសៀមរាប លោក LIV ZHICHEANG បង្ហាញសុទិដ្ឋិនយមថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី ក្រៅពីការស្រូបទាញយកកំណើនភ្ញៀវទេសចរ គឺបានជួយអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាកាន់រីកចំរើនបន្ថែមទៀត។

លោក LIV ZHICHEANG អគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប បានមានប្រសាសន៍បែបនេះ នៅក្នុងឱកាសចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងស្រុកសូទ្រនិគម កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ម្សិលមិញនេះ។
លោកបន្តថា បន្ទាប់ពីការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី ដែលមានទីតាំងស្ថិតនៅក្នុងឃុំពពេល ស្រុកសូទ្រនិគម ក្នុងរយៈពេល៣ឆ្នាំក្រោយមក អាកាសយានដ្ឋានថ្មីដែលទំនើប នឹងប្រាកដរូបរាងឡើងនហើយអាកាសយានដ្ឋានអន្តរជាតិថ្មីនេះ មិនត្រឹមតែបានបន្ថែមនូវសក្តានុពលឲ្យខេត្តសៀមរាប ស្រូបទាញយកកំណើនទេសចរណ៍ប៉ុណ្ណោះនោះទេ តែបានជួយអភិវឌ្ឍសេដ្ឋកិច្ចសង្គម ផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋ ពាំនាំមកនូវក្តីសង្ឃឹមថ្មី និងការប្រែប្រួលថ្មីជាវិជ្ជមាន ទៅដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាសហគមន៍ក្នុងតំបន់នេះ ផងដែរ ។
លោកបន្តថា ៦១ឆ្នាំបន្ទាប់ពីប្រទេសចិន និងកម្ពុជា បង្កើតបានទំនាក់ទំនងការទូតជាមួយគ្នាដ៏ល្អរៀងដរាបមក ប្រទេសទាំងពីរបានស្ថាបនាជាស្ថាពរ នូវភាពជាដៃគូយុទ្ធសាស្រ្ត សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ហើយថ្មីៗនេះ ប្រទេសទាំង២ បានចុះហត្ថលេខាជាមួយគ្នាលើផែនការសកម្មភាពជោគវាសនារួមគ្នា ខណៈដែលជាច្រើនឆ្នាំកន្លងមកនេះ ប្រទេសទាំង២ បានគាំទ្រគ្នា ជួយយកអាសារគ្នាជាបងប្អូនល្អ ជាដៃគូ និងជាមិត្តភក្តិដ៏ស្មោះត្រង់ ។

អាកាសយានដ្ឋានអន្តរជាតិ សៀមរាប អង្គរថ្មី ជាគម្រោងដ៏សំខាន់ដែលបានគាំទ្រដោយរដ្ឋាភិបាលទាំងពីរ កម្ពុជា ចិន ក្នុងគោលនយោបាយ(ខ្សែក្រវ៉ាត់មួយ និង ផ្លូវមួយ ) ហើយនៅថ្ងៃទី ១៣ តុលា ឆ្នាំ២០១៦ Yuntouគ្រុប និង ទីស្តីការគណៈរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន ធ្វើការចុះហត្ថលេខា ព្រមព្រៀង BOT ស្តីពីគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ ក្រោមអធិបតីភាព លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោកប្រធានាធិបតី ស៊ីជីង ពីង នៃសាធារណរដ្ឋប្រជាមានិតចិន ។
គម្រោងសាងសង់ព្រលានយន្តហោះនេះ មានចម្ងាយពីក្រុងសៀមរាប ៥១គីឡូម៉ែត្រ នៅលើផ្ទៃដី សរុប ៧០០ហិកតា ហើយសាងសង់តាមស្តង់ដាររចនាបថអាកាសយានដ្ឋាន លំដាប់ថ្នាក់ទី 4E ដែលអាចប្រតិបត្តិការយន្ត ហោះខ្នាតធំមានលេខកូដE ។
ម៉្យាងទៀតតាមកំណើននៃចរាចរណ៍ផ្លូវអាកាសនាពេលអនាគត និងត្រូវធ្វើការពង្រីកទៅជា អាកាសយានដ្ឋានប្រភេទ4F ហើយគម្រោងនេះ ប្រតិបត្តិការតាមកម្មវិធី BOT ដែលមានការវិនិយោគដោយ ក្រុមហ៊ុន វិនិយោគបរទេស និង យូណានព្រលានយនហោះគ្រុប ដែលបានបណ្តាក់ទុនវិនិយោគ ២២០លានដុល្លា ដើមី្បបង្កើត ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអង្គរ អ៊ិនវេសមេន (ខេមបូឌា) ខូអិលធីឌី (ហៅកាត់ក្រុមហ៊ុនអង្គរ) ដែលមានការទទួលខុស ត្រូវចំពោះការវិនិយោគលើគម្រោងសាងសង់ និង គ្រប់គ្រងប្រតិបត្តិការ ៕







