ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ដោយមើលឃើញពីការកកស្ទះឯកសារក្នុងការងារចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធចំពោះប័ណ្ណកម្មសិទ្ធិ ដែលត្រូវប្រថាប់ត្រាពន្ធស្មើសូន្យ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយអគ្គនាយកដ្ឋានពន្ធដារ បានធ្វើការរួមគ្នា ដើម្បីជំរុញ និងដោះស្រាយបញ្ហាដែលកំពុងកើតមានទៅលើឯកសារប្រមាណ ១៣ ម៉ឺន។
ក្រោមវត្តមានមន្ត្រីជាន់ខ្ពស់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានលោក សរ សុវណ្ណ រដ្ឋលេខាធិការជាអ្នកតំណាង និងលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ម្សិលមិញនេះ បានដឹកនាំកិច្ចប្រជុំ ស្តីពីការដោះស្រាយបញ្ហាឯកសារកកស្ទះ ក្នុងការងារចុះបញ្ជីដី មានលក្ខណៈជាប្រព័ន្ធ ចំពោះប័ណ្ណកម្មសិទ្ធិ ដែលត្រូវប្រថាប់ត្រាពន្ធស្មើសូន្យ។
-->
កន្លងមក មានការលើកឡើងថា មានការកកស្ទះឯកសារ នៅរដ្ឋបាលសារពើពន្ធ ចំពោះករណីប្រថាប់ត្រាពន្ធស្មើសូន្យ នូវការទទួលបានប័ណ្ណកម្មសិទ្ធិ ដែលលទ្ធកម្មកម្មសិទ្ធិបានពីអំណោយ ឪពុក ម្ដាយ ជីដូន ជីតា កូនបង្កើត បងប្អូនបង្កើត តាមរយៈប្រទានកម្ម ឬសន្តតិកម្ម តាមរយៈលិខិតលេខ ៣៥១៤ ដនស/អសដភ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ និងក្នុងសេចក្ដីប្រកាសព័ត៌មាននៃសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩។
ក្រោមការណែនាំពីលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានសុរិយោដីនិងភូមិសាស្ត្រ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានពិភាក្សា និងរៀបចំយន្តការដោះស្រាយដូចខាងក្រោម៖
* ស្ថាប័នទាំងពីរ ត្រូវសហការគ្នាដោះស្រាយករណីឯកសារកកស្ទះ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដោយកំណត់ឲ្យសម្រេចបាន ក្នុងរយៈពេល១ខែ តាមរយៈការបញ្ជូនមន្ត្រីថ្នាក់កណ្តាល ទាំងពីរ ស្ថាប័នចុះយុទ្ធនាការជួយខេត្ត ដែលបានការកកស្ទះឯកសារ និងបន្តអនុវត្តយន្តការ ដោះស្រាយដូចភ្លៀងរលឹម។
* មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី-ខេត្ត បញ្ជូនឯកសារដែលបានទទួល (File Sharing) ដោយបំពេញនូវពាក្យស្នើសុំ បង់ពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (FORM PT 02) ដើម្បីបញ្ចូលលក្នុងប្រព័ន្ធគ្រប់គ្រងរបស់អគ្គនាយកដ្ឋានពន្ធដារ ហើយជាមួយគ្នានេះ ស្ថាប័នទាំងពីរ នឹងចាត់មន្ត្រីជំនាញ នៅតាមទីតាំងដើម្បីសម្របសម្រួល ការបំពេញពាក្យស្នើសុំនេះ ឲ្យបានទាន់ពេលវេលា។
* ស្នើមន្ទីរជួយផ្សព្វផ្សាយ និងណែនាំប្រជាពលរដ្ឋបំពេញពាក្យ ស្នើសុំបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (FORM PT 02) ដើម្បីបានព័ត៌មានបញ្ចូលក្នុងប្រព័ន្ធ របស់អគ្គនាយកដ្ឋានពន្ធដារ
* ស្ថាប័នទាំងពីរ និងសហការរៀបចំ នូវការកំណត់ឯកសារតម្រូវ និងលិខិតគតិយុត្តិ ឲ្យមានសង្គតិភាព ដោយរៀបចំជាប្រកាសអន្តរក្រសួង ដើម្បីកំណត់ការបំពេញពាក្យស្នើសុំ (Form) រួមគ្នា
* អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំរួចរាល់ នឹងដាក់ឲ្យអនុវត្តនូវកម្មវិធី (Application) សម្រាប់ប្រើប្រាស់ក្នុងការត្រួតពិនិត្យឯកសារ ដែលបានបង់ពន្ធរួច
* ស្ថាប័នទាំងពីរ ពង្រឹងកិច្ចសហការគ្នា តាមរយៈការបង្កើត Telegram Group និងជួបប្រជុំជាប្រចាំ ដើម្បីផ្លាស់ប្ដូរព័ត៌មាន និងជំរុញការផ្ដល់សេវាចំពោះការផ្ទេរកម្មសិទ្ធិ ឲ្យបានឆាប់រហ័ស ទាន់ពេលវេលា ជូនប្រជាពលរដ្ឋ
* ស្ថាប័នទាំងពីរ នឹងរៀបចំជារបាយការណ៍រួមដើម្បីគោរពរាយការណ៍ជូនថ្នាក់ដឹកនាំនៃក្រសួងទាំងពីរ។
លោករដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋលេខាធិការ និងលោកប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងនាមជាសហប្រធាន បានប្តេជ្ញាគាំទ្រដល់ការ អនុវត្តនូវយន្តការ ដែលបានលើកឡើង ហើយគ្រប់អង្គភាពទទួលបន្ទុកអនុវត្ត នៃស្ថាប័នទាំងពីរ ត្រូវសហការគ្នាឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីដោះស្រាយនូវបញ្ហាកកស្ទះ និងអសកម្មនានា និងពង្រឹងប្រសិទ្ធភាព នៃការផ្តល់ សេវាសាធារណៈជូនប្រជាពលរដ្ឋ ដើម្បីជំរុញការចេញប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋ ហើយបន្តរក្សាបាននូវការអនុវត្តបានគ្រប់ជ្រុងជ្រោយ នូវយុទ្ធសាស្ត្រកៀរគរចំណូល របស់រាជរដ្ឋាភិបាលផងដែរ៕