Century21 Cambodia ផ្តល់ឱកាសការងារជិត៤០០០នាក់បន្ថែមធ្វើជាភ្នាក់ងារ ជំនាញអចលនទ្រព្យ

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ ក្រុមហ៊ុនCentury21 Cambodia ដែលកំពុងប្រតិបត្តិការយ៉ាងសកម្ម នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន នឹងពង្រីកការិយាល័យចំនួន៣៨បន្ថែមទៀត រួមជា​មួយនឹងការផ្តល់ឱកាសការងារចំនួន៣៨០០កន្លែង ក្នុងនាមជាភ្នាក់ងារអចលនទ្រព្យនៅកម្ពុជា។

បច្ចុប្បន្ននេះ ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Cemtury21 Cambodia បានធ្វើការអភិវឌ្ឍ និងបង្កើតការិយាល័យនៅទូទាំងប្រទេសបានចំនួន២៣ ដែលកំពុងតែមានសកម្មភាពយ៉ាងមមាញឹក នៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា ហើយនៅក្នុងផែនការរួមនឹងបង្កើតចំនួន៣៨ ការិយាល័យបន្ថែម ដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងពង្រឹងវិស័យមួយនេះឱ្យមានភាពរឹងមាំ។

នាយិកាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិប្រចាំនៅកម្ពុជា លោកស្រី Grace Rachny Fong បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ថា ចំនួនការិយាទាំង២៣ ដែលកំពុងតែប្រតិបត្តិការនៅពេលបច្ចុប្បន្ននេះ នៅមិនទាន់គ្រប់តម្រូវការទីផ្សារនៅឡើយនោះទេ ដែលចាំបាច់ត្រូវពង្រីក និងបង្កើនចំនួនការិយាល័យឱ្យបាន៣៨ទីតាំងបន្ថែមទៀត។

លោកស្រីបានបន្តទៀតថា “ការិយាល័យថ្មីទាំង៣៨នេះ នឹងដំណើរការក្រោមឈ្មោះ Century21 Zillion Holding ដែលជាក្រុមហ៊ុនថ្មីមួយ ក្នុងចំណោមក្រុមហ៊ុនទាំង ២៣ នៅកម្ពុជាដែលបានទទួលសិទ្ធិធ្វើអាជីវកម្ម លើម៉ាកយីហោក្រុមហ៊ុន Century21 នៅកម្ពុជា”។ លោកស្រីបន្តថា “ខុសប្លែកពីក្រុមហ៊ុនរួមគ្រួសារ Century21 ផ្សេងទៀតបន្តិចត្រង់ថា ប្រតិបត្តិការរបស់ក្រុមហ៊ុន Century21 Zillion Holding នឹងផ្តោតសំខាន់តែលើទីផ្សារដីធ្លីតែប៉ុណ្ណោះ រួមមានការទិញ លក់ និងជួល”។

ក្នុងចំណោមការិយាល័យថ្មីទាំង៣៨ ដែលនឹងត្រូវបង្កើតបន្ថែមទៀតនេះ គឺមានការិយាល័យ១៤ នឹងដាក់ទីតាំងនៅខណ្ឌទាំង១៤ នៅក្នុងរាជធានីភ្នំពេញ និងនៅ២៤ ខេត្ត / ក្រុង ផ្សេងទៀត នៅទូទាំងប្រទេសកម្ពុជា ដែលនឹងផ្តល់ឱកាសការងាររហូតដល់ប្រមាណ ៣៨០០កន្លែង ក្នុងនាមជាភ្នាក់ងារអចលនទ្រព្យនៅកម្ពុជា ៕

LEAVE A REPLY

Please enter your comment!
Please enter your name here