តើគួរវិនិយោគដីធ្លីយ៉ាងដូចម្តេចដើម្បីបានចំណេញច្រើន

0

ដោយស៊ីវ ម៉េង

ភ្នំពេញៈ តើអ្នកមានបំណងវិនិយោគលើដីធ្លីដែរឬទេ? មានប្រាក់ច្រើនកម្រិតណា​? គេហទំព័រPropertyarea.asia បាននាំយកចំណេះដឹងពីអ្នកជំនាញ ដើម្បីធ្វើជាមូល ដ្ឋានយកមកគិតពិចារណា និងវិភាគថាគួរវិនិយោគដីធ្លីនៅទីណា កន្លែងណាដែលទទួលបានប្រាក់ចំណេញច្រើននិងឆាប់រហ័ស។

ទិញដីក្នុងគោលបំណងអ្វី?

តើអ្នកមានបំណងទិញដី ដើម្បីទុកលក់យកប្រាក់ចំណេញ ឬទុកសាងសង់សំណង់នានា? លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងអគ្គនាយកក្រុមហ៊ុនKhmer Real Estate និងKW Cambodiaបានមានប្រសាសន៍ឲ្យដឹងថា ប្រសិនជាលោក អ្នកចង់ទិញដីដើម្បីសាងសង់ខុនដូ សាងសង់អាគារការិយាល័យ ឬសម្រាប់សាងសង់សណ្ឋាគារ សូមទិញដីនៅក្នុងខ័ណ្ឌចំការមន។

ប្រសិនជាចង់ទិញដីទុកលក់យកប្រាក់ចំណេញ រយៈពេលបីឆ្នាំខាងមុខ គួរទិញ​​​នៅតំបន់ទួលគោក និងតំបន់ភ្នំពេញថ្មី ប៉ុន្តែបើទិញដីដែលមានចម្ងាយពី៧ទៅ១០គីឡូ​ម៉ែត្រពីទីក្រុង ពួកគេត្រូវរង់ចាំដល់៧ឆ្នាំទើបចំណេញបាន។ បើទិញចម្ងាយប្រមាណ៣០គីឡូម៉ែត្រពីទីក្រុង គឺពួកគេអាចទទួលបានផលចំណេញនៅរយៈពេល១០ឆ្នាំក្រោយ។

ការទិញដីធ្លីជាការវិនិយោគត្រឹមត្រូវ និងមិនត្រឹមត្រូវ
លោកឧកញ៉ាគីម ហ៊ាងបានថ្លែងថា ការវិនិយោគដីធ្លី ជាការវិនិយោគដ៏ត្រឹមត្រូវ ប្រ​សិនជាលោក អ្នកសល់លុយដោយខ្លួនឯង មិនដឹងយកទៅវិនិយោគអ្វី ប៉ុន្តែប្រសិនជា​យកលុយបង្វិល ឬយកលុយពីធនាគារដើម្បីទិញដីវិនិយោគ អ្នកជំនាញរូបនេះបាន​និយាយថា “កុំអី” ព្រោះអ្នកខ្លះគិតថា ការប្រាក់ធនាគារ១ឆ្នាំ៨ភាគរយ ហើយដីឡើងថ្លៃ២០ភាគរយក្នុងមួយឆ្នាំ គឺអាចខ្ចីឥណទានពីធនាគារយកមកទិញបាន ប៉ុន្តែវាជា​ការយល់ច្រឡំ ព្រោះដីមិនងាយលក់ភ្លាមៗនោះទេ និងអាចមានភាពជាប់គាំងរយៈពេលពីរឬបីឆ្នាំ ពោលគឺត្រូវការពេលវេលា។

តំបន់ណាចំណេញលឿនជាងគេ

ការទិញដីដែលទទួលបានផលចំណេញលឿនជាងគេ គឺទិញនៅក្នុងខ័ណ្ឌសែន​សុខ ដង្កោ និងខ័ណ្ឌពោធិសែនជ័យ ពិសេសតំបន់ទួលគោក និងភ្នំពេញថ្មី ដោយសារ​តំបន់នេះដីនឹងឡើងថ្លៃទ្វេរដងនៅរយៈពេលពីរ ឬបីឆ្នាំខាងមុខនេះ។

ការវិនិយោគដីធ្លីមិនសុទ្ឋជាជម្រើសល្អ

ការវិនិយោគលើវិស័យដីធ្លី មិនសុទ្ឋតែជាជម្រើសល្អនោះទេ ព្រោះក្នុងវិស័យ​សំណ​ង់ និងអចលនទ្រព្យមានវិស័យផ្សេងៗទៀត ដែលអាចប្រមូលប្រាក់បានលឿនជាងវិស័យដីធ្លី។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានថ្លែងថា ប្រសិនជាអ្នកមានអាយុ៥០ឆ្នាំ ជាពេលដល់អាយុជិតចូល​និវត្តន៍ មិនគួរវិនិយោគលើវិស័យដីធ្លីនោះទេ គឺគួរទិញខុនដូ ទិញដីសាងសង់ផ្ទះជួល ឬទិញ​ផ្ទះល្វែងសម្រាប់ជួល ដែលអាចបានប្រាក់ភ្លាមៗត្រលប់មកវិញ។

ផ្ទុយទៅវិញប្រ​សិនជាលោក អ្នកមានអាយុចន្លោះពី៣០ទៅ៤០ឆ្នាំ គួរវិនិយោគលើវិស័យដីធ្លី ព្រោះ​ទិញដីមានផលចំណេញខ្ពស់ និងជាវ័យដែលលោក អ្នកកំពុងរកលុយបានច្រើន។

តើមានលុយអ្នកប៉ុន្មាន?

តើលោក អ្នកមានប្រាក់ប៉ុន្មាន មានស្ថានភាពជីវិតយ៉ាងដូចម្តេច? ព្រោះការ​សម្រេចចិត្តក្នុងលក្ខខ័ណ្ឌនេះ មានសារៈសំខាន់ មុនធ្វើការវិនិយោគក្នុងវិស័យនេះ។

ការវិនិយោគលើវិស័យអ្វីមួយ ក៏គួរមានលក្ខខ័ណ្ឌជាក់លាក់ទាក់ទងនឹង ចំនួនទុនវិនិយោគ លក្ខខ័ណ្ឌការងារ លក្ខខ័ណ្ឌជីវិតជាដើម ដោយលោកបានថ្លែងថា ប្រសិនជាអ្នកទើបរៀបការ ហើយសល់លុយ១០ម៉ឺនដុល្លារ គួរទិញផ្ទះសម្រាប់ស្នាក់នៅសិន ប្រសិនជាមានផ្ទះ ហើយសល់លុយគួរទិញដីទុក ហើយប្រសិនជាមានផ្ទះ​ស្នាក់នៅ និងមានដីរួចហើយ គួរទិញខុនដូ ព្រោះខុនដូជាវិស័យថ្មីមួយ ដែលកំពុងមានការពេញ​និយម និងបង្ហាញពីភាពស៊ីវិល័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here